ក្រសួង​ការងារ​ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បំពេញ​លក្ខខណ្ឌ​និង​កាតព្វកិច្ច​តាម​ច្បាប់​ស្ដីពី​សហជីព

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ណែនាំ​ឲ្យ​សហជីព សមាគម​នៅ​តាម​អង្គការ ស្ថាប័ន​វិជ្ជាជីវៈ​ពាក់ព័ន្ធ ដែល​ឋិត​ក្រោម​ច្បាប់​ការងារ ឲ្យ​បំពេញ​តាម​លក្ខខណ្ឌ និង​កាតព្វកិច្ច​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​សហជីព។

សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​ថ្ងៃ​ទី​២៨ ខែ​មិថុនា បញ្ជាក់​ថា ការ​បំពេញ​តាម​លក្ខខណ្ឌ និង​កាតព្វកិច្ច​តាម​ច្បាប់​សហជីព គឺ​នឹង​ជួយ​ធានា​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់ ធានា​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចរចា​ជា​សមូហភាព​រវាង​កម្មករ​និយោជិត និង​និយោជក ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ បង្កើន​ផលិតភាព និង​ការ​វិនិយោគ។

សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ច្បាប់​ស្ដីពី​សហជីព​បាន​ចូល​ជា​ធរមាន​ហើយ បន្ទាប់​ពី​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ សំដៅ​ដល់​វិស័យ​ដែល​ពាក់ព័ន្ធ​រួម​មាន សហជីព សមាគម​និយោជក​គ្រប់​ជាន់​ថ្នាក់ កម្មករ​និយោជិត និង​និយោជក ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ការងារ បុគ្គលិក​ធ្វើ​ការ​តាម​ផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦ បាន​អនុម័ត​ច្បាប់​ស្ដីពី​សហជីព​ដែល​មាន ១០០​មាត្រា និង ១៧​ជំពូក ដោយ​ពុំ​មាន​សំឡេង​ពី​បក្ស​ប្រឆាំង​ឡើយ។ ចំណែក​ក្រុម​សហជីព​កម្មករ​លើក​ឡើង​ថា ច្បាប់​នេះ​មាន​ចរិត​នយោបាយ មាន​ចំណុច​មួយ​ចំនួន​ផ្ទុយ​ពី​បទដ្ឋាន​ច្បាប់​អន្តរជាតិ និង​ពុំ​បាន​ការពារ​ប្រយោជន៍​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។