ថៃ​ត្រូវ​បាន​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ចោទ​ពី​បទ​មាន​អកប្បកិរិយា​លាក់ពុត

នៅថ្ងៃពុធ ទី២៩ មិថុនា ក្រុមអង្គការការពារសិទ្ធិមនុស្សបានបរិហាររបបសឹកក្នុងប្រទេសថៃពីបទមានអកប្បកិរិយាលាក់ពុតទាក់ទងនឹងច្បាប់ប្រឆាំងនឹងបទឧក្រិដ្ឋទារុណកម្ម និងការបាត់ខ្លួន។ គឺជាច្បាប់ដែលរបបសឹកកំពុងរៀបចំ និងដែលទទួលបានការសាទរពីក្រុមអង្គការសិទ្ធិមនុស្ស តែអ្វីដែលក្រុមអង្គការសិទ្ធិមនុស្សកំពុងបារម្ភ និងសម្គាល់ឃើញនោះគឺថា គោលដៅនៃគម្រោងច្បាប់មួយនេះក៏បានសំដៅវាយប្រហារលើខ្លួនដែរ។

ចំណាប់អារម្មណ៍លាយឡំនឹងក្តីព្រួយបារម្ភរបស់ក្រុមអង្គការការពារសិទ្ធិមនុស្សរបៀបនេះត្រូវបានសម្តែងឡើងនៅក្នុងវេទិកាមួយរៀបចំក្នុងទីក្រុងបាងកក ប្រទេសថៃនាថ្ងៃពុធ ទី២៩ មិថុនា។ លោកសំ ហ្សារីហ្វី អ្នកតំណាងឲ្យគណៈកម្មការអ្នកច្បាប់អន្តរជាតិបានបញ្ជាក់ដោយសោកស្តាយថា ក្រុមអង្គការការពារសិទ្ធិមនុស្សមានការសប្បាយចិត្តជាពន់ពេកនៅពេលដែលឃើញរបបសឹកបានរៀបចំឲ្យមានច្បាប់មួយប្រឆាំងនឹងបទឧក្រិដ្ឋទារុណកម្ម និងការបាត់ខ្លួន តែគួរឲ្យស្តាយពេលនេះ របបសឹកកំពុងបង្ហាញចេញនូវឥរិយាបទមួយផ្ទុយនឹងការពិតទៅវិញ។

ឥរិយាបទផ្ទុយនឹងការពិតដែលក្រុមអង្គការការពារសិទ្ធិមនុស្សសម្គាល់ឃើញនោះគឺថា របបសឹកក្រុងបាងកកបែរជាតាមរករឿងប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្សណាដែលហ៊ានចេញមុខបកអាក្រាតរឿងទារុណកម្មប្រព្រឹត្តិដោយរដ្ឋអំណាចទៅវិញ ពិសេសទង្វើទារុណកម្មរបស់ទាហានថៃនៅតំបន់ប៉ែកខាងជើងដែលកំពុងបន្តអុកឡុកដោយក្រុមឧទ្ទាមអ៊ីស្លាមថៃអ្នកទាមទារផ្តាច់ទឹកដី។ នៅក្នុងន័យនេះ ក្រុមអ្នកចូលរួមនៅក្នុងវេទិកាបានចោទ និងបរិហារត្រង់ៗពីឥរិយាបទលាក់ពុត ពុតត្បុតអាក្រក់របស់របបសឹក។

តួលេខផ្តល់ដោយក្រុមអង្គការការពារសិទ្ធិមនុស្សឲ្យដឹងថា គិតតាំងពីឆ្នាំ ១៩៨០ មកដល់សព្វថ្ងៃ មានសកម្មជនសិទ្ធិមនុស្សសរុបចំនួន ៨២នាក់បានបាត់ខ្លួន តែរដ្ឋអំណាចថៃបន្តធ្វើមិនដឹង មិនឮចំពោះបញ្ហានេះ។ សូមជម្រាបជូនថា របបសឹកកំពុងរៀបចំគម្រោងច្បាប់ប្រឆាំងនឹងបទឧក្រិដ្ឋទារុណកម្ម និងការបាត់ខ្លួន តែមិនបានប្រាប់ពីពេលវេលាដែលត្រូវបញ្ជូនច្បាប់នោះទៅឲ្យសភាសិក្សា ពិនិត្យទេ។ អ្វីដែលគេដឹង ច្បាប់នោះគ្រោងនឹងដាក់គុកចំនួន ២០ឆ្នាំចំពោះមន្រ្តីណាដែលប្រព្រឹត្តិទង្វើទារុណកម្ម ដាក់គុក ៣០ឆ្នាំ បើទង្វើទារុណកម្មបណ្តាលឲ្យមានរបួសស្នាមធ្ងន់ធ្ងរ និងដាក់គុកអស់មួយជីវិត បើទង្វើទារុណកម្មនោះធ្វើឲ្យបាត់បង់ជីវិតមនុស្ស៕

ប្រភពៈ RFI