រុស្ស៊ីនិងតួកគីនៅលើផ្លូវរៀបរយទំនាក់ទំនងខ្លួនឲ្យមានប្រក្រតីភាពវិញ

ថ្ងៃពុធនេះ លោកប្រធានាធិបតីរុស្ស៊ីពូទីននឹងភ្ជាប់ខ្សែទូរស័ព្ទទៅសមភាគីតួកគីគឺ លោកប្រធានាធិបតី អ៊ែរដូហ្កាន់ដែលកាលពីល្ងាចថ្ងៃចន្ទ២៧មិថុនា បានផ្ញើសារមកសុំការអភ័យទោសចំពោះការបាញ់ធ្លាក់ ៧ខែមុនយន្តហោះចម្បាំងរបស់រុស្ស៊ីនៅត្រង់ព្រំដែន តួកគី-ស៊ីរី – សេចក្តីនេះ ត្រូវបានប្រកាសនារសៀលថ្ងៃអង្គារ៍ម្សិលមិញ ដោយអ្នកនាំពាក្យ ផ្លូវការរបស់វិមានក្រេមឡាំងលោក ឌ្មីទ្រី ពេស្កូវ ទាំងគូសបញ្ជាក់ថា “ ការស្តារឲ្យមានប្រក្រតីភាពឡើងវិញ “ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវការពេលវេលាជាក់លាក់។

ថ្លែងទៅពួកអ្នកកាសែត អ្នកនាំពាក្យវិមានក្រេមឡាំង បានលើកឡើងថា” ការដែលលោកប្រធានាធិបតីតួកគី អ៊ែរដូហ្កាន់បានផ្ញើសារ មកកាន់សមភាគីរុស្ស៊ី គឺជាជំហានសំខាន់ ណាស់សម្រាប់រៀបរយទំនាក់ទំនងរវាងតួកគីនិងរុស្ស៊ីឲ្យមានប្រក្រតីភាពវិញ ប៉ុន្តែមិនត្រូវ នឹកស្មានឡើយថាការរៀបរយនេះ អាចសម្រេចបានដូចចិត្តតែក្នុងប៉ុន្មានថ្ងៃសោះ”។
លោក ពេស្កូវ បន្ថែមថាថ្ងៃពុធ២៩មិថុនា លោកប្រមុខរដ្ឋរុស្ស៊ីនឹងផ្តើមគំនិត សន្ទនាតាមទូរស័ព្ទជាមួយសមភាគីតួកគី។ លោកប្រធានាធិបតីពូទីន តែងបាននិយាយជាច្រើនលើកទៅហើយអំពីបំណងគាត់មានទំនាក់ទំនងល្អ ជាមួយដៃគូតួកគីទាំងលម្អិតថា ក្រុងម៉ូស្គូ បានរុញច្រានចេញមកមិនដឹងជាប៉ុន្មានដងទៅហើយ “ល័ក្ខខ័ណ្ឌ” មាន៣ចំណុចសម្រាប់ភាគីតួកគីបំពេញតាមដើម្បីស្តារឡើងវិញទំនាក់ទំនងជាមួយរុស្ស៊ី។ ប្រាកដណាស់ដែលភាគីទាំងសងខាងត្រូវឈានជំហានជាច្រើនថែមទៀតដើម្បីខិតចូលជិតគ្នា។

ជាការរំលឹក ល័ក្ខខ័ណ្ឌមាន៣ចំណុចនោះ ចែងថា ៖ ទី១- តួកគីត្រូវសុំទោសរុស្ស៊ី ចំពោះការបាញ់ធ្លាក់យន្តហោះយោធារុស្ស៊ី ធុន Su-24 ដោយយន្តហោះប្រដេញតួកគីធុន F-16 កាលពីថ្ងៃ២៤វិច្ឆិកាឆ្នាំ២០១៥ នៅត្រង់ព្រំដែន តួកគី-ស៊ីរី , ទី២- ត្រូវសងមករុស្ស៊ីចំពោះ ការបាត់បង់យន្តហោះនោះ , និងទី៣ – ត្រូវប្រគល់ មកឲ្យរុស្ស៊ី ជនដៃដល់តួកគី ដែលបានបាញ់សម្លាប់ពីឡុតរុស្ស៊ី ពេលគេលោតតាមឆ័ត្រយោងចុះមកដី ក្រោយពីគេចេះចាកចេញ បានទាន់ពេលវេលាពីយន្តហោះនោះដែលឆេះទ្រលោមទៅហើយ។

ដូច្នេះឃើញថាពីក្នុងចំណោមល័ក្ខខ័ណ្ឌនោះ តួកគីទើបបំពេញតែចំណុចទី១ប៉ុណ្ណោះ គឺការសុំទោសរុស្ស៊ី។ ទាក់ទងនឹងចំណុចទី២ ក្រុងអង់ការ៉ា បានថ្លែងម្សិលមិញថា ខ្លួនប្រកែកមិនព្រមបង់ថ្លៃខូតខាតអ្វីណាមកឲ្យរុស្ស៊ីឡើយ។ ទាក់ទងនឹងចំណុចទី៣ តួកគីនៅស្ងៀមស្ងាត់តែម្តង។

ក្រុងអង់ការ៉ា អះអាងថា ខ្លួនបានបាញ់យន្តហោះរុស្ស៊ី ពីព្រោះយន្តហោះនោះ បានហោះចូលដែនអាកាសតួកគី ប៉ុន្តែរុស្ស៊ី បដិសេធដាច់អហង្ការហើយចាត់វិធានការសងសឹកវិញ ជាពិសេសផ្នែកពាណិជ្ជកម្មបែបយ៉ាង ហាមមិនឲ្យទំនិញតួកគីនាំចូលរុស្ស៊ី ខ្ទប់ផ្លូវមិនឲ្យទេសចររុស្ស៊ីទៅសម្រាកនៅតួកគីទៀតឡើយ ហេតុដែលនាំឲ្យតួកគីបង់ខាត អស់ទាំងពាន់លានៗដុល្លារទៅហើយ៕

ប្រភពៈ RFI