​១​សតវត្សក្រោយ​ ការ​រំលឹក​ដើមចម​នៃការ​ផ្ទុះ​សង្គ្រាមលោក នៅ​តែ​ចម្រូង​ចម្រាស​

ថ្ងៃនេះគឺជាខួបមួយសតវត្សគត់ ថ្ងៃដែលអ្នកជាតិនិយមស៊ែរប៊ី Gavrilo Princip បានលបធ្វើឃាត ឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ទាយាទរបស់ចក្រភពអូទ្រីសហុងគ្រី នៅទីក្រុងសារ៉ាយេវ៉ូ នៅថ្ងៃទី ២៨មិថុនា ១៩១៤។ ឃាតកម្មនោះ បានអូសទាញអឺរ៉ុបទាំងមូលធ្លាក់ក្នុងភ្លើងសង្គ្រាម។ ក្នុងក្របខ័ណ្ឌ បេសកកម្ម១០០ឆ្នាំ អឺរ៉ុបទាំងមូលកំពុងផ្តោតចក្ខុទៅរដ្ឋធានីបូស្នី ជាមួយនឹងការរៀបចំកម្មវិធីវប្បធម៌ជាច្រើន ប្រកបដោយអត្ថន័យប្រវត្តិសាស្ត្រ និងនិមិត្តរូប !

ប៉ុន្តែជាការរំលឹកខួបដែលស៊ែរប៊ីបានសម្រេចធ្វើពិហិការមិនចូលរួម ព្រោះស៊ែរប៊ី និងបូស្នី មានទស្សនៈវិស័យខុសគ្នាទាក់ទងនឹងសំណុំរឿងប្រវត្តិសាស្រ្តមួយនេះ។

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ អ្នកជាតិនិយមស៊ែរប៊ី ឈ្មោះ Gavrilo Princip បានលបធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ជាទាយាទរបស់ចក្រភពអូទ្រីសហុងគ្រី នៅទីក្រុងសារ៉ាយេវ៉ូ។ ហេតុការណ៍នោះ បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងររហូតមកទល់នឹងសព្វថ្ងៃ ពោលគឺ ជាបានអូសទាញ និងដុតបញ្ឆេះសង្រ្គាម ពេញផ្ទៃអឺរ៉ុបទាំងមូល។ សារ៉ាយេវ៉ូ គឺជាទីក្រុងរបស់បូស្នី ដែលចក្រភពអូទ្រីសហុងគ្រីកាត់យកពីចក្រភពអូតូម៉ង់មកដាក់ជាខេត្តរបស់ ខ្លួន ក្រោមក្រសែភ្នែកក្តៅក្រហាយរបស់ស៊ែរប៊ី។

២៨ មិថុនា ១៩១៤ ថ្ងៃចាប់ផ្តើមសង្គ្រាមនៅបាល់កង់ ?

ដូច្នេះឃាតកម្មសម្លាប់ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ពីសំណាក់ក្រុមអ្នកជាតិនិយមស៊ែរប៊ី ត្រូវបានអូទ្រីសហុងគ្រី ក៏ដូចជាបណ្តាប្រទេសជាច្រើនផ្សេងទៀត នៅពេលនោះ នាំគ្នាទម្លាក់ការទទួលខុសត្រូវទៅលើប្រទេសស៊ែរប៊ី។ អូទ្រីសហុងគ្រី ដែលកំពុងតែមានជម្លោះជាមួយស៊ែរប៊ីស្រាប់ ក៏ចង់ឆ្លៀតយកហេតុការណ៍នេះមកធ្វើជាលេស ដើម្បីកម្ចាត់ស៊ែរប៊ី ជាគូប្រជែង និងឈានទៅលុបបំបាត់ជាស្ថាពរ នូវបញ្ហាជាតិនិយមនៅបូស្នី។

►សូមអាន ៖ ការចាប់ផ្ទុះឡើងនៃសង្រ្គាមលោកលើកទី១ ឆ្នាំ១៩១៤

ស៊ែរប៊ីមានរុស្ស៊ីគាំទ្រពីក្រោយ ចក្រភពអូទ្រីសហុងគ្រី មានការគាំទ្រពីអាល្លឺម៉ង់ ប្រមូលកេណ្ឌទ័ពរៀងៗខ្លួន អាល្លឺមង់វាយលុកឈ្លានពាន បារាំង ប៊ែលហ្សិក អង់គ្លេសជាមិត្តចូលជួយ ហើយធ្លាយដល់ជប៉ុនដែលបានចងសម្ព័ន្ធភាពជាមួយអង់គ្លេស ក៏ប្រកាសសង្គ្រាមជាមួយអូទ្រីសហុងគ្រីដែរ…

ដោយហេតុតែល្បែងសម្ព័ន្ធភាពយោធាប្រទាក់ក្រឡា ដែលធ្លាប់មានលេងស្រាប់តាំងពីសតវត្សទី ១៩មក… នៅទីបំផុត សំឡេងកាំភ្លើងខ្លីថ្ងៃទី ២៨មិថុនា ១៩១៤ បានបាញ់បញ្ឆេះភ្លើងឱ្យក្លាយជាសង្គ្រាមដ៏សន្ធោសន្ធៅឡើង ស្លាប់មនុស្សដ៏ច្រើនបំផុត ការខូចខាតក៏គ្មានប្រៀប ! ជាសង្គ្រាមលោកលើកទី១ អូសបន្លាយពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

