សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ តុលាការ​ខេត្ត​កោះកុង​ប្រកាស​សាលក្រម​ថ្ងៃ​ទី​១​ កក្កដា

សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ តុលាការ​ខេត្ត​កោះកុង​ប្រកាស​សាលក្រម​ថ្ងៃ​ទី​១​ កក្កដា



កោះកុង ​៖ ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦​ខាង​មុខ​នេះ សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ ដែល​ត្រូវ​ប្តឹង​ដោយ​ក្រុមហ៊ុន​បូម​ខ្សាច់ នឹង​ត្រូវ​ប្រកាស​សាលក្រម​ហើយ ក្រោយ​បញ្ចប់​សវនាការ​រយៈពេល​២​ថ្ងៃ​ដ៏​ចម្រូងចម្រាស​ ព្រោះតែ​មានការ​តវ៉ា​នៅ​ខាងក្រៅ​របង​តុលាការ​នោះ។

សូម​បញ្ជាក់​ថា សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិ​ចំនួន​៣​រូប ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ តាម​ពាក្យ​បណ្ដឹង​ចំនួន​២​គឺ​ទី​១​ធ្វើឡើង​ដោយ​លោក អន ភារៈ​ អភិបាល​ស្រុក​បុទុមសាគរ និង​ទី​២​ធ្វើឡើង​ដោយ​លោក ខិម សា​ម៉េ​ត ដែលជា​តំណាង​ក្រុមហ៊ុន​បូម​ខ្សាច់ ឈ្មោះ ដាយ រិច អា សេស ( Direc Acec ) ដោយ​ចោទ​ទៅលើ​សកម្មជន​ទាំង​៣​រូប ចំពោះ​ការដឹកនាំ​ពលរដ្ឋ​ចំនួន​៥ សហគមន៍ ដើម្បី​ធ្វើការ​តវ៉ា ពី​សកម្មភាព​បូម​ខ្សាច់ នៅក្នុង​ព្រែក​អណ្តូងទឹក ស្ថិតក្នុង​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដោយ​ពួកគេ​បាន​ធ្វើ​ការរារាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ខាងលើ និង​បាន​ចោទ​ថា ក្រុមហ៊ុន​ខាងលើ​បាន​បូម​ខ្សាច់​ខុស​ទីតាំង និង ខុស​លក្ខណៈ​បច្ចេកទេស។

ក្នុង​នោះ​ពួកគេ​ក៏ត្រូវ​បាន​លោក​អភិបាលស្រុក​បុ​ទុម​សាគរ ប្តឹង​ចោទប្រកាន់​ពីបទ​រារាំង និង​រំខាន​កិច្ចការ​រដ្ឋបាល​របស់​អាជ្ញាធរ​ដែនដី និង​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សង្គម។ ចំណែកឯ​ក្រុមហ៊ុន​បូម​ខ្សាច់​បាន​ប្តឹង​ចោទប្រកាន់ថា ពួកគេ​បាន​រារាំង និង​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា សម្រាប់​អាជីវកម្ម​របស់​ក្រុមហ៊ុន ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល និង គំរាមកំហែង កម្មករ​របស់​ក្រុមហ៊ុន និង​បាន​ទាមទារ​សំណង​ជា​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ៕

សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ តុលាការ​ខេត្ត​កោះកុង​ប្រកាស​សាលក្រម​ថ្ងៃ​ទី​១​ កក្កដា

សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ តុលាការ​ខេត្ត​កោះកុង​ប្រកាស​សាលក្រម​ថ្ងៃ​ទី​១​ កក្កដា