ទ្រហោយំ​គ្រប់​គ្នា ពេល​រក​ឃើញ​ក្មេង​ប្រុស​ម្នាក់

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នា​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចុះ​រាវរក​ក្មេង​ប្រុស​ម្នាក់​ដែល​ចុះ​ជ្រមុជទឹក​ស្រះ​ចិញ្ចឹម​ត្រី​លេង តែ​ពេល​ពេល​រាវរក​ឃើញ​ម្នាក់​ៗ​ទ្រហោយំ​គ្រប់​គ្នា ព្រោះ​វា​យឺត​ពេល​ទៅ​ហើយ ដោយ​ក្មេង​ប្រុស​រូប​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​អាហារ​ដ្ឋា​ន​យីហោ «​ម្លប់​ព្រីង​» ដែល​មា​នទី​តាំងនៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគ​បាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឱ្យ​ថា កុមា​រា​ដែល​លង់ទឹក​ស្លាប់​នោះ​ឈ្មោះ សែ ឆៃ​ហុង អាយុ​១១​ឆ្នាំ មាន​ឪពុក​ឈ្មោះ សៅ សែ និង​ម្តាយ ឈ្មោះ សុង លី​ហួង ជា​ម្ចាស់​អាហារ​ដ្ឋា​ន​នោះ ស្រះ​ដែល​ជីក​ចិញ្ចឹម​ត្រី គឺ​ស្ថិត​នៅ​ក្បែរ​ហាង​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ កុមា​រា​រង​គ្រោះ​បាន​នាំ​គ្នា​ចុះ​លេង​ទឹកស្រះ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​១២​ម៉ែត្រ ជម្រៅ​៤​ម៉ែត្រ នៅ​ជាប់​អាហារ​ដ្ឋា​ន​របស់​ខ្លួន ជាមួយ​ក្មេង​ប្រុស​ៗ២​នាក់​ទៀត​នៅ​ភូមិ​ជាមួយ​គ្នា​ ចំណែក​ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​ជាប់រវល់​ធ្វើ​ការងារនៅ​ក្បែរ​នោះ ។ ក្រោយ​ពី​លេង​រួចរាល់​បាន​នាំ​គ្នា​ឡើងគោក​វិញ តែ​ក្មេង​រង​គ្រោះ​មិន​ឡើង​មក​ជាមួយ​នោះ​ទេ លុះ​ពេល​ដែល​មិនឃើញ​កូន​របស់​ខ្លួន ឪពុក​កុមារ​រង​គ្រោះ​ក៏​សួរ​ទៅ​ក្មេង​ទាំង​២​នាក់​នោះ ​ហើយ​ក្មេង​ទាំង​២​នាក់​នោះ​​បាន​ឆ្លើយ​ប្រាប់​ថា​ កូន​របស់​គាត់​កំពុង​ជ្រមុជ​ទឹក​លេង​តែឯង ​ក៏​ផ្អើល​ឆោ​រ​ឡោ ចុះ​រាវរក​កូន​នៅ​ក្នុង​ស្រះ​ទឹក​ជំរៅ​៤​ម៉ែត្រ នៅ​ពេល​ដែល​រាវរក​ឃើញ​ម្នាក់​ៗ​ទ្រហោយំ​គ្រប់​គ្នា ព្រោះ​កូនប្រុស​បាន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​បាន​ចុះ​សហការ​ជាមួយ​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ​សាកសព​កុមារ​នោះ ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតមែន ហើយ​បាន​ប្រគល់​សព​ជូន​ឪពុក​ម្តាយ​ចាត់ចែង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី ក្រោម​សំ​ឡេ​យំសោក​ពី​ឪពុក​ម្តាយ ៕