ចំណេញ​តិច​ពាន់​​ដុល្លារ​អី បើ​សុទ្ធ​តែ​​​ទិញ Lexus មួយ​ទឹក​ទម្លាក់​ពី​កុងតឺន័រ

រាប់​ពី Lexus RX 330 និង 350 ស៊េរី ២០០៤ ជា​ដើម បើ​ទិញ​នៅ​ហាង​លក់​រថយន្ត​ផ្ទាល់ តម្លៃ​មិន​ក្រោម ៣ម៉ឺន​ដុល្លារ​ទេ តែ​បើ​ទៅ​ទិញ​ដល់​កន្លែង​ទម្លាក់​ឡាន​ពី​កុងតឺន័រ​តែ​ម្តង ​អាច​ចំណេញ​ដល់​ទៅ​ខ្ទង់​ពាន់​ដុល្លារ​ឯណោះ។

 

ចំណេញ​តិច​ពាន់​​ដុល្លារ​អី បើ​សុទ្ធ​តែ​​​ទិញ Lexus មួយ​ទឹក​ទម្លាក់​ពី​កុងតឺន័រ

 

រឿង​ចង់​ចំណេញ​និង​បាន​រថយន្ត Lexus RX 330 មួយ​ទឹក​មាន​គុណភាព​មិន​ធ្លាប់​បុក​ខ្ទេចខ្ទី លោក ឌី ដែល​ជា​អ្នក​ជំនាញ​ផ្នែក​មើល​រថយន្ត តែង​តែ​ទៅ​ទិញ Lexus មួយ​ទឹក​នៅ​កន្លែង​ទម្លាក់​រថយន្ត​ពី​កុងតឺន័រ​តែ​ម្តង។

 

លោក​ថា ​មុន​ពេល​ទិញ​រថយន្ត Lexus ​មួយ​ទឹក​ម្តងៗ លោក​មិន​ដែល​ទៅ​ទិញ​ឡាន​ស្អាត (ឡាន​ជួសជុល​និង​បាញ់​ថ្នាំ​រួច​រាល់) ចត​តាំង​ផ្ទាល់​នៅ​ហ្ការ៉ាស់​ឡាន​ទេ ព្រោះ​​មិន​ដឹង​ថា រថយន្ត​ទាំង​នោះ​ធ្លាប់​បុក​ខ្ទេច​កន្លែង​ណា​ខ្លះ​ឡើយ។ ដូច្នេះ​មាន​តែ​ទៅ​ទិញ​ផ្ទាល់​នៅ​កន្លែង​កុងតឺន័រ​ទម្លាក់​ឡាន​របស់​ហ្ការ៉ាស់​លក់​ឡាន​មួយ​ស្គាល់​គ្នា ​ក្នុង​ក្រុង​ភ្នំពេញ រួច​សឹម​យក​យក​កែកុន​ឲ្យ​ស្អាត​ខ្លួន​ឯង អស់​លុយ​តិច​តួច​ប៉ុណ្ណោះ។

 

មុន​ពេល​ទិញ​រថយន្ត​មួយ​ទឹក​ឲ្យ​បង​ប្អូន លោក ឌី តែង​តែ​ឲ្យ​បណ្ដាញ​នៅ​អាមេរិក ថត​រូបរាង​ឡាន​ចង់​ទិញ គ្រប់​ផ្នែក​ផ្ញើ​ឲ្យ​លោក ដើម្បី​ពិនិត្យ​ថា​តើ​មាន​ធ្លាប់​បុក​ធ្ងន់ធ្ងរ​ឬ​ទេ។ បើ​គ្រាន់​តែ​របក​ថ្នាំ​ឬ​ប៉ះ​ទង្គិច​តិចតួច លោក​ ឌី​ នឹង​សម្រេច​យក ហើយ​រង់​ចាំ​ទិញ​យក​ភ្លាម​ពេល​ទម្លាក់​មក​ដល់​ខ្មែរ​។

 

ចំណេញ​តិច​ពាន់​​ដុល្លារ​អី បើ​សុទ្ធ​តែ​​​ទិញ Lexus មួយ​ទឹក​ទម្លាក់​ពី​កុងតឺន័រ

Lexus RX 330 ស៊េរី ២០០៤ លោក ឌី ទើប​ទិញ តម្លៃ ២៧ ០០០ ដុល្លារ 

 

ជាក់ស្ដែង Lexus RX 330 ស៊េរី ២០០៤ ដែល​លោក ឌី ទើប​ទិញ​ពី​ឲ្យ​ប្អូន​នេះ ហ្ការ៉ាស់​លក់​ឡាន​ដែល​លោក​ស្គាល់​លក់​តម្លៃ ២៧ ០០០ ដុល្លារ ដោយ​​ខូច​ខាត​​តែ​កាង​ខាង​ក្រោយ​ប៉ុណ្ណោះ ឯ​​ផ្នែក​ផ្សេងៗ​ល្អ​ស្អាត​ទាំង​អស់។ បើ​ចំណាយ​លុយ​ជួសជុល លោក ឌី ថា​អស់​តែ​ប្រមាណ ២០០ ទៅ ៣០០ដុល្លារ សរុប​អស់​ជាង ២៧ ០០០ ដុល្លារ តែ​បើ​រង់​ចាំ​ទៅ​ទិញ​ឡាន​ស្អាត​ផ្ទាល់​នៅ​ហាង ថ្លៃ​ខ្ទង់​ជាង ៣ម៉ឺន​ដុល្លារ​ ឯណោះ។

 

លោក ឌី ថា ទោះ​ការ​ទៅ​ទិញ​ឡាន​មួយ​ទឹក​នៅ​កន្លែង​ទម្លាក់​ពី​កុងតឺន័រ ចំណេញ​ប្រហែល ២ឬ ៣ពាន់​ដុល្លារ តែ​ត្រូវ​រង់​ចាំ​ដល់​កន្លះ​ខែ​ទៅ​មួយ​ខែ​ទម្រាំ​មក​ដល់​ស្រុក​ខ្មែរ ហើយ​ត្រូវ​ចំណាយ​ពេល​និង​កម្លាំង​យក​ឡាន​ទៅ​ជួសជុល​ខ្លួន​ឯង។ ប៉ុន្តែ​យ៉ាង​ណា អ្នក​ទិញ​អាច​ដឹង​ថា​ឡាន​ទម្លាក់​ផ្ទាល់​ពី​កុងតឺន័រ​ខ្ទេច​កន្លែង​ណា ខុស​ពី​ឡាន​ជួសជុល​ស្អាត​លក់​នៅ​ហ្ការ៉ាស់​អាច​បំភាន់​ភ្នែក៕

 

អត្ថបទ៖ ប៉ែត ផាន់និត