វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា​ផ្ដល់​អាហារូបករណ៍​១៥​កន្លែង​រៀន​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន ១៥​កន្លែង​ដល់​អ្នក​សារព័ត៌មាន អ្នក​បម្រើ​ការ​ក្នុង​វិស័យ​ព័ត៌មាន និង​ផ្នែក​ទំនាក់ទំនង ដើម្បី​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «សិទ្ធិ​ទទួល​បាន​ព័ត៌មាន»

សេចក្ដី​ជូន​ដំណឹង​ពី​អាហារូបករណ៍​នេះ ឲ្យ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល ៦​ខែ​ដោយ​ចាប់​ផ្ដើម​ពី​ខែ​សីហា ឆ្នាំ​២០១៦ បញ្ចប់​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ វគ្គ​បណ្ដុះបណ្ដាល​នេះ​បែង​ចែង​ជា ២​ផ្នែក គឺ​ដំណាក់​កាល​ទី​១ សិក្សា​ពី​ចំណេះ​ដឹង​លើ​ជំនាញ​សិទ្ធិ​ទទួល​ព័ត៌មាន ការ​សរសេរ​ព័ត៌មាន​បែប​ស៊ើប​អង្កេត និង​ក្រម​សីលធម៌​សារព័ត៌មាន។ ចំណែក​ដំណាក់​កាល​ទី​២ គឺ​ជា​ការ​អនុវត្ត​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​នេះ​រួម​មាន បេក្ខជន​ត្រូវ​ជា​អ្នក​សារព័ត៌មាន និង​ទំនាក់ទំនង ត្រូវ​មាន​ការ​បញ្ជាក់​ពី​ស្ថាប័ន ឬ​ការ​អះអាង​ពី​សាមីជន​ថា នឹង​ចូល​រៀន​ឲ្យ​បាន​ទៀងទាត់​តាម​លក្ខខណ្ឌ និង​តម្រូវ​ការ​របស់​វគ្គ​បណ្ដុះបណ្ដាល និង​ធ្លាប់​បាន​សរសេរ ឬ​ផលិត​ឯកសារ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​ពេល​កន្លង​មក។

ចំពោះ​បេក្ខជន​ដែល​មាន​បំណង​ចូលរួម​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នេះ ត្រូវ​ធ្វើ​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៨ ខែ​កក្កដា ម៉ោង ១៦​រសៀល។ ចំពោះ​ព័ត៌មាន​លម្អិត អាច​សាកសួរ​តាម​រយៈ​ទូរស័ព្ទ ០២៣ ៦៥១ ០៣៣៣ និង ០៨៩ ៨៧៨ ៧៦៤ ឬ​តាម​សារ​អេឡិចត្រូនិក [email protected]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។