ACU ពិគ្រោះ​យោបល់​អំពី​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ការពារ​សាក្សី​និង​អ្នក​រាយការណ៍

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ការពារ​សាក្សី និង​បុគ្គល​រាយការណ៍ រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​ក្រុម​អ្នក​ច្បាប់ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត។

សិក្ខាសាលា​នេះ​មាន​គោលបំណង​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​សម្រាប់​រៀបចំ​សេចក្ដី​ព្រាង​បឋម​នៃ​ច្បាប់​ទាំង​ពីរ​នេះ ហើយ​ផ្ដល់​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ច្បាប់​ការពារ​សាក្សី និង​បុគ្គល​រាយការណ៍​ដល់​អ្នក​ចូលរួម​ពី​សំណាក់​ក្រុម​ការងារ និង​អ្នក​ជំនាញ​ផង​ដែរ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង បាន​លើក​ឡើង​ថា សាក្សី​ជា​តួអង្គ​យ៉ាង​សំខាន់ បើ​គ្មាន​សាក្សី​មិន​អាច​ឲ្យ​តុលាការ​រក​យុត្តិធម៌​បាន​នោះ​ទេ។ លោក​បន្ថែម​ថា ច្បាប់​ការពារ​សាក្សី​នេះ នឹង​ចូលរួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាព យុត្តិធម៌ និង​ការ​បង្ក្រាប​បទល្មើស​តាម​រយៈ​ការ​បង្កើត និង​ពង្រឹង​យន្តការ​ធានា និង​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​សាក្សី និង​បុគ្គល​រាយការណ៍។

ទន្ទឹម​គ្នា​នេះ នាយក​ប្រត្តិបត្តិ​នៃ​អង្គការ​តម្លាភាពកម្ពុជា លោក ព្រាប កុល ថ្លែង​ថា កន្លង​មក​សាក្សី​មួយ​ចំនួន​ហាក់​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​រាយការណ៍​អំពី​បទល្មើស ប៉ុន្តែ​នៅ​ពេល​មាន​ច្បាប់​ការពារ​សាក្សី​ដូច្នេះ លោក​សង្ឃឹម​ថា ពួកគាត់​នឹង​មាន​ភាព​កក់ក្ដៅ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដើម្បី​រួម​ចំណែក​ប្រឆាំង​អំពើ​ពុករលួយ និង​ប្រឆាំង​បទល្មើស​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។