អំពាវនាវ​ឱ្យ​​ចាប់​​ប្តី​ មក​ទទួល​ខុស​ត្រូវ​

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​មេម៉ាយ​ម្នាក់​បាន​រៀបរាប់​ថា គាត់​ចង់​ប្តឹង​សមត្ថកិច្ច​ឱ្យ​តាម​ចាប់​ប្តី​គាត់ ដែល​បោះបង់​គាត់ និង​កូន​៤​នាក់ ដោយ​​​​មិន​ទទួលខុសត្រូវ ហើយ​ទៅ​មាន​ប្រពន្ធ​ថ្មី​ទៀត ទុក​គាត់​ឱ្យរ​ស់ទាំង​លំបាក​វេទនា ស្ទើរ​ដាច់​បាយ​ម្តង​ៗ ដោយ​ខំ​ត្រដររស់​លើ​មុខរបរ​វ៉ៃ​ថ្ម​លក់ ចិញ្ចឹម​កូន​ៗ ទាំង​៤​នាក់ រស់​ក្នុង​ជីវិត​ជា​ឪពុក​ផង ជា​ម្តាយ​ផង ។

នៅ​លើ​អង្រឹង​ក្នុង​រោង​តូច​មួយ ជា​កន្លែង​ជ្រក​សម្រាប់​វ៉ៃ​ថ្ម ជើងភ្នំ​ថ្ម​រៀង ស្ថិត​ក្នុងភូមិ​ថ្ម​រៀង ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ស្ត្រី​ខាង​លើ​បាន​រៀបរាប់​ថា រូប​គាត់​ឈ្មោះ គឹ​ម សាន្ត អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។ នៅ​ឆ្នាំ​២០០៣ គាត់​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់ ឈ្មោះ អុ​ី​ត សា​វឿ​ន អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ។

ក្រោយ​ពី​រៀបចំ​មង្គលការ ម្តាយ​ទុក​ឪពុក​ដាក់ គាត់​បាន​ចំណងដៃ​អាពាហ៍ពិពាហ៍ គឺ​កូនប្រុស​ស្រី​៤​នាក់ ក្នុង​ជីវភាព​ធ្វើស្រែ និង​ប្តី​ធ្វើ​ជា​ជាងសំណង់ ដោយ​ភាព​សុខសាន្ត និង​សុភមង្គល ទោះ​ក្នុង​ជីវភាព​ក្រីក្រ​ក្តី ។ ប៉ុន្តែ​ក្តី​សុខ​នេះ មិន​ស្ថិតស្ថេរ​ឡើយ ដោយ​ប្តី​គាត់​បាន​ទៅ​មាន​ប្រពន្ធចុង នៅ​ស្រុក​កំពង់ត្រឡាច ហើយ​បាន​បោះបង់​គាត់​តាំងពី​គាត់​មាន​ផ្ទៃពោះ​កូន​ទី​៤​បាន​៧​ខែ ខណៈ​ដែល​ប្តី​គាត់​បាន​ទៅ​ធ្វើការ​ជា​ជាងសំណង់​នៅ​ទីនោះ ។ កាល​ណោះ​គាត់​បាន​ទៅ​ព្យាយាម​អង្វរ​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ក្តី នៅ​តែ​ប្តី​មិន​មក​ដែរ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ដោយ​ទឹកភ្នែក​ថា ពេល​គាត់​សម្រាល​កូនពៅ​ទី​៤ ប្តី​គាត់​បាន​ត្រឡប់​មក​ជួយ​ដុត​ភ្លើង​ឱ្យ​គាត់​បាន​៣​ថ្ងៃ​គត់ ហើយ​បាន​ត្រឡប់​ទៅ​វិញ ដោយ​មិន​ទទួលខុសត្រូវ​អ្វី​ឡើយ ។ ដោយសារ​តែ​ជីវភាព​ខ្វះខាត​ស្ទើរ​ដាច់​បាយ គាត់​បាន​ព្យាយាម​ទៅ​វ៉ៃ​ថ្ម​លក់ ដើម្បី​ដោះស្រាយ​ក្រពះ និង​ចិញ្ចឹម​កូន ។ កាល​ណោះ​គាត់​បាន​ទាស់​ដោយ​សរសៃ​ខ្ចី កុំ​បាន​អ្នកស្រុក​ជួយ​រក​ថ្នាំ​ដង្កូវ​ទាន់​ម្លេ​៉ះ​សម គាត់​មិន​អាច​រស់​ដល់​ពេល​នេះ​ទេ ។

