សង្គម​ស៊ីវិល​ថ្កោលទោស​លើ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​លើ​អ្នកស្រី យ៉ោម បុប្ផា

សង្គម​ស៊ីវិល​ជិត ៣០​ស្ថាប័ន នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ថ្កោលទោស​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ដែល​បាន​សម្រេច​ឲ្យ​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​តំបន់​បឹងកក់ មាន​កំហុស​ក្រោយ​សវនាការ​សាឡើងវិញ លើ​ករណី​ហិង្សា​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​កាល​ពី​ឆ្នាំ​២០១២។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា ទាក់ទិន​នឹង​ការ​វាយ​ដំ​មួយ​ក្បែរ​ផ្ទះ​អ្នកស្រី​កាល​ពី​ខែ​សីហា ឆ្នាំ​២០១២។ អ្នកស្រី​ត្រូវ​បាន​តុលាការ​កាត់​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ចំពោះ​ការ​ផ្ដន្ទាទោស​នេះ តុលាការ​កំពូល បាន​បង្គាប់​ឲ្យ​ដោះ​លែង​អ្នកស្រី​បណ្ដោះអាសន្ន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ហើយ​បង្វិល​ករណី​នេះ​ត្រឡប់​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​ឡើង​វិញ។

សង្គម​ស៊ីវិល​បញ្ជាក់​នៅ​ពេល​នេះ​ថា បើ​ទោះ​បី​ជា​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​ចំណាយ​ពេល​អស់​រយៈពេល​ជាង ២​ឆ្នាំ​បន្ថែម​ទៀត​ក៏ដោយ ក៏​អាជ្ញាធរ​បាន​ខកខាន​សាជាថ្មី​ក្នុង​ការ​ស្វែងរក​ភស្តុតាង​បញ្ជាក់​ថា អ្នកស្រី យ៉ោម បុប្ផា ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​រក​ឃើញ​កំហុស​របស់​អ្នកស្រី យ៉ោម បុប្ផា ជា​ថ្មី ដោយ​សាលា​ឧទ្ធរណ៍ នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​កំណត់​ក្នុង​ការ​ប៉ុនប៉ង​បំបិទ​សំឡេង ដោយសារ​តែ​អ្នកស្រី​ជា​សកម្មជន​ការពារ​សិទ្ធិ​សហគមន៍​ដ៏​សកម្ម​ម្នាក់។

ទោះ​បី​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​យល់​ថា ការ​សម្រេច​របស់​តុលាការ​ពុំ​មែន​ជា​ករណី​តែ​មួយ​ទេ។ ពួក​គេ​ថា មាន​ករណី​ផ្សេង​ទៀត​រួម​មាន សកម្មជន​ដីធ្លី អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ដែល​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ស្រប​ច្បាប់ ក៏​ត្រូវ​បាន​យាយី និង​បំភិត​បំភ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។