ព្រះខ័នរាជស្វាយរៀង និងទ័ព ឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ

ក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង និងក្រុមក្រសួងការពារជាតិ ត្រូវឡើងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេចហ៊ុនសែន លើកទី១០ ឆ្នាំ២០១៦ បន្ទាប់ពីក្រុមខ្លាំងទាំង២នេះ បានទម្លាក់ក្រុមភ្នំពេញក្រោន និងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាច និងយប់ថ្ងៃពុធ ម្សិលមិញ។

mm5

ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន យ៉ាងតានតឹងបំផុត គឺដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី ខណៈការប្រកួតបានអូសបន្លាយដល់ម៉ោងបន្ថែម១៥នាទីទី២ដង សរុប១២០នាទី ក្រុមទាំង២ នៅតែបន្តស្មើគ្នា ០-០ នោះ។

mm6

នៅក្នុងការទាត់បាល់ប៉េណាល់ទីដ៏រន្ធត់នោះ អ្នកចាំទី អោម ឧត្តម បានក្លាយជាវីរបុរសក្នុងការជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាថ្មីម្តងទៀត ព្រោះរូបគេបានជួយសង្រ្គោះបាល់បាន២គ្រាប់ ដែលស៊ុតដោយ កុក បូរីស និង អួន ចាន់ពូលីន គឺមានតែ ឈុំ ភីហ្សា និង អ៊ិន សូដាវីត ប៉ុណ្ណោះដែលបានស៊ុតបញ្ចូលទីឲ្យភ្នំពេញក្រោនបានសម្រេច ខណៈ ធារី ចន្ថាប៊ីន បានស៊ុតបាល់ហោះទៅលើផុតរបារទីយ៉ាងឆ្ងាយ។

mm7

ចំណែកអ្នកចាំទីវ័យក្មេង នៅ សុសិលា របស់ភ្នំពេញក្រោន ក៏បានលោតចំទិសដៅចំនួន៣គ្រាប់ផងដែសុសិលា តែគេសង្រ្គោះបានតែ១គ្រាប់ទេ ដែលស៊ុតដោយ ហួយ ផល្លីន របស់ក្រុមព្រះខ័នរាជស្វាយរៀង ឯគ្រាប់បាល់ស៊ុតដោយ សំអឿន ពិដោរ និង សារ៉េត គ្រីយ៉ា បានក្រឡកចូលទីវិញ ទោះបានប៉ះដៃគេក៏ដោយ ខណៈ នេន សុធារ័ត្ន បានស៊ុតបាល់បើកឆាកយ៉ាងល្អបំផុត។

mm12

ការចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៣-២ ដោយបាល់ប៉េណាល់ទីនេះ បានធ្វើឲ្យអ្នកចាំទី នៅ សុសិលា មិនអស់ចិត្តទាល់តែសោះ ដោយរូបគេទ្រហ៊ោយំគួរឲ្យអាណិត ហើយសមាជិកក្រុមរបស់គេផ្សេងទៀត រួមទាំងគ្រូបង្គោលលោក សែម សំណាង ក៏មានការខកចិត្តខ្លាំងផងដែរ។ រីឯកីឡាករឆ្នើម ប្រាក់ មុន្នីឧត្តម របស់ក្រុមព្រះខ័នរាជស្វាយ ដែលបានប្តូរចេញដោយបញ្ហារបួសតាំងពីនាទីទី៦៨នោះ បានស្រក់ទឹកភ្នែក ព្រោះរំភើបខ្លាំងពេកជាមួយការឈ្នះភ្នំពេញក្រោន ទាំងព្រលឹងចុងសក់នេះ។

mm11

ផ្ទុយពីនេះ ក្រុមទ័ព បានលត់ក្រុមស៊ីម៉ាក់ ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃពុធនោះដែរ។ បើទោះបីជា ការស៊ុតបាល់សំដៅទីជាច្រើនគ្រាប់របស់ ច្រឹង ពលរ័ត្ន មិនទទួលបានលទ្ធផលល្អ ប៉ុន្តែនៅដើមតង់ទី២ គឺនៅនាទីទី៤៧ ខ្សែបម្រើ ឈិន ឈឿន បានបំប៉ោងសំណាញ់ទីរបស់ភ្នំពេញក្រោន យ៉ាងល្អ ហើយ កែ វណ្ណៈ បានបន្ថែម១គ្រាប់ទៀតនៅទីទី៦៨ មុនពេល សុក ចាន់រស្មី បានបញ្ជូនបាល់យ៉ាងស្អាតឲ្យ ឈិន ឈឿន ស៊ុតចូល១គ្រាប់ទៀតនៅនាទីទី៧៩។

mm10

ការយកឈ្នះក្រុមស៊ីម៉ាក់ ៣-០ កាលពីម្សិលមិញបានជួយឲ្យក្រុមទ័ព ឡើងទៅជួបក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានបានធ្លាក់ពីការប្រកួតនេះត្រឹមវគ្គជម្រុះតាមពូល កាលពីឆ្នាំ២០១៥ ខណៈក្រុមស៊ីម៉ាក់ ត្រូវដណ្តើមលេខ៣ជាមួយភ្នំពេញក្រោន ដែលពួកគេធ្លាប់ស្មើ ០-០ ក្នុងវគ្គជម្រុះតាមពូលកន្លងមក ហើយការប្រកួតផ្តាច់ព្រ័ត្រ និងប្រកួតយកលេខ៣នេះ នឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ៕

mm9

mm8