កាលពី​មួយ​ខែ​មុន​គាត់​បាន​ទៅ​រក​ប្តី​រូប​នោះ​ដល់​ស្រុក​កំពង់ត្រឡាច ស្រាប់តែ​ប្តី​នោះ​បាន​គេចខ្លួន​ជាមួយ​ស្រី​នោះ​បាត់​ទៅ​ហើយ មិនដឹង​ថា​ទៅ​រស់នៅ​ទីណា​នោះ​ទេ ។ ការ​ដែល​គាត់​ចុះ​កាសែត​នេះ ព្រោះ​ចង់​ប្តឹង​សមត្ថកិច្ច​គ្រប់​ទីកន្លែង ចាប់​យកប្តី​គាត់​ម្នាក់​នេះ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ព្រោះ​គាត់​គ្មាន​ប្រាក់​កាស​ណា សម្រាប់​ប្តឹង​ប្តី​កំហូច​នេះ​តាម​ផ្លូវច្បាប់​នោះ​ទេ មាន​តែ​ឱ្យ​សមត្ថកិច្ច បើ​ឃើញ​ប្តី​គាត់​នៅ​ទីណា ចាប់​នៅ​ទីនោះ​ផ្តន្ទាទោស​ចុះ ។ ស្ត្រី​រូប​បាន​បញ្ជាក់​ពី​ជំហរ​ថា បើ​ប្តី​គាត់​ត្រឡប់​មក​វិញ​គាត់ មិន​យក​វិញ​ឡើយ ។

ជា​ចុង​ក្រោយ​គាត់​សំណូមពរ​ដល់​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ជួយ​រក​យុត្តិធម៌​ជូន​គាត់​ផង ព្រោះ​ពេល​នេះ គាត់​ក្រីក្រ​ខ្លាំង​ណាស់​គ្មាន​សមត្ថភាព​នឹង​ទៅ​ប្តឹងផ្តល់​ដល់​ប្រព័ន្ធ​តុលាការ​ឡើយ ។ ម្យ៉ាងវិញទៀត គាត់​សូម​អំពាវនាវ​ដល់​សប្បុរសជន​គ្រប់​ទី​ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ដល់​រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​ផង ព្រោះ​ឥឡូវនេះ​គាត់​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់ កូន​៤​នាក់ ស្ទើរ​ដាច់​ពេល​ទៅ​ហើយ។

បើ​ទោះជា​ស្ត្រី​រូប​នោះ​ចង់ឱ្យ​សមត្ថកិច្ច​ចាប់​ប្តី​គាត់​ផ្តន្ទាទោស​ពិតមែន តែ​ច្បាប់​មិនមែន​ចេះ​តែ​ធ្វើ​តាម​គាត់​បាន​ទេ ដរាបណា​មាន​ពាក្យបណ្តឹង​ពី​រូប​គាត់​ជា​ជន​រង​គ្រោះ និង​មាន​សាក្សី​ដែល​អាច​ដំណើរការ​តាម​ផ្លូវច្បាប់​បាន ។ ចំណែក​មតិ​មហាជន​វិញ បាន​លើក​ឡើង​ថា  មិន​គួរ​ប្តី​រូប​នោះ​ចិត្តដាច់​ដល់​ម្លឹ​ង​យ៉ាង​ហោច​ណាស់ ក៏​ត្រឹម​ជួយ​ផ្តល់​ថវិកា​មក​ជួយ​ចិញ្ចឹម​កូន​ដែរ មិនមែន​ចេះ​តែ​ដើរ​បង្កើត​ចោល​ដូច​សត្វ​ធាតុ​នោះ​ឡើយ ៕