ពិធីរំលឹកខួបដ៏ចម្រូងចម្រាស

រាល់ការប្រារព្ធពិធី ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ គេតែងតែរៀបចំឡើងជាក្នុងទ្រង់ទ្រាយធំៗដុំ នៅរៀងរាល់១០ឆ្នាំ ២០ឆ្នាំ ៥០ឆ្នាំ ឬ១០០ឆ្នាំ ។ល។ និង។ល។ យ៉ាងណាមិញ ខួប១០០ឆ្នាំនៃការផ្ទុះ សង្គ្រាមលោកលើកទីមួយនេះ គួរតែមានការប្រមូលផ្តុំ ឬជួបជុំប្រមុខដឹកនាំរដ្ឋ រដ្ឋាភិបាលរបស់បណ្តាប្រទេសនៅអឺរ៉ុប ប៉ុន្តែគំនិតផ្តួចផ្តើមរបស់អតីតប្រធានាធិបតី នីកូឡា សាកូហ្ស៊ី ត្រូវបានលុបចោល ដោយប្រធានាធិបតីបច្ចុប្បន្នកាលពីឆ្នាំ២០១៣ ដោយនៅទីបំផុត មានត្រឹមតែការរៀបចំកម្មវិធី វប្បធម៌ ព្រោះគ្មានConsensus លើទម្រង់នៃការប្រារព្ធពិធីរំលឹកខួបផង និងដើម្បីបញ្ចៀសកុំឱ្យមានភាពតឹងតឹង រវាង ស៊ែរប៊ី និងបូស្នី រស់ឡើងវិញបាន។

ភេរវជន ឬ វីរបុរស ?

កម្មវិធីវប្បធម៌ រយៈពេល១០ថ្ងៃ ត្រូវបានរៀបចំឡើង ក្រុងសារ៉ាយេវ៉ូ ទីក្រុងរបស់បូស្នី ត្រង់ទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រ គឺនៅ មុខអាគារដ៏ស្កឹមស្កៃកណ្តាលក្រុងដែលត្រូវបានសាងសង់ឡើងពេលចក្រភពអូទ្រីសហុងគ្រីចូលគ្រប់គ្រងបូស្នី តែត្រូវវាយបំផ្លាញដោយដោយទាហានស៊ែរប៊ី និងមួយកន្លែងទៀត នៅលើស្ពាន ឡាតាំង ចំណុចដែលអ្នកជាតិនិយមស៊ែរប៊ី ធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ទាយានរបស់ចក្រភពអូទ្រីសហុងគ្រីបាន កាលពីមួយសតវត្សមុន។ មួយសតវត្សកន្លង ការបែងចែងនៅតែមាន សម្រាប់បូស្នី អ្នកជាតិនិយមស៊ែរប៊ី ជាភេរវនិយម តែសម្រាប់ស៊ែរប៊ី ហ្កាវ្រីលូ ប្រាំងស៊ីប ជារីវបុរស។ តាំងពី ម្សិលមិញមក អាជ្ញាធរស៊ែរប៊ី បានសម្ពោធរូបចម្លាក់ ហ្កាវ្រីលូ ប្រាំងស៊ីប កម្ពស់ពីរម៉ែត្រ ដាក់តាំងបញ្ឈរនៅ ភាគខាងកើតក្រុង និងបានប្រកាសបន្តកម្មវិធីរំលឹកខួប១០០ឆ្នាំដែរ តែក្នុងអត្ថន័យដាច់ដោយឡែកពីខាងអឺរ៉ុប និងពីខាងបូស្នី។

តាមការពិត នៅរវាងពីឆ្នាំ១៩១៨ ដល់ឆ្នាំ ១៩៩២ យុវជន ហ្កាវ្រីលូ ប្រាំងស៊ីប ជាអ្នកបដិវត្តន៍ម្នាក់សំខាន់ម្នាក់ តំណាងឱ្យការតស៊ូ ដើម្បីសេរីភាព និងការបង្រួបបង្រួមសាមគ្គីពូជស្លាវរបស់អតីរយូហ្គោស្លាវី។ ប៉ុន្តែតាំងពីសហព័ន្ធយូហ្គោស្លាវី (ស្លូវានី ក្រូអាស៊ី បូស្នី ម៉ុងតេណេក្រូ ស៊ែរប៊ី រួមទាំងកូសូវូ) បែកខ្ញែកទៅជាប្រទេសឯករាជ្យ ខ្មាញ់កាំភ្លើងសម្លាប់ទាយាទអូទ្រីសហុងគ្រី ក៏ប្រែប្រួលនិងទទួលការបកស្រាយចម្រូងចម្រាសគ្នា រវាង « ភេរវជន » និង « វីរបុរស »៕

ប្រភពៈ RFI