សម្តេច​តេ​ជោ ហ៊ុន សែន ដក​តួនាទី​លោក​ផ្កាយ​៣ ម៉​ម ស្រ៊ី​ម​វ​ណ្ណា តែ​រក្សា​ឋានន្តរស័ក្តិ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) Page​របស់​សម្តេច​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ ​៖ «​ឆ្លងកាត់​ការ​ផ្តល់​យោបល់​របស់​បងប្អូន​មួយ​ចំនួន​ដែល​ផ្តល់​មតិ​តាម Facebook បន្ទាប់​ពី​ខ្ញុំ​ចាត់វិធានការ​លើ​លោក​ឧត្តមសេនីយ៍​ក្នុង​រយៈពេល​ដែល​ខ្ញុំ​មិន​ទាន់​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវការ​ដែល​ខ្ញុំ​សូម​ធ្វើការ​កែតម្រូវ​លើ​វិធានការ​ដូច​ខាងក្រោមៈ

១.​អនុវត្ត​វិន័យ​ចំពោះ​លោក​ឧត្តមសេនីយ៍ ម៉​ម ស្រីុ​ម​វ​ណ្ណា ដោយ​ដក​តួរ​នាទី​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប៉ុន្តែ​រក្សា​ទុក​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយឯក​នៃ​នគរបាល​ជាតិ​តទៅ​ទៀត​។ នា​ពេល​ខាង​មុខ​ប្រ​សិន​លោក ម៉​ម  ស្រីុ​ម​វ​ណ្ណា ស្គាល់​កំហុស​និង​ធ្វើការ​កែប្រែ ក្រសួងមហាផ្ទៃ​អាច​លើក​សំណើរ​តែងតាំង​ក្នុង​មុខ​ដំណែង​ណាមួយ​សម​ស្រប ។ នេះ​ជា​ឱកាស​សំរាប់​ការ​កែខ្លួន ក្នុង​ករណី​យ​មិន​កែប្រែ​វិន័យ​នឹង​មាន​បន្ត​ទៀត​។

២.​ស្នងការ​នគរបាល​រាជធានី ត្រូវ​អប់រំ​មន្ត្រី​នគរបាល​ដែល​ប្រើ​ពាក្យ​សំដី​មិន​គប្បី​ហើយ​ប្រគល់​ការងា​អោយធ្វើ​ឡើង​វិញ​។

​៣.​ក្រសួង​មហា​ផ្ធៃ អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវ​ធ្វើការ​អប់រំ​នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស​អំពី​សីល​ធ​ម៍ សុ​ជីវ​ធ​ម៍ វិន័យ​។​ល​។​ត្រូវ​សុភាព​រាបសារ​តែ​ហ្មឺ​ង​ម៉ាត់​ក្នុង​ការ​អនុវត្ត​ច្បាប់​។

៤.​ខ្ញុំ​នឹង​មានការ​រីករាយ​ប្រ​សិន​លោក​ឧត្តមសេនីយ៍ និងលោក​អនុ​សេនីយ៍​បាន​ជួប​គ្នា​រាប់អាន​គ្នា​ជំនួស​ឱ្យ​ជម្លោះ​កន្លង​មក​។

៥.​អំពាវនាវ​បងប្អូន​ជនរួមជាតិ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា និង​សូម​ចូលរួម​ផ្តល់​មតិ​លើ​ចំណុច​ខ្វះខាត​ចំពោះ​មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​ប្រជាពលរដ្ឋ​។

ខ្ញុំ​សង្ឃឹមថា​ដំណោះស្រាយ​នេះ​នឹង​ទទួល​បានការ​គាំទ្រ​។ ខ្ញុំ​សំរាក​បាន​ត្រឹម​២​ម៉ោង​ប៉ុណ្ណោះ​ដោយសារ​រឿង​មួយ​នេះ​៕