មហិច្ឆតា ក្រសួង​ការពារ​ជាតិ ​យក​ពាន​២​រដូវ​កាល​នេះ

​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​ដាក់​គោល​ដៅ​រួច​ជា​ស្រេច​ហើយ​ថា​នឹង​យក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា និង Hun Sen Cup ​ឱ្យ​បាន​ក្នុង​រដូវ​កាល​នេះ ដើម្បី​កសាង​ស្នាដៃ​និង​ទាក់ទាញ​អ្នក​គាំទ្រ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ក្លឹប​មួយ​នេះ​ឱ្យ​បាន​ច្រើន។

 

 មហិច្ឆតា ក្រសួង​ការពារ​ជាតិ ​យក​ពាន​២​រដូវ​កាល​នេះលោក ទេព ឡុងរចនា

 

លោក ទេព ឡុងរចនា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ក្រោយ​យក​ឈ្នះ​ក្រុម​ស៊ីម៉ាក់​៣-០ ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ថា​ក្រុម​របស់​លោក​មាន​ការ​រៀប​ចំ​ល្អ​ទើប​អាច​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Hun Sen Cup ​នេះ។ ខណៈ​ដែល​ប៉ះ​ក្រុម​ស្វាយ​រៀង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​គ្រូ​បង្វឹក​រូប​នេះ​នៅ​តែ​មាន​សង្ឃឹម ដើម្បី​គ្រង​តំណែង​ជើង​ឯក​ក្នុង​រដូវ​កាល​នេះ ក៏​ដូចជា​លើក​ពាន​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​រីករាយ។

 មហិច្ឆតា ក្រសួង​ការពារ​ជាតិ ​យក​ពាន​២​រដូវ​កាល​នេះជម្រើស១១​នាក់​លេង​នៅ Hun Sen Cup

 

អតីត​គ្រូ​បង្វឹក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ខាង​លើ ​បាន​បន្ដ​ថា​មិន​ត្រឹម​តែ​ចង់​បាន​ពាន Hun Sen Cup ​ទេ ​ក្រុម​របស់​លោក​ក៏​មាន​មហិច្ឆតា​ចង់​បាន​ពាន​លីគ​កំពូល​កម្ពុជា​មួយ​ទៀត​ដែរ ទើប​ហ៊ាន​ទិញ​កីឡាករ​កូរ៉េ​ខាង​ជើង​មក​ពង្រឹង​ក្រុម​បន្ថែម។ “វា​ជា​រឿង​ពិត​ដែល​យើង​ចង់​បាន​ពាន​២​ម៉ង់ យើង​ចង់​បាន​វា​ដើម្បី​ឱ្យ​ក្រុម​មាន​ឱកាស​បាន​ទៅ​លេង​ជាមួយ​ក្រុម​នៅ​ក្រៅ​ប្រទេស។ ឈ្នះ​ពាន​រង្វាន់​ជា​ក្ដី​ស្រមៃ​គ្រប់​តែ​ក្លឹប​ហ្នឹង”។ សម្ដី​លោក ទេព ឡុងរចនា ។

 

មហិច្ឆតា ក្រសួង​ការពារ​ជាតិ ​យក​ពាន​២​រដូវ​កាល​នេះ

ជម្រើស​១១​នាក់​លេង​នៅ​លីគ​កំពូល​កម្ពុជា

 

នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ក្រុម​ក្រសួង​ការពារ​ជាតិ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ដណ្ដើម​ជើង​ឯក​ពាន Hun Sen Cup ​​វេលា​ម៉ោង​៧​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ខណៈ​ដែល​ងាក​ទៅ​មើល​ពាន​លីគ​កំពូល​កម្ពុជា​វិញ ទ័ព​នៅ​លេខ​២ ​ដោយ​ចាញ់​ក្រុម​លេខ​មួយ​បឹង​កេត​អង្គរ​៣​ពិន្ទុ ហើយ​ការ​ប្រកួត​នៅ​សល់​៧​ប្រកួត​ទៀត៕

 


អត្ថបទ៖ មុន្នី រម្យ