វីដេអូ​៖ ភេរវជន​ត្រូវ​បាន​សម្លាប់​មុន​បំផ្ទុះ​ខ្លួន នៅ​ព្រលាន​យន្ដហោះ​អ៊ីស្ដង់ប៊ូល

ជាកាយវិការដ៏គួរឲ្យកោតសរសើរ របស់ភ្នាក់ងារនគរបាល ទួរគី មួយរូប ដែលបានបាញ់បង្ក្រាប ភេរវជន​ធ្វើ​អត្តឃាត​ម្នាក់ នៅ​មុន​ពេល​ជននេះ បំផ្ទុះគ្រាប់បែកនឹងខ្លួនឯង នៅព្រលានយន្ដហោះ នៃក្រុងអ៊ីស្តង់ប៊ូល ប្រទេស​ទួរគី កាលពី​យប់​ម្សិល​ម៉ិញ។ ទង្វើរបស់នគរបាល ទំនងជាបានជួយសង្គ្រោះ ជនរងគ្រោះជា​ច្រើន​នាក់ ពីការ​បំផ្ទុះ​គ្រាប់​បែក របស់​ភេរវជន។
វីដេអូ​៖ ភេរវជន​ត្រូវ​បាន​សម្លាប់​មុន​បំផ្ទុះ​ខ្លួន នៅ​ព្រលាន​យន្ដហោះ​អ៊ីស្ដង់ប៊ូល

រូបភាពបង្ហាញពីការបាញ់​បង្ក្រាប ទៅលើភេរវជន ពីសំណាក់ភ្នាក់ងារនគរបាលម្នាក់។ (រូបថតផ្តិតពីវីដេអូ)

បញ្ជាក់៖ រូបភាពអាចធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍។

ជារូបភាពមួយ នៃហេតុការណ៍នៅមុនវិនាសកម្ម ដោយភេរវកម្ម​នៅព្រលានយន្ដហោះ ក្រុងអ៊ីស្តង់ប៊ូល នៃ​ប្រទេស​ទួរគី កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ម្សិលម៉ិញ។ ក្នុងព្រឹត្តិការណ៍នេះ ដែលទំនងជាបង្កឡើង ដោយ​ភេរវជន​ធ្វើអត្តឃាត ចំនួនពីរនាក់ បានសម្លាប់មនុស្សយ៉ាងហោច ៣៦នាក់ និងរបួសច្រើនសិបនាក់ទៀត។ តែ​តុល្យភាព អាចនឹងមានភាពធ្ងន់ធ្ងរខ្លាំងជាងនេះ ប្រសិនជាភ្នាក់ងារនគរបាលម្នាក់ មិនបានធ្វើ​ប្រតិកម្ម​ទាន់​ពេល។

នៅក្នុងវីដេអូខាងក្រោម គេបានឃើញភ្នាក់ងារនគរបាលរូបនោះ ដែលបានលាក់ខ្លួន នៅក្រោយជញ្ជាំង បាន​រង់ចាំ​ភេរវជនអត្តឃាតនោះ មកក្បែរខ្លួនបន្តិច ទើបបានបើកការបាញ់បង្ក្រាប ទៅលើជននោះ ដោយដេក​ដួល​ទៅ​លើ​ដី។ សកម្មភាពបាញ់បង្ក្រាបនេះ ធ្វើឡើង ដោយមិនខ្លាចពីគ្រោះថ្នាក់ដល់ជីវិត ដោយហេតុថា គ្រាប់​បែក​ដែល​នៅ​ជាប់​នឹងខ្លួនភេរវជន អាចផ្ទុះឡើងនៅគ្រប់ពេលទាំងអស់។

ក្នុងពេលបាញ់បង្ក្រាបនោះ មនុស្សជាច្រើននាក់នៅជុំវិញ បានរត់គេចខ្លួន មុននឹងនគរបាលរូបនោះ បាន​លោត​គេច​ខ្លួន​ដែរ។ នៅប៉ុន្មានវិនាទីក្រោយមក ទើបគ្រាប់បែករបស់ភេរវជនរូបនោះ បានផ្ទុះឡើង។

» រូបភាពវីដេអូ ស្ដីពីការបង្ក្រាបភេរវជន៖

» រូបភាពវីដេអូមួយទៀត បង្ហាញពីការបំផ្ទុះគ្រាប់បែក នៅកន្លែងផ្សេង៖