​ស្លាប់​ខ្លួនឯង ព្រោះខ្លាច​បាត់​​ឈើ​១ដុំ

​ខេត្ត​ស្ទឹង​ត្រែង ​៖ ​សាកសព​បុរស​​ម្នាក់ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៩ ​មិថុនា​​ ២០១៦ ​ក្រោយ​​បាត់​ខ្លួន​​​​៣​​ថ្ងៃ​​​ ខណៈ​​​ស្រវឹងស្រា​ចុះ​ទៅ​ចង​​ឈើ​​ក្នុង​​ទឹក​​ទន្លេ ​​កាលពី​ថ្ងៃ​ទី​២៧ ​មិថុនា កន្លងមក​​​ ​ដោយ​មាន​ខ្សែ​នីឡុង​រុំ​ជាប់​ខ្លួន​ជាមួយនឹង​ឈើ​​ធ្នង់​មួយ​​ដុំ​ ។

ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ​ធី រ​ដ្ឋា (​ហៅ​ប៉ិត​) អាយុ​​២៣​ឆ្នាំ ​មាន​ទីលំនៅ​​ក្នុងភូមិ​សៀម​ប៉ា​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​​សព​ស្ថិត​នៅ​ចំណុច​អូ​ខាន់​ឌឿ ​ភូមិ​ឡា​កាយ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ​។

បើតាម​ប្រភព​​​ក្រុម​គ្រួសារ​​ឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​បាន​​ផឹកស្រា​ស្រវឹង​ ក្រោយមក​បាន​ចុះ​ទៅ​មុជទឹក​ ដើម្បី​ចង​ឈើ ព្រោះ​ខ្លាច​ឈើ​​របស់​ខ្លួន​ត្រូវ​ប៉ើង​​ទៅ​តាម​ទឹក តែ​មិនដឹង​ថា ​គាត់​យក​ខ្សែ​នីឡុង​ទៅ​ចង​ចង្កេះ​ខ្លួនឯ​ង​ចុះ​​ទៅ​​មុជទឹក​ ដើម្បី​ចង​ឈើ​នោះ​ដែរ​ ទើប​​បណ្តាល​ឱ្យ​​ខ្សែ​នីឡុង​រុំ​នោះ​ជាប់​ខ្លួន​ហើប​ឡើង​មិន​រួច​​ទៅវិញ ​។

លោក​​អធិការ​ស្រុក​សៀម​ប៉ា​ង​ក៏​​ប្រាប់​អ្នក​យក​​ព័ត៌មាន​កោះសន្តិភាព​​ថា ​ជន​រង​គ្រោះ​ដោយសារ​តែ​ខ្លួន​ផឹក​ស្រវឹង​​​ចុះ​ទៅ​មុជទឹក​​ចង​ឈើ ដោយ​បាន​យក​ខ្សែ​នីឡុង​ចង​ជាប់​ចង្កេះ​របស់​ខ្លួន ​រួច​ចុះ​ទៅ​មុជទឹក​ដើម្បីទៅ​ចង​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​​មាន​ទំហំ​២​តឹក​កន្លះ​ប្រវែង​២​ម៉ែត្រ ​​តែ​ដោយ​គាត់​​ស្រវឹង​ខណៈ​ចុះ​ទៅ​ចង​ឈើ​​នោះ​​ខំប្រឹង​ហែល​រើបំរះ ធ្វើ​ឱ្យ​ខ្សែ​នីឡុង​ដែល​ជាប់​នឹង​ចង្កេះ​រុំ​ជាប់​ខ្លួន​ជាមួយ​ និង​ដុំ​ឈើ​ទើបបណ្តាល​ឱ្យ​​ឈ្លក់ទឹក​ស្លាប់​ ។