ប្រជាពលរដ្ឋ​ស្រុក​ច​ន្ទ្រា និង​ស្រុក​កំពង់​រោ​ទិ៍​ត្អូញត្អែ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ

ខេត្តស្វាយរៀង ៖ ផ្លូវ​ចំនួន​០៤​ខ្សែ​ត្រូវ​ខូច​ស្ទើរ​ទាំងស្រុង​ដោយសារ​តែ​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ធ្វើ​ចរាចរណ៍​បណ្តាល​ឲ្យ​ស្រុត​ខូច​ជា​រណ្តៅ​ជង្ហុក​ក្រហេងក្រហូង​បែក​ល្បាប់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើ​រយៈពេល​មួយ​ខែ​នេះ​។ ទាក់ទិន​ករណី​ផ្លូវ​ស្រុត​ខូច​នេះ​ដែរ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែ​ប្រាប់​អ្នក​យក​ព​ត៌​មាន​នា​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ថា​ផ្លូវ​ចំនួន​០៣​ខ្សែ​ត្រូវ​ស្រុត​ខូច កន្លែង​ខ្លះ​ក្លាយជា​រណ្តៅ​ក្រហេងក្រហូង និង​មានទឹក​ដក់​ហើយ​បែក​ល្បាប់រ​អឹ​ល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ជា​ពិសេស​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​សាលារៀន និង​មាន​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ពេល​យប់​ពិបាក​ខ្លាំង​ណាស់​។

ផ្លូវ​ទី​១​គឺ​ចាប់ពី​ភូមិ​មេបុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ដល់​ភូមិ​មន្ទីរ ឃុំ​ច្រេះ រហូត​ដល់​ភូមិ​តែង​ម៉ៅ ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា​។ ផ្លូវ​ទី​២​ចាប់ពី​ផ្លូវជាតិ​លេខ​១(​ខាងលិច​ផ្សារ​ជី​ភូ​២០០​ម៉ែត្រ​) គឺ​ភូមិ​រៀម​ជោ ឃុំ​ស្វាយ​តា​យាន​ស្រុក​កំពង់​រោ​ទិ៍​ដល់​ភូមិ​ខាងលិច​វត្ត ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍​។ ផ្លូវ​ទី​៣ ផ្លូវលំ​ក្នុងភូមិ​ឬ​ស្សី​អម ឃុំ​ខ្សែ​ត្រ​និង​ភូមិ​ព្រៃ​ម្នាស់ ឃុំ​សំ​ទី ស្រុក​កំពង់​រោ​ទិ៍ ខូច​ទាំងស្រុង​រអិលខ្លាំង​ណាស់​មិន​ទាន់​មាន​គម្រោង​ជួសជុល​ទេ​។ ផ្លូវ​ទី​៤ គឺ​ផ្លូវ​លេខ​៣១៤D ចាប់ពី​ផ្សារ​ប្រសូតិ ស្រុក​ស្វាយ​ទាប ឆ្ពោះទៅ​សាលាស្រុក​កំពង់​រោ​ទិ៍ គឺ​ផ្លូវ​ដែល​ខូច​បែក​ល្បាប់​រអិលខ្លាំង គឺ​ចាប់ពី​ភូមិ​ព្រៃ​ននោង​ឃុំ​ញរ ដល់​សាលាស្រុក​កំពង់​រោ​ទិ៍​ប្រវែង​ជាង​០៨​គីឡូម៉ែត្រ​។

លោក​ហុ​កបូ​ទី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ចំពោះ​ផ្លូវ​ទី​១ ពី​ភូមិ​មេបុណ្យ​ឃុំ​ព្រៃ​គគីរ​ស្រុក​ច​ន្ទ្រា​ដល់​ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា​គឺ​រដ្ឋ​មាន​គម្រោង​សាងសង់​រួច​ហើយ​ក៏​ប៉ុន្តែ​អនុវត្តន៍​តាម​គម្រោង​ពហុ​ឆ្នាំ​អាស្រ័យ​លើ​ថវិកា​។ ចំណែក​ផ្លូវលំ​ទី​២ ចាប់ពី​ភូមិ​រៀម​ជោ​ឃុំ​ស្វាយ​តា​យាន​ស្រុក​កំពង់​រោ​ទិ៍​ដល់​ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ គឺ​មាន​គម្រោង​ជួសជុល​។ ហើយ​ចំពោះ​ផ្លូវលំ​ចំនួន​០៣​ខ្សែ​នេះ​មានការ​ស្រុត​ខូច​ខ្លាំង​គឺ​ចាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​អំឡុង​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០១៦​កន្លង​មក​ដល់​ពេល​នេះ​ដោយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ និង​រថយន្ត​ដឹក​កម្មករ​កម្មការិនី​ឡើង​មក​ផ្លូវជាតិ​លេខ​១​ដើម្បី​ទៅ​ធ្វើការ​នៅ​រោងចក្រ​ក្រុង​បា​វិត ធ្វើ​ឲ្យ​ផ្លូវលំ​ខូច​បែក​ល្បាប់​រអិលខ្លាំង​ម៉ូតូ​កង់​មិន​អាច​ធ្វើ​ដំណើរ​បាន​។ រីឯ​ផ្លូវ​ទី​៤​គឺ​ផ្លូវ​លេខ​៣១៤D គឺ​ទទួល​សាងសង់​ដោយ​ក្រុមហ៊ុន​ស៊ី​ណូ​ហា​យ​ដ្រូ (​ក្រុមហ៊ុន​ចិន​)​ចាប់ពី​ផ្លូវជាតិ​លេខ​១​ចំណុច​ផ្សារ​ប្រសូតិ​ស្រុក​ស្វាយ​ទាប​ដល់​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល័ ភូមិ​ព្រៃ​វ​ល្ល័ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍​ប្រវែង​២៨​គីឡូម៉ែត្រ បច្ចុប្បន្ន​ខូច​ចាប់ពី​ភូមិ​ព្រៃ​ននោង ឃុំ​ញរ ដល់​សាលាស្រុក​កំពង់​រោ​ទិ៍​ប្រវែង​ជាង​៨​គីឡូម៉ែត្រ​។

បើ​តាម​មន្ត្រី​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស៊ី​ណូ​ហា​យ​ដ្រូ បាន​ដេញថ្លៃ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ម៉ៅ​ការ​សាងសង់​បន្ត ហើយ​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​បាន​ជួល​ក្រុមហ៊ុន​ផ្សេង​ទៀត​មក​ដឹក​ដី​ម៉ៅ​ការ​បន្ត ហើយ​នៅ​ខែមិថុនា ឆ្នាំ​២០១៦​នេះ ក្រុមហ៊ុន​ម៉ៅ​ការ​ពី​ក្រុមហ៊ុន​ស៊ី​ណូ​ហា​យ​ដ្រូ​គ្មាន​ប្រាក់​ឲ្យ​គ្រឿងចក្រ​ទាំងនោះ ក្រុម​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​បាន​នាំ​គ្នា​បិទ​ការដ្ឋាន​ដក​គ្រឿងចក្រ​ចេញពី​ការដ្ឋាន ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ម្ចាស់​គ្រឿងចក្រ​បាន​រត់​ចោល​ការដ្ឋាន​។ ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ស៊ី​ណូ​ហា​យ​ដ្រូ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩​មិថុនា​នេះ​ទូរ​សព្ទ័​មិន​ចូល​បិទ​ទូរ​សព្ទ័​៕