បើក​ម៉ូតូ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​បុក ចំ​ពីមុខ​ស្លាប់ យ៉ាង​អាណោចអាធ័ម

បើក​ម៉ូតូ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​បុក ចំ​ពីមុខ​ស្លាប់ យ៉ាង​អាណោចអាធ័ម



​ប៉ៃលិន ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ លើ​ផ្លូវ​ជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​ដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រវាង​រថយន្ត​លុច​ស៊ី​ស​៣០០ បុក​ជាមួយ​ម៉ូតូ​ឌ្រី​ម​សេរី​០១៣ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​យ៉ាង​អាណោចអាធ័ម។

ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍​ឈ្មោះ ជន់ ឃ​ន ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មុខរបរ លក់​ត្រី​តាម​ភូមិ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) ចំណែក​ម្ចាស់​រថយន្ត​បង្ក​តាម​ប្រភព​ព័ត៌មាន​ថា​ ឈ្មោះ ឆន មិន​ស្គាល់​ត្រកូល អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​រត់​តាក់ស៊ី​នៅ​ផ្សារ​ព្រំ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​លុច​ស៊ី​ស​៣០០​មួយ​គ្រឿង បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ព្រមទាំង​វ៉ា​ម៉ូតូ​ និង ​រថយន្ត​ដូចគ្នា ក្នុង​ល្បឿន​លឿន ដោយមាន​ដឹក​មនុស្ស​ក្នុង​ចំនួន​៤​នាក់ ដែល​ជា​ជនជាតិ​កូរ៉េ បន្ទាប់មក​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ជិះ​តែ​ម្នាក់​ឯង​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​អ្នកបើកបរ​ម៉ូតូ បាន​បត់​ទៅ​ខាង​ឆ្វេង​ដៃ​បម្រុង​ជ្រក​ភ្លៀង ក៏​ត្រូវ​រថយន្ត​បុក​តែ​ម្តង បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន​ចេញ​មក​ខាងក្រៅ ស្លាប់​យ៉ាង​អាណោចអាធ័ម។

ប្រភព​ព័ត៌មាន​បន្ត​ឲ្យ​ដឹង​ដែរ​ថា ក្រោយពេល​កើតហេតុ គេ​ឃើញ​អ្នកបើកបរ​រថយន្ត ដែល​មាន​ឈ្មោះ ឆន មិន​ស្គាល់​ត្រកូល អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ចុះ​ពីលើ​រថយន្ត​រត់​គេច​ខ្លួន​បាត់ស្រមោល ចំណែក​ភ្ញៀវ​ដែល​ជិះ ក្នុង​រថយន្ត ក៏បាន​ដើរ​គេច​ខ្លួន​អស់​ផង​ដែរ មួយសន្ទុះ​ទើប​គេ​ឃើញ​សមត្ថកិច្ច​ចរាចរ​ណ៍​ខេត្ត​ប៉ៃលិន ចុះ​មក​វាស់វែង នៅ​កន្លែង​កើតហេតុ ដោយឡែក​សព​ជនរងគ្រោះ ត្រួវបាន​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។

បើ​តាម​សមត្ថកិច្ច​ចរាចរ​ណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ខាងលើ បង្កឡើង​ដោយ​រថយន្ត​ម៉ាក LEXUS R.X 300 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A 4229 (​ខូចខាត​ធ្ងន់​ចំហៀង​ខាងស្តាំ​) បើកបរ ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ។

ចំណែក​ជនរងគ្រោះ​ឈ្មោះ ជន់ ឃ​ន ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មុខរបរ លក់​ត្រី​តាម​ភូមិ រស់នៅ​ភូមិ​វត្ត សង្កាត់ក្រុង ខេត្ត​ប៉ៃលិន (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) បើក​ម៉ូតូ​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ស៊េរី 2013 ពាក់​ស្លាក​លេខ ប៉ៃលិន 1A-9552 (​ខូចខាត​ធ្ងន់​)។

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ,​ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក ត្រូវ​សមត្ថកិច្ច​ចរាចរ​ណ៍ យក​មក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី៕