រន្ធត់​គ្រប់​គ្នា ! ធ្លាយ​ពោះវៀន​ចេញ​ក្រៅ​ស្ទើរ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់

ខេត្ត​ប៉ៃលិន ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្ទើរ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ ធ្លាយ​ពោះវៀន​ចេញ​មក​ខាងក្រៅ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​​ត្រូវ​រថយន្ត​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ជុន ខូ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អាជីវក​របើក​ម៉ូតូ​លក់​ម្ហូប​តាម​ភូមិ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-9552 រង​ការ​ខូចខាត​ទាំងស្រុង ។ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណបាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ដោយ​បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A-4229 រង​ការ​ខូចខាត​ផ្នែក​ខាងឆ្វេង​ធ្ងន់ធ្ងរ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​កន្លែង​កើតហេតុ​ក៏​បត់​ឆ្លងផ្លូវ​ទៅ​ខាងឆ្វេង​ដៃ តែ​បត់​មិន​ទាន់​ផុត​ផង ស្រាប់តែ​មាន​រថយន្ត​ខាងលើ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​ចំ​ពីមុខ​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ទាំង​ម៉ូតូ​និង​មនុស្ស​ជាង​៥០​ម៉ែត្រ បណ្តាល​ឱ្យ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ស្ទើរ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង រួច​ក៏​បាន​ប្រគល់​សព​ជន​រង គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ និង​រថយន្ត ត្រូវ​បាន​នគរបាល​អូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