គ្រាន់តែ​ជួសជុលផ្ទះ​កម្រិត​តូចតាច​ ត្រូវ​អ្នក​ក្បែរ​ខាង​ជា​មន្ត្រីរាជការ​ប្តឹង​ទារ​លុយ​ជិត​២០​ម៉ឺន​ដុល្លារ​ទៅ​តុលាការ​


​ដំណើរការ​ជួសជុលផ្ទះ​សម្បែង​កម្រិត​តូចតាច​(​មិន​ប្រើ​ម៉ាស៊ីន​បុក​គ្រឹះ​)​ របស់​លោក​ ជា​ សុខា​ មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ស្ថាប័ន​ព្រឹទ្ធសភា​ ឋិត​នៅ​ផ្លូវ​លេខ​៦៣​ (​ផ្លូវ​ត្រសក់ផ្អែម​)​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​អ្នក​ជិតខាង​ គឺ​ត្រូវ​បាន​លោក​ ម៉ប់​ សុ​ខុន​ ជា​មន្ត្រី​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ ប្តឹង​ទាមទារ​សំណង​ការ​ខូចខាត​ និង​ជំងឺ​ចិត្ត​ រហូត​ដល់​១៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​ស្ថាប័ន​តុលាការ​ រួម​មាន​ ទាំង​សំណុំរឿង​ព្រហ្មទណ្ឌ​ផង​ (​ចោទប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ និង​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​)​ ទាំង​សំណុំរឿង​រដ្ឋប្បវេណី​ផង​ ។​

​យោង​តាម​ឯកសារ​ជា​ព័ស្តុតាង​បាន​បង្ហាញ​ថា​ បន្ទាប់​ពី​លោក​ ជា​ សុខា​ ធ្វើការ​ជួសជុលផ្ទះ​សម្បែង​របស់​ខ្លួន​នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​មក​ លោក​ ម៉ប់​ សុ​ខុន​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្តឹង​សុំ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ ហាមឃាត់​ និង​ផ្អាក​មិន​ឲ្យ​លោក​ ជា​ សុខា​ សាងសង់​ រុះរើ​ ជីក​បុក​គ្រឹះ​ និង​ធ្វើ​សំណង់​សំ​យ៉ាប​ផ្ទះ​ ដែល​ជា​ផ្ទះ​វិវាទ​បណ្តោះអាសន្ន​ រង់ចាំ​តុលាការ​សម្រេច​រឿង​អង្គសេចក្តី​ចប់​ជា​ស្ថាពរ​ ហើយ​ត្រូវ​បាន​លោក​ កោ​ វ​ណ្ឌី​ អនុប្រធាន​ និង​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​៤៧១"​ឆ​"​ ភ​.​ព​.​កា​ ចុះ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ សម្រេច​តាម​កម្មវត្ថុ​បណ្តឹង​របស់​លោក​ ម៉ប់​ សុ​ខុន​ ជាដើម​ចោទ​ (​ម្ចាស់បំណុល​)​ ។​

​នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លោក​ ម៉ប់​ សុ​ខុន​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ប្តឹង​លោក​ ជា​ សុខា​  និង​ភរិយា​ចោទប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ និង​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​ និង​ទាមទារ​សំណង​ការ​ខូចខាត​ចំនួន​១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ និង​ជំងឺ​ចិត្ត​ ព្រមទាំង​សេវា​ផ្សេងៗ​ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

​តម​ក​ទៀត​ លោក​ ម៉ប់​ សុ​ខុន​ ជាដើម​ចោទ​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ប្តឹង​លោក​ ជា​ សុខា​ និង​ភរិយា​ ទាមទារ​សំណង​ការ​ខូចខាត​គ្រឹះ​ផ្ទះ​តម្លៃ​១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ និង​សំណង​ជំងឺ​ចិត្ត​ ព្រមទាំង​សេវា​ផ្សេងៗ​ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ពី​ចុង​ចម្លើយ​ ។​

​នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ អាជ្ញាធរ​ខណ្ឌដូនពេញ​ និង​មន្ត្រី​ជំនាញ​សុរិយោដី​ និង​សំណង់​ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ផ្ទះ​ទំនាស់​ផ្ទាល់​ ដើម្បី​វាយតម្លៃ​អំពី​ទំហំ​នៃ​ការ​ខូចខាត​គ្រឹះ​ផ្ទះ​របស់​លោក​ ម៉ប់​ សុ​ខុន​ តាម​ការ​បង្គាប់​របស់​តុលាការ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ក្តីក្តាំ​នេះ​ កំពុង​រង់ចាំ​មើល​នូវ​លទ្ធផល​នៃ​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ និង​ទំហំ​នៃ​ការ​ខូចខាត​គ្រឹះ​ផ្ទះ​របស់​លោក​ ម៉ប់​ សុ​ខុន​ ដោយសារ​ការ​ជួសជុលផ្ទះ​កម្រិត​តូចតាចរ​ស់លោក​ ជា​ សុខា​  ដោយ​មន្ត្រី​ជំនាញ​សុរិយោដី​និង​សំណង់​ តើ​ដូច​ការ​ប្តឹង​ចោទប្រកាន់​របស់​លោក​ ម៉ប់​ សុ​ខុន​ ដែរ​ឬទេ​ ហើយ​ស្ថាប័ន​តុលាការ​នឹង​វិនិច្ឆ័យ​សេចក្តី​យ៉ាងណា​ ?​ ៕​

គ្រាន់តែ​ជួសជុលផ្ទះ​កម្រិត​តូចតាច​ ត្រូវ​អ្នក​ក្បែរ​ខាង​ជា​មន្ត្រីរាជការ​ប្តឹង​ទារ​លុយ​ជិត​២០​ម៉ឺន​ដុល្លារ​ទៅ​តុលាការ​

គ្រាន់តែ​ជួសជុលផ្ទះ​កម្រិត​តូចតាច​ ត្រូវ​អ្នក​ក្បែរ​ខាង​ជា​មន្ត្រីរាជការ​ប្តឹង​ទារ​លុយ​ជិត​២០​ម៉ឺន​ដុល្លារ​ទៅ​តុលាការ​

គ្រាន់តែ​ជួសជុលផ្ទះ​កម្រិត​តូចតាច​ ត្រូវ​អ្នក​ក្បែរ​ខាង​ជា​មន្ត្រីរាជការ​ប្តឹង​ទារ​លុយ​ជិត​២០​ម៉ឺន​ដុល្លារ​ទៅ​តុលាការ​

Related