លង់ទឹក​ស្លាប់​ម្នាក់ ក្នុង​ចំណោម​ក្មេង​លេង​ទឹក​៣​នាក់

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់​ដោយ​មាន​ក្មេង​ប្រុស​១​ក្រុម​មាន​គ្នា​៣​នាក់​បាន​នាំ​គ្នា​ងូតទឹក​ស្រះ​ចិញ្ចឹម​ត្រី ដោយ​២​នាក់​ឡើង​មក​លើគោក​វិញ​តែ​បាត់​ម្នាក់ បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​។ ហេតុ​ការ​ណ៏​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​អាហារ​ដ្ឋា​ន​យីហោ ម្លប់​ព្រីង ដែល​មា​នទី​តាំងនៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ។ ហើយ​មនុស្ស​ម្នា​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចុះ​រាវ​គឺ​យឺត​ពេល​មួយ​ជំហាន ពោល​ក្មេង​បាន​ស្លាប់​បាត់​ទៅ​ហើយ​ក្រោម​សំឡេង​ទួញ​សោក​ពី​ម្តាយ​ឪពុក​។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​កោះសន្តិភាព​ឲ្យ​បានដឹង​ថា កុមា​រា​ដែល​ស្លាប់​នោះ​ឈ្មោះ សែ ឆៃ​ហុង អាយុ​១១​ឆ្នាំ មាន​ឪពុក​ឈ្មោះ សៅ សែ និង​ម្តាយ ឈ្មោះ សុង លី​ហួង ជា​ម្ចាស់​អាហារ​ដ្ឋា​ន​នោះ ស្រះ​ដែល​ជីក​ចិញ្ចឹម​ត្រី​គឺ​ស្ថិត​នៅ​ក្បែរ​ហាង​តែ​ម្តង​។ ប្រភព​ដដែល​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល កុមា​រា​រង​គ្រោះ បាន​នាំ​គ្នា​ចុះ​លេង​ទឹកស្រះ មាន​ទំហំ​១០​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ ជម្រៅ​៤​ម៉ែត្រ នៅ​ជាប់​អាហារ​ដ្ឋា​ន​របស់​ខ្លួន ជាមួយ​ក្មេង​ប្រុស​ៗ ២​នាក់ នៅ​ភូមិ​ជាមួយ​គ្នា​ចំណែក​ឪពុក​ម្តាយ​កុមារ​រង​គ្រោះ ជាប់រវល់​ធ្វើ​ការងារ នៅ​ក្បែរ​នោះ ។

ក្រោយ​ពី​លេង​រួចរាល់​បាន​នាំ​គ្នា​ឡើងគោក តែ​ក្មេង​រង​គ្រោះ​មិន​ឡើង​មក​ជាមួយ​នោះ​ទេ លុះ​ពេល​ដែល​មិនឃើញ​កូន​របស់​ខ្លួន ឪពុក​កុមារ​រង​គ្រោះ ក៏​សួរ​ទៅ​ក្មេង​ទាំង​២​នាក់​នោះ ពួក​គេ​បាន​ឆ្លើយ​ប្រាប់​ថា​កូន​របស់​គាត់​កំពុង​មុជទឹក​លេង​តែឯង ។ រំពេច​នោះ​ក៏​ផ្អើល​ឆោ​រ​ឡោ ចុះ​រាវរក​កូន​នៅ​ក្នុង​ស្រះ​ទឹក​ជម្រៅ​៤​ម៉ែត្រ ស្រាប់តែ​ប្រទះ​ឃើញ​កូន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។ លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​បាន​ចុះ​សហ​ការណ៍​ជាមួយ​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ សាកសព​កុមារ​នោះ ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតមែន ហើយ​បាន​ប្រគល់​សព​ជូន​ឪពុក​ម្តាយ​ចាត់ចែង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី ក្រោម​សំឡេង​យំសោក​ពី ឪពុក​ម្តាយ​៕