ដឹងទេថា ទូរស័ព្ទដៃ ផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពរបស់អ្នក?

យុគសម័យបច្ចេកវិទ្យាទំនើបនេះ បានធ្វើឲ្យ មនុស្សជិត ៥ ពាន់លាននាក់ នៅទូទាំងពិភពលោក សុទ្ធតែមានទូរស័ព្ទដៃ ប្រើប្រាស់ផ្ទាល់ខ្លួនគ្រប់ៗគ្នា មិនថាតែ នាយកប្រតិបត្តិក្រុមហ៊ុន ចំនូលរាប់លានដុល្លារ សិស្សនិស្សិត ឬក៏អ្នករត់តុ នោះទេ។ មនុស្សភាគច្រើន មិនបានគិតពីហានិភ័យរបស់ទូរស័ព្ទដៃទេ ព្រោះពួកគេផ្តោតតែពីអត្ថប្រយោជន៍របស់វា ដែលអាចផ្ញើសារ អ៊ីម៉ែល ខលជាវីដេអូ និងផ្សេងៗទៀត។ ភាពងាយស្រួលអស់ទាំងនេះ នឹងអាចផ្តល់នូវបញ្ហាសុខភាព ហើយកាន់តែអាក្រក់បំផុតនោះគឺ ហានិភ័យនៃជំងឺមហារីក។

ខាងក្រោមនេះ ជាផលប៉ះពាល់ពីទូរស័ព្ទដៃរបស់អ្នក ទៅលើសុខភាព និងរបៀបកាត់បន្ថយហានិភ័យទាំងនោះ ដោយការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ៖ 

១. ជំងឺមហារីក

ការសិក្សាជាច្រើន បង្ហាញថាការប្រើប្រាស់ទូរស័ព្ទដៃ អាចបង្កឱ្យមានជំងឺមហារីកបាន។ ពួកគេបានសន្និដ្ឋានថា អ្នកដែលប្រើប្រាស់ទូរស័ព្ទ សុទ្ធតែរងហានិភ័យខ្ពស់ពីជំងឺ “Gliomas” ដែលជាដុំសាច់ដ៏សាហាវក្នុងខួរក្បាល។ ភ្នាក់ងារអន្តរជាតិសម្រាប់ស្រាវជ្រាវជំងឺមហារីក (IARC) បានកំណត់ថា រលកអេឡិចត្រូវិទ្យុសកម្ម ដែលចេញពីទូរស័ព្ទ អាចបង្កជាជំងឺមហារីកដល់មនុស្ស។ ផលប៉ះពាល់អវិជ្ជមាន របស់វាទាមទាររយៈពេលយូរ មិនមែនភ្លាមៗនោះទេ។

ដើម្បីប្រយុទ្ធប្រឆាំងនឹងហានិភ័យជំងឺនេះ អ្នកគួរតែកាត់បន្ថយ ការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍ឥតខ្សែ (wireless devices) ផ្សេងទៀត។ បើសិនជាអាច អ្នកគួរប្រើខ្សែជំនួសវិញ។ អ្នកត្រូវរក្សាទុកទូរស័ព្ទ ក្នុងកាតាប ឬកាបូបក៏បាន និងជៀសវាងដាក់ទូរស័ព្ទនៅក្នុងហោប៉ៅ។ សំរាប់បុរសៗ រឿងនេះជារឿងសំខាន់ណាស់ ព្រោះការទុកទូរស័ព្ទក្នុងហោប៉ៅខោ ជាប់នឹងត្រគាក អាចធ្វើឲ្យប៉ះពាល់ដល់មេជីវិត (មិនអាចមានកូនបាន)។ រីឯពេលនិយាយទូរស័ព្ទ គួរតែប្រើកាស មកជំនួសការដាក់ទូរស័ព្ទផ្ទាល់នឹងត្រចៀក។

២. បញ្ហាភ្នែក

អេក្រង់តូចៗ របស់ទូរស័ព្ទ ធ្វើឲ្យមនុស្សម្នាក់ៗ ត្រូវប្រឹងប្រើភ្នែក ដើម្បីអានសារ ឬលេងហ្គេមជាដើម ដែលនេះនឹងធ្វើឲ្យមានបញ្ហាភ្នែកនៅពេលក្រោយជាមិនខាន។ នៅពេលដែលអ្នកប្រឹងប្រើភ្នែកសម្លឹងមើលខ្លាំង អ្នកអាចនឹងភ្លេចព្រិចភ្នែករបស់អ្នក ដែលបណ្តាលឲ្យភ្នែកប្រែជាស្ងួត និងព្រិលមើលលែងច្បាស់ រហូតដល់ត្រូវសម្រេចចិត្តប្រើ វ៉ែនតា ឬ contact lens ជំនួយទៀតផង។ ជាងនេះទៅទៀត ពន្លឺដែលជះពីទូរស័ព្ទ អាចបង្កឲ្យកើតជា ជំងឺភ្នែកឡើងបាយផងដែរ។

