ដំបូលរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត ជិតមានពិតានវិញហើយ

6 Videos


តាមការស្រាវជ្រាវ ដំបូលរោងទងនៃប្រាសាទអង្គរវត្តទាំងអស់ សុទ្ធតែមានពិតានឈើ ដែលបុព្វបុរសបានឆ្លាក់ក្បាច់ភ្ជាប់នឹងដំបូល ប៉ុន្តែពិតានទាំងនោះបានរបេះធ្លាក់ជាបន្តបន្ទាប់ ដោយសារពេលវេលា និង អាយុកាលដ៏យូរលង់ ។

P9

ដំបូលរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត ជិតមានពិតានវិញហើយ

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានសិក្សាពីទម្រង់នៃពិតានទាំងនោះឡើងវិញ តាមបំណែកដែលមាននៅសេសសល់ខ្លះ ហើយបានសហការជាមួយស្ថាប័នអន្តរជាតិ ដើម្បីធ្វើពិតានឈើថ្មីទៅជំនួសវិញ ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ីអង្គរកន្លងទៅថ្មីៗនេះ សំណើឆ្លងយោបល់ដើម្បីបំពាក់ពិតានឈើនៅរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត បានទទួលការអនុម័តជាផ្លូវការហើយ ។

ដំបូលរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត ជិតមានពិតានវិញហើយ

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការបញ្ជាក់ថា គម្រោងសិក្សាដើម្បីបំពាក់ពិតានលើរោងទងនៃប្រាសាទអង្គរវត្តនេះ បានចំណាយពេលសិក្សាជាង ៣ ឆ្នាំមកហើយ ដោយមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និង មូលនិធិបេតិកភណ្ឌពិភពលោក ( WMF ) របស់សហរដ្ឋអាមេរិក ។ «យើងបានរៀបចំឯសារលម្អិតស្តីពីចម្លាក់ពិតាននៅប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទផ្សេងៗទៀត ដែលនៅមានពិតានសេសសល់ ហើយបានដាក់ជូន ICC-Angkor ពិនិត្យ កាលពីកិច្ចប្រជុំបច្ចេកទេសលើកទី ២៥ ហើយនៅកិច្ចប្រជុំលើកទី ២៦ នេះ យើងបានទទួលការអនុម័តយល់ព្រមហើយ» ។

ដំបូលរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត ជិតមានពិតានវិញហើយ

លោកបន្ថែមថា កិច្ចប្រជុំលើកនេះបានឯកភាពគ្នាទៅលើប្រភេទក្បាច់  របៀបឆ្លាក់ ទំហំក្តារ ប្រភេទឈើ និង បច្ចេកទេសដំឡើង។ កម្រាស់ឈើដែលត្រូវឆ្លាក់នឹង គឺ ១ តឹក ក្រោយពីឆ្លាក់ហើយនៅសល់ ៩ ហ៊ុននឹងត្រូវលើកទៅស៊កក្នុងពិតានដែលមានប្រវែង ៤៤ ម៉ែត្រ ។ កាលពីមុន យើងពិបាកនឹងរកទម្រង់ ដែលឯកភាពគ្នារវាងអ្នកជំនាញអាជ្ញាធរជាតិអប្សរា WMF និង អ្នកជំនាញអាដហុកនៃអាយស៊ីស៊ីអង្គរ ព្រោះចម្លាក់ហ្នឹងជាចម្លាក់ក្នុងន័យអភិរក្ស មិនមែនដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយដាក់តាំងលក់នោះទេ។ ឥឡូវនេះយើងបានឯកភាពគ្នាអស់ហើយ និង បានជ្រើសរើសជាងចម្លាក់ដែលមានទឹកដៃល្អ។

ដំបូលរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត ជិតមានពិតានវិញហើយ

បើការងារនេះបានជោគជ័យ យើងនឹងបន្តបំពាក់ពិតានទៅលើដំបូលរោងទងដទៃៗទៀតក្នុងប្រាសាទអង្គរវត្តទាំងមូល ។ នៅកិច្ចប្រជុំរបស់អាយស៊ីស៊ីអង្គរលើកក្រោយ អ្នកជំនាញនឹងយកចម្លាក់ទៅបំពាក់សាកល្បង ២ ឬ ៣ ម៉ែត្រ លើរោងទងជាក់ស្តែង ដើម្បីជូនអ្នកជំនាញអាដហុក ( ad hoc ) មើលម្តងទៀត ។ នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀតនៃកិច្ចការអភិរក្សមរតកដូនតារបស់យើង ។

ដូច្នេះរយៈពេលមួយឆ្នាំក្រោយទៅទៀត យើងអាចនឹងឃើញពិតានដំបូលរោងទងនៅប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតឡើងវិញហើយ ៕

                                                                                                សុថាត់