សម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែង និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ផ្កាយ៣មួយរូប ទុកជាការព្រមានដល់អ្នកមានអំណាច «ពាក់ព័ន្ធការផាកពិន័យចរាចរណ៍ និងការប្រមាថមន្រ្តីនគរបាល»

(ភ្នំពេញ)៖ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសជាសាធារណៈថា «សម្រេចដកតំណែង និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ផ្កាយ៣មួយរូប ព្រមទាំងបណ្តេញចេញពីនគរបាល ដើម្បីជាការព្រមានដល់អ្នកមានអំណាចទាំងអស់ ព្រោះពាក់ព័ន្ធការផាកពិន័យចរាចរណ៍ និងការប្រមាថមន្រ្តីនគរបាល»។

ការប្រកាសដកតំណែង និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ផ្កាយ៣រូបនោះ ដោយសម្តេចតេជោ ហ៊ុន សែន បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្តាប់សារចុះសារឡើងនូវការ និយាយរបស់លោកឧត្តមសេនីយ៍។ ពាក្យ (អាប៉ូលីសចរាចរណ៍) ជាពាក្យមិនត្រឹមតែប្រមាថ មើលងាយថ្នាក់ក្រោមប៉ុណ្ណោះទេ តែជាការប្រមាថដល់ស្ថាប័ន នគរបាលចរាចរណ៌ទាំងមូល។

ឧត្តមសេនីយ៍ផ្កាយ៣រូបនោះមានឈ្មោះ ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារនៅលើ Facebook យ៉ាងដូច្នេះថា៖

«ខ្ញុំបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្តាប់សារចុះសារឡើងនូវការនិយាយរបស់ លោកឧត្តមសេនីយ៍។ ពាក្យ (អាប៉ូលីសចរាចរណ៍) ជាពាក្យមិនត្រឹមតែប្រមាថ មើលងាយថ្នាក់ក្រោមប៉ុណ្ណោះទេ តែជាការប្រមាថដល់ស្ថាប័ននគរបាលចរាចរណ៌ទាំងមូល។ ខ្ញុំមិននឹកស្មានដល់សោះថា គាត់ជាប៉ូលីសបែរជាប្រើពាក្យ «អាប៉ូលីស» ចុះទំរាំប្រជាជនធម្មតា គាត់ហៅយ៉ាងម៉េចទៀតនៅពេលគាត់ខឹង?។

ខ្ញុំអត់មានជម្រើសឱ្យល្អក្រៅពីសំរេចចិត្តទាំងការឈឺចាប់ និងសោកស្តាយដើម្បីដកតំណែង និងឋានន្តរស័ក្តិ ព្រមទាំងបណ្តេញគាត់ចេញពីនគរបាលប៉ុណ្ណោះ។ នេះជាគំរូសំរាប់អ្នកមានអំណាចទាំងអស់ឱ្យ ចេះគោរពច្បាប់ ចេះប្រើពាក្យសំដីមានសុជីវធម៌ មានគុណធម៌ និងសីលធម៌។ ខ្ញុំក៏សុំអំពាវនាវផងដែរ ចំពោះនគរបាលចរាចរណ៌សុំមានពាក្យសំដី និងអាកប្បកិរិយាថ្លៃថ្នូរចំពោះប្រជាជន បើទោះជាគាត់មានការរំលោភច្បាប់ដោយអចេតនា ឬដោយចេតនាក្តី»។

សូមជំរាបថា ការសម្រេចដកតួនាទី និងឋានន្តរស័ក្ត ឧត្តមសេនីយ៍ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡាហោ ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយសារតែអង្គភាពរបស់ខ្លួនដកបញ្ឈជើង ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិនគោរពភ្លើងសញ្ញា ប៉ះចំរថយន្ដលោឧត្តមសេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមគណនីយ Facebook មួយឈ្មោះ សុវណ្ណ រីហ្គេន ដែលបានបង្ហោះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងគណនី Facebook នោះបានបញ្ជាក់ថា «ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខ្ញុំបានឃាត់ឡានមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-9562 ដែលបើកបរមិនគោរពភ្លើងសញ្ញា ហើយថែមទាំងមិនទទួលខុសត្រូវ និយាយមិនសមរម្យ មកលើខ្ញុំបាទ ដោយបាននិយាយប្រាប់ខ្ញុំថា ខ្លួនជាឧត្តមសេនីយ៍ហែ្អងអត់ស្គាល់អញទេ ឥឡូវខ្ញុំត្រូវបានអង្គភាពដកបញ្ឈរជើង»៕

សម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែង និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ផ្កាយ៣មួយរូប ទុកជាការព្រមានដល់អ្នកមានអំណាច «ពាក់ព័ន្ធការផាកពិន័យចរាចរណ៍ និងការប្រមាថមន្រ្តីនគរបាល»

ប្រភពៈ freshnewsasia