មួយ​យប់​ចាប់​រថយន្ត​ទំនើប​ពីរ​គ្រឿង ពាក់​ស្លាក​លេខ​ដូច​គ្នា

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ស៊េរី​ទំនើប​ចំនួន​ពីរ​គ្រឿង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​បង្ក្រាប​ខណៈ​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចេញពី​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ទៅ​កាន់​ខេត្តរតនគិរី កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​។ ការ​បង្ក្រាប​រថយន្ត​ស៊េរី​ទំនើប​ប្រភេទ​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ទាំង​ពីរ​ខាងលើ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​ព្រំប្រទល់​ខេត្ត​ទាំង​ពីរ​បាន​ឃាត់​ចាប់​នៅ​វេលា​ម៉ោង​ខុស​គ្នា​គោលដៅ​ខុស​គ្នា​ក្នុង​យប់​តែ​មួយ តែ​មិន​គួរ​ឲ្យ​ជឿ​រថយន្ត​ដែល​កម្លាំង​រាជ​អាវុធហត្ថ​បង្ក្រាប​ទាំង​ពីរ​គ្រឿង​នោះ​បែរជា​ពាក់​ស្លាក​លេខ​ដូច​គ្នា និង​ភិនភាគ​ប្រភេទ​រថយន្ត​ដូច​គ្នា​ថែម​ទៀត​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​០៨​និង​១៨​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​ស្នាក់​ការ​៧៨១​ជាប់​ព្រំប្រទល់​រតនគិរី និង​ស្ទឹង​ត្រែង​បាន​ឃាត់​ចាប់​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-1365 ចេញ​ភូមិសាស្ត្រ​ភូមិ​ស្រែ​គ និង​ភូមិ​ស្រែ​សាមី ស្រុក​សេ​សាន​។ មន្ត្រី​ដដែល​បន្ត​ថា​ក្រោយ​ការ​ចាប់​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​នោះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំ​ផាត់​យក​ទៅ​រក្សា​ទុក​។ ក្រោយ​ការ​ចាប់​រថយន្ត​ខាងលើ​នោះ​លោក​អនុសេនីយ៍ឯក ហង្ស វុ​ទ្ធី ជំនួយការ​ស្នាក់​ការ​៧៨១​ប្រចាំ​ព្រំប្រទល់​រតនគិរី​ក៏​បាន​រក​ឃើញ​ស្លាក​លេខ​ពីរ​បន្ទះ​ទៀត​ក្នុង​រថយន្ត​ប្រព្រឹត្ត​បទល្មើស​ដែល​ជា​ស្លាក​លេខ​សម្រាប់​បំភាន់ គឺ​លេខ ភ្នំពេញ​2Z-6061​។

ចំណែក​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សេ​សាន​ដឹកនាំ​ដោយ​លោក សុខ រិ​ទ្ធី មេបញ្ជាការ​ស្រុក​សេ​សាន​បាន​ឃាត់​ចាប់​រថយន្ត​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក់​លេខ​ភ្នំពេញ 2X-1365 នៅ​ចំណុច​ស្រែ​តា​ចាន់​ភូមិ​ស្រែ​គ​១ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន​។ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សេ​សាន​លោក សុខ រិ​ទ្ធី បាន​បញ្ជាក់​ថា​នៅ​យប់​ថ្ងៃ​ទី​២៧​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៧៨១​ខេត្តរតនគិរី​បាន​ឃាត់​ចាប់​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​លំ​ផាត់ ដោយឡែក​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សេ​សាន បាន​ឃាត់​ចាប់​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ប្រណីត​មួយ​គ្រឿង​ដូច​គ្នា​ខណៈ​រថយន្ត​នោះ​ចេញពី​ភូមិ​ស្រែ​គរ បម្រុង​ដឹកឈើ​បញ្ច្រាស​មក​ភូមិ​ច្រប់​ឡើង​ទៅ​តាម​ផ្លូវជាតិ​ថ្មី​ឆ្ពោះទៅ​កាន់​ខេត្តរតនគិរី​។

ពាក់ព័ន្ធ​កា​បង្ក្រាប​បទល្មើស​ព្រៃឈើ​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​តាម​រថយន្ត​ស៊េរី​ទំនើប​ទាំងនេះ​គេ​សង្កេត​ឃើញ​ការ​រៀបចំ​តុបតែង​បន្លំ​ភ្នែក​សមត្ថកិច្ច​ពិតជា​អស្ចារ្យ​មែន​តែបើ​គេ​ងាក​ទៅ​មើល​រថយន្ត​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​បង្ក្រាប​នោះ​គឺ​មាន​ពណ៌​សប្បុរ​ភិនភាគ​ដូច​គ្នា​ស្លាក់​លេខ​ដូច​គ្នា​តែ​ខុស​តែ​បន្តិច​ត្រង់​កាង​ផ្នែក​ខាង​មុខ​រថយន្ត​មួយ​គ្រឿង​មាន​ស្នាម​រលាត់​ទឹក​ថ្នាំ​ជាប់​ស្លាក​លេខ​។ ក្រោយ​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ខាងលើ​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សេ​សាន​បាន​នាំ​យក​រថយន្ត​នោះ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​រួម​ជាមួយ​ជន​ពាក់ព័ន្ធ​ចំនួន​ពីរ​នាក់​ដែល​មាន​ម្នាក់​ឈ្មោះ ធី អ៊ុត ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ និង​ម្នាក់​ទៀត​មានឈ្មោះ ភី ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ស្រែ​គ​១ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។

បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ប្រគល់​វត្ថុ​តាង​នៃ​បទល្មើស​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​វាស់វែង​តាម​នីតិវិធី​។ ជាក់ស្តែង​វត្ថុ​តាង​ដែក​រឹបអូស​មាន​ចំនួន​៦៧​សន្លឹក​ស្មើ​០,៨៤២​ម៉ែត្រគូប ជា​ប្រភេទ​ឈើ​ធ្នង់​។ បច្ចុប្បន្ន​ជំនាញ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​ដើម្បី​រង់ចាំ​បង់​ផាកពិន័យ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​៕ ​