គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ផ្តោតលើ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន និង​ផែនការ​ពេលខាងមុខ​

​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​នេះ បាន​បញ្ជាក់ថា​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួបប្រជុំ​ពិសេស​ជាមួយ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ កិច្ច​ប្រជុំបាន​ពិភាក្សា​ផ្តោតលើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ហើយនឹង​ផែនការ​សកម្មភាព​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​អនុវត្តន៍​នៅពេល​ខាងមុខ ។​

​ក្នុងពេលដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​ពី​ន​នោះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​ឫទ្ធិ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រាយការណ៍​ជូន​អំពី​លទ្ធផល​ដែល​លោក​បានធ្វើ​កិច្ចការ​ការទូត​នៅ​ប្រទេស​មួយចំនួន​ដើម្បី​សុំ​អន្តរាគមន៍​ពី​បណ្ដា​ប្រទេស​មួយចំនួន ឲ្យ​ជួយ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ប្រសើរ​ឡើងវិញ និង​ជួយ​ដល់​ដំណើរការ​បោះឆ្នោត​ផងដែរ​។​

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ បាន​បន្ថែមថា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​រាយការណ៍​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពី​ការវិវត្តន៍​នយោបាយ​នៅ​កម្ពុជា ក្រោយពេល​អវត្តមានរ​បស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក អ៊ូ ច័ន្ទ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០១៦ ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​ជួបប្រជុំ​ជាមួយ​លោក សម រង្ស៊ី ទៀត​ដោយ​ផ្តោតលើ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៧-​ឆ្នាំ​២០១៨ និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដែល​ចម្រូងចម្រាស​នាពេល​បច្ចុប្បន្ន​។​

​គួរ​បញ្ជាក់ថា បើទោះជា​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាព​អាប់អួ​កម្រិត​ណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​។ ទន្ទឹមនឹងនេះ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​ជា​បន្តបន្ទាប់​ថា​គណបកស​ង្គ្រោះ​ជាតិ​នៅតែ​ផ្តោត​សំខាន់​លើ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ ហើយ​ថាបើ​មានការ​បោះឆ្នោត​ត្រឹមត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​មិន​ខាន​៕

13516324_1121545527910194_28112237359720824_n 13533323_1134104403312958_5212019153595070782_n