៣. ឈឺចាប់រ៉ាំរ៉ៃ

ការដែលអ្នកអង្គុយលេងសារ ឬផ្ញើរអ៊ីម៉ែល ជាប់រហូតនោះ គឺដូចជាដាក់សម្ពាធដល់ កដៃ និងប្រអប់ដៃ របស់អ្នកដូច្នោះដែរ។ ឥរិយាបទដែលយើងព្យាយាមកាន់ទូរស័ព្ទ ធ្វើឲ្យមានការឈឺចាប់ដល់ ក និង ខ្នង។ លោកវេជ្ជបណ្ឌិតម្នាក់បានលើកឡើងថា ការដែលយើងនៅអង្គុយស្ងៀមសម្លឹងមើលតែទូរស័ព្ទនោះគឺ បណ្តាលឲ្យឆ្អឹងដងកាំបិត រងសម្ពាធពីទម្ងន់របស់ក្បាលខ្លាំង ធ្វើឲ្យអ្នកឈឺ ក ឈឺក្បាល និងឈឺស្មារ៉ាំរ៉ៃ។ 

៤. គេងមិនលក់ និងបញ្ហាគេងផ្សេងទៀត

ទូរស័ព្ទដៃ ជាពិសេសស្មាតហ្វូន មានផលប៉ះពាល់ទៅលើការគេងរបស់អ្នក។ អ្នកជំនាញខាងចិត្តវិទូម្នាក់បានលើកឡើងថា គេបានរកឃើញ ពន្លឺដែលជះចេញពីទូរស័ព្ទ នៅពេលយើងប្រើប្រាស់នៅពេលយប់នោះ អាចរំខានដល់ការគេង និងបង្កើតឲ្យមានទម្លាប់គេងខុសពេល ខុសវេលាបាន។ ក្រុមអ្នកវិទ្យាសាស្ត្រ សាលាវេជ្ជសាស្ត្រ Harvard បានសិក្សាពី ផលប៉ះពាល់ ពន្លឺពីទូរស័ព្ទ ដល់ការគេង និងសុខភាពរបស់មនុស្ស។ ពួកគេបានរកឃើញ រលកជាក់លាក់នៃពន្លឺទូរស័ព្ទ ដែលទប់ស្កាត់អរម៉ូន Melatonin នៅក្នុងខួរក្បាល (អរម៉ូន Melatonin ជាអរម៉ូនធ្វើឲ្យគេងលក់ ផលិតដោយក្រពេញ Pineal នៅពេលយប់)។ ការស្រាវជ្រាវបានបង្ហាញថា ពន្លឺពណ៌ខៀវដែលជះចេញពីទូរស័ព្ទ ពន្យាការផលិតអរម៉ូន Melatonin ក្នុងខួរក្បាល បំផ្លាញទម្លាប់គេង រំញោចប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចធ្វើឲ្យអ្នកមានអារម្មណ៏មិនល្អ។ ផលប៉ះពាល់លើការគេង ឬគេងមិនគ្រប់គ្រាន់នេះ នឹងប៉ះពាល់ដល់សុខុមាលភាពរាងកាយ និងអារម្មណ៍របស់អ្នក និងបណ្តាលឲ្យមានជំងឺច្រើន អាចកើតជាជំងឺធ្លាក់ទឹកចិត្តក៏មាន។

*វិធីការពារ ពីផលប៉ះពាល់របស់ទូរស័ព្ទ

• ត្រូវបិទបើកភ្នែកឲ្យបានញឹកញាប់ នៅពេលប្រើទូរស័ព្ទ។ អ្នកក៏អាចប្រើទឹកថ្នាំ បណ្តក់ភ្នែក ជាជំនួយការពារកុំឲ្យស្ងួតភ្នែក

• កំណត់ពេលសម្លឹងមើលអេក្រង់ទូរស័ព្ទ។ ត្រូវសម្រាកភ្នែកចេញពីទូរស័ព្ទឲ្យបាន ២ ទៅ ៣ នាទីម្តង ដើម្បីជួយសម្រួលសាច់ដុំភ្នែកបានទាំងខាងក្នុងនិងខាងក្រៅ

• ដាក់កម្រិតលើកុមារ មិនឲ្យចំនាយពេលប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍ដទៃ

• អាចប្រើប្រាស់វ៉ែនតា ឬ Contact Lenses ជាជំនួយ

*សម្រាប់ពេលចូលគេង

• បិទទូរស័ព្ទនៅពេលចូលគេង និងបើសិនជាអាច មិនគួរគេងក្នុងបន្ទប់ដែលមានទូរស័ព្ទ និងកុំព្យូទ័រនៅក្នុងនោះដែរទេ

• បិទទូរស័ព្ទ យ៉ាងហោចណាស់ ពីម៉ោង ៩ យប់ទៅ

• ព្យាយាមបន្ថយពន្លឺទូរស័ព្ទ នៅពេលប្រើប្រាស់ពេលយប់ និងដាក់ឲ្យឆ្ងាយពីមុខ យ៉ាងហោចណាស់ ៣៥ សង់ទីម៉ែត្រ

• ត្រូវទាក់ទងពិគ្រោះជាមួយគ្រូពេទ្យ នៅពេលដែលរងការឈឺចាប់ត្រង់ ក ខ្នង ស្មា ឬដៃ ដើម្បីការពារការឈឺចាប់កាន់តែរ៉ាំរ៉ៃជាងនេះ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដឹងទេថា ទូរស័ព្ទដៃ ផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពរបស់អ្នក?

ដឹងទេថា ទូរស័ព្ទដៃ ផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពរបស់អ្នក?

ដឹងទេថា ទូរស័ព្ទដៃ ផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពរបស់អ្នក?