ជនជាតិ​ឡាវ​នាំ​គ្រឿងញៀន​រាប់​គីឡូក្រាម​ចេញពី​ស្ទឹងត្រែង​មក​ភ្នំពេញ​ ត្រូវជាប់អន្ទាក់​សមត្ថកិច្ច​

ជនជាតិ​ឡាវ​នាំ​គ្រឿងញៀន​រាប់​គីឡូក្រាម​ចេញពី​ស្ទឹងត្រែង​មក​ភ្នំពេញ​ ត្រូវជាប់អន្ទាក់​សមត្ថកិច្ច​



ភ្នំពេញ​ ៖​ កម្លាំង​មន្ទីរ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ បាន​តាម​​​ចាប់​បង្ក្រាប​គ្រឿងញៀន​ រហូត​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ និង​ខ្មែរ​ម្នាក់​ ដែល​ហ៊ាន​ចរាចរ​គ្រឿង​ច្រើន​គីឡូ ​តាម​រថយន្ត​​​ឈ្នួល​ស្ទឹងត្រែង​មក​ភ្នំពេញ។

ហេតុការណ៍​ចាប់​បង្ក្រាប​គ្រឿងញៀន​ជាក់ស្ដែង​នោះ ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​ ខណៈ​រថយន្ត​រថយន្ត​​ ​ឈ្នួល​១​គ្រឿង​នោះ ​បើក​មកដល់​ចំណុច​ខាង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​ហៅ​ពេទ្យ​ធំ ​ផ្លូវ​លេខ​៤៧​ ក្នុង​សង្កាត់ ​ស្រះចក​ខណ្ឌ​ដូនពេញ។

ក្នុង​ប្រតិបត្តិការ​ចាប់​បង្ក្រាប​នោះ​ដែរ​ កម្លាំង​នគរបាល​នៃ​មន្ទីរ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដំបូង​ ​កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ថា​ មាន​រថយន្ត​​​​​​​ឈ្នួល​មួយ​គ្រឿង​​​ពាក់​ស្លាក​លេខ​ភ្នំពេញ​២Z ៧០ ៣៩ ដែល​រត់​ពី​ស្ទឹងត្រែង​មក​ភ្នំពេញ ​បាន​ដឹក​មេខ្លោង​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់​ឆ្ពោះ​មក​ភ្នំពេញ។ បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ដូច្នេះ​ ហើយ​ ពេល​ដែល​រថយន្ត​ រថ​ឈ្នួល​មួយ​គ្រឿង​នោះ ​បើក​មកដល់​ខាងមុខ​មន្ទីរពេទ្យ​ធំ​តាម​ផ្លូវ​លេខ​៤៧, ​​​កម្លាំង​របស់​មន្ទីរ​គ្រឿង​ញៀន​ដែល​ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន​និង​ខ្លះ​ទៀត​ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី​គ្រប់​ដៃ ​ក៏​បាន​ប្រតិបត្តិ​ការ​បង្ក្រាប​ជាក់​ស្តែង​នៅ​ទីនោះ​តែ​ម្តង​ ដោយ​ឃាត់​ខ្លួន​អ្នក​បើកបរ​​ចាប់​វ៉ៃ​ខ្នោះ​​ភ្លាមៗ ​ឲ្យ​ដេក​ក្រាប​នៅ​ក្បែរ​ឡាន​របស់​ខ្លួន។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ចំណែក​ជនជាតិ​ឡាវ​ម្នាក់​ដែល​ជា​មុខសញ្ញា​គ្រឿង​បាន​ប្រញាប់​រត់​ចេញពី​ក្នុង​រថយន្ត​រថ​ឈ្នួល​១​គ្រឿង​នោះ​​ ​រត់គេច​ខ្លួន​​​ចូល​បរិវេណ​មន្ទីរពេទ្យ​ធំ​ ហើយក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​តាម​ប្រមាញ់​ចាប់​បាន​ភ្លាមៗ​ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​០៤​កញ្ចប់​ធំៗ​ច្រើន​គីឡូក្រាម​រួម​ទាំង​ម៉ា​ទឹកកក​ប្រហែលជា​ជិត​២​គីឡូ​ថែមទៀត។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិ​ការ​​ចាប់​បង្ក្រាប​នោះ​ដែរ​កម្លាំង​ជំនាញ​បាន​ប្រញាប់​បញ្ជូន​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង​ជនជាតិ​ឡាវ​ និង​ខ្មែរ​ជា​អ្នក​បើកបរ​​​​​​រថយន្ត​ឈ្នួល​រូប​នោះ​ទៅ​មន្ទីរ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​ស្រាវជ្រាវ​រក​មេខ្លោង​ធំ​បន្ត​ទៀត ​និង​កសាង​នីតិ​វិធី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕
ជនជាតិ​ឡាវ​នាំ​គ្រឿងញៀន​រាប់​គីឡូក្រាម​ចេញពី​ស្ទឹងត្រែង​មក​ភ្នំពេញ​ ត្រូវជាប់អន្ទាក់​សមត្ថកិច្ច​

ជនជាតិ​ឡាវ​នាំ​គ្រឿងញៀន​រាប់​គីឡូក្រាម​ចេញពី​ស្ទឹងត្រែង​មក​ភ្នំពេញ​ ត្រូវជាប់អន្ទាក់​សមត្ថកិច្ច​