តៃវ៉ាន់ រក​មធ្យោបាយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​វិញ ក្រោយ​ចិន​ប្រកាស​ផ្តាច់​ការទាក់ទង​ និពន្ធដោយ : ទេព អ៊ីវិសាល       June-29-2016, 9:59 pm         511

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តៃវ៉ាន់ រក​មធ្យោបាយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​វិញ ក្រោយ​ចិន​ប្រកាស​ផ្តាច់​ការទាក់ទង​ប្រធានាធិបតីតៃវ៉ាន់ទើបកាន់តំណែងថ្មី លោកស្រី Tsai Ing-wen​រដ្ឋាភិបាល​តៃវ៉ាន់ កំពុង​រក​មធ្យោបាយ​ដើម្បី​ផ្សះផ្សារ​ទំនាក់​ទំនងជា​នឹង​រដ្ឋាភិបាល​ចិន​ឡើងវិញ​បន្ទាប់ពី រដ្ឋាភិបាល​ចិន បានប្រកាស​ផ្តាច់ការ​ទាក់ទង​ជា​ផ្លូវការ ក្រោយ​រដ្ឋាភិបាល​ថ្មី​តៃវ៉ាន់ មិន​គោរព​តាម​គោលនយោបាយ​ឆ្នាំ​១៩៩២ ពោលគឺ​គោលនយោបាយ​ចិន​តែមួយ​។

​ប្រធានាធិបតី​តៃវ៉ាន់​ទើប​កាន់តំណែង​ថ្មី លោកស្រី Tsai Ing-wen បាន​ថ្លែង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ម្សិលមិញ ថា រដ្ឋាភិបាល​តៃវ៉ាន់ នឹង​បន្ត​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​រក្សា​កិច្ចសន្ទនា​ជាមួយនឹង​ចិន​វិញ​។ សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​កោះ​តៃវ៉ាន់​រូបនេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានប្រកាស​បញ្ឈប់​យន្តការ​ទំនាក់​ទំនងជា​មួយ​នឹង​តៃ​ប៊ិ​។

​លោកស្រី Tsai Ing-wen បាន​បញ្ជាក់ថា លោកស្រី ចង់​រក្សា​លំនឹង (status-quo) និង​ប្តេជ្ញា​ធានា​ឲ្យ​បាន​សន្តិភាព​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែរ​ថា ប្រមុខ​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា « មិន​ថា​បក្ស​ណា​ដឹកនាំ​តៃវ៉ាន់​ក៏ដោយ យើង​តែងតែមាន​ទិសដៅ​រួម​តែមួយ​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​កោះ​តៃវ៉ាន់​។

​ប្រធានាធិបតី​ស្រី​ដំបូង​តៃវ៉ាន់​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា តៃវ៉ាន់ នឹង​បន្ត​កិច្ចសន្ទនា​ជាមួយនឹង​ចិន​។ បើទោះបីជា​យន្តការ​នៃ​ចរចា​រវាង​ភាគី​ទាំងពីរ ត្រូវបាន​រំខាន​បណ្តោះអាសន្ន​ក៏ដោយ តៃវ៉ាន់ ជឿជាក់ថា នឹងមាន​ជម្រើស​ផ្សេងទៀត​សម្រាប់​ការទាក់ទង និង​កិច្ចសន្ទនា​រវាង​ភាគី​ទាំងពីរ​។​

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​២៥ ខែមិថុនា​កន្លងទៅ ចិន បានប្រកាសថា ទំនាក់ទំនង​ជាមួយនឹង​តៃវ៉ាន់​ត្រូវបាន​កាត់ផ្តាច់​ហើយ​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​តៃវ៉ាន់​ដែល​កំពុងតែ​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន មិន​ទទួលស្គាល់​ពី​គោលនយោបាយ​ចិន​តែមួយ​។​

​យោងតាម​ភ្នា​ក់​ព័ត៌មាន AFP អ្នកនាំពាក្យ លោក An Fengshan បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ផ្សាយ​ចេញ​តាម​គេហទំព័រ​របស់​គណៈរ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់ ថា យន្តការ​សម្រាប់​ការទាក់ទង និង​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ ត្រូវបាន​ព្យួរ​តាំងពី​ថ្ងៃទី​២០ ខែឧសភា​មកម្ល៉េះ​។ អ្នកនាំពាក្យ​រូបនោះ បាន​បន្ថែមថា គឺ​ដោយសារតែ​ភាគី​តៃវ៉ាន់ មិន​គោរព​តាម​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ភាព​៩២​ដែល​បញ្ជាក់​ពី​ការអនុវត្ត​គោលនយោបាយ​ចិន​តែមួយ​។​

​ឯកច្ឆន្ទ​ភាព​៩២ សំដៅលើ​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ​១៩៩២ ដោយ​ភាគី​ទាំងពីរ បានទទួល​ស្គា​ល់ពី​គោលការណ៍​ជាតិ​តែមួយ​រវាង​តៃវ៉ាន់ និង​ចិនដីគោក​។កិច្ចព្រមព្រៀង និង​ការយោគយល់​ទាំងនេះហើយ បាន​រក្សា​ចិន និង​តៃវ៉ាន់ អាច​រក្សា​និង​កសាង​ចំណងមិត្តភាព និង​កាត់បន្ថយ​កំហឹង​លើ​គ្នា ក្រោយ​បញ្ចប់​សង្គ្រាមស៊ីវិល​ឆ្នាំ​១៩៤៩​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​២០ ខែឧសភា កន្លងទៅ លោកស្រី Tsai Ing-wen បាន​ចូល​ស្បថ​ក្នុង​តំណែង​ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ជា​ផ្លូវការ​។ វា គឺជា​ការបញ្ចប់​ការដឹកនាំ​តៃវ៉ាន់​រយៈពេល​៨​ឆ្នាំ​របស់លោក​ប្រធានាធិបតី Ma Ying-jeou នៃ​បក្ស​គួ​ក​មិន​តាំង​ដែល​គេ​ជឿជាក់ថា​មាន​និន្នាការ​ទៅរក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​។​

​គិត​ចាប់ពី​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ឈ្នះ​ការបោះឆ្នោត​មក ក្រុង​ប៉េកាំង​មិនសូវ​ជា​សប្បាយចិត្ត​នោះទេ ជាពិសេស​នោះ លើ​ការឡើង​កាន់អំណាច​រប​ស់លោក​ស្រី Tsai Ing-wen ។ នោះ​ក៏​ព្រោះតែ លោកស្រី Tsai Ing-wen មិនបាន​ប្រើពាក្យ «​ព្រមព្រៀង​» ទេ នៅពេលដែល​លោកស្រី​និយាយ​ដល់ «​ការព្រមព្រៀង​ឆ្នាំ​១៩៩២» ៕