ម៉ៅ សុ​ចាន់​ធី បាន​សំណងជា​ការ​សូមទោស​ក្នុង​រឿង​ក្តី

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បាន​វិល​ត្រឡប់​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ​ហើយ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ២០១៦ បន្ទាប់​ពី​មក​ស្រុក​៣​ស​ប្តា​ហ៍​ដើម្បី​ចូលរួម​មង្គលការ​មិត្តភក្តិ និង​ប្តឹង​លោក រតនៈ វិបុល ជា​គូ​ជម្លោះ​កន្លង​មក ។

រឿង​ក្តី​ប្តឹង​លោក​រតនៈ វិបុល ពី​រឿង​ជេរ​ប្រមាថ និង​គំរាម​សម្លាប់​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បាន​បញ្ចប់​ហើយ បន្ទាប់​ពី​ភាគី​លោក​រតនៈ វិបុល ត្រូវ​តុលាការខេត្ត​បាត់​បាត់ដំបង កោះ​ហៅ​ទៅ​សាកសួរ​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ។ លោក​រតនៈ វិបុល បាន​សារភាព​ពី​ទោស​កំហុស ស្រប​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​ដើមបណ្តឹង​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ។ រឿង​ក្តី​មួយ​នេះ​បាន​បញ្ចប់​បន្ទាប់​ពី​មានការ​សុំ​ទោស​ជា​សាធារណៈ​ពី​លោក​រតនៈ វិបុល ខណៈ​ពេល​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ក៏​យោគយល់ ។

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី មុន​ឡើង​យន្តហោះ​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ​ឱ្យ​ដឹង​ថា ក្នុង​ពាក្យបណ្តឹង​គឺ​នាង​ទាមទារ​ឲ្យ​តុលាការ​ចាត់ការ​រឿង​នេះ​តាម​ផ្លូវច្បាប់ និង​ទាមទារ​សំណង​រាប់​សិប​ម៉ឺន​ដុល្លារ ។ ប៉ុន្តែ​បន្ទាប់​ពី​ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធភាព​ពី​តុលាការខេត្ត​បាត់ដំបង ភាគី​ចុងចោទ​លោក​រតនៈ វិបុល បាន​ទទួលស្គាល់​កំហុស​ដោយ​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ដោយ​ខ្វះ​ការ​ពិចារណា និង​សុំ​ឲ្យ​មានការ​យោគយល់ ។

ដាក់​ពាក្យ​ប្តឹង​លោក​រតនៈ វិបុល ជាមួយនឹង​ការ​ទាមទារ​សំណង​ប្រមាណ​៥​ម៉ឺន​ដុល្លារ​នោះ អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បញ្ជាក់​ថា មិន​ចង់បាន​ប្រាក់​ទេ ប៉ុន្តែ​គ្រាន់តែ​ដាក់បន្ទុក​ឲ្យ​ធ្ងន់​ចំពោះ​ភាគី​ចុងចោទ​ដែល​ប្រមាថមើលងាយ​អាយុជីវិត​របស់​នាង​ប៉ុណ្ណោះ ។

ក្រោយ​ពី​មានការ​សម្រុះសម្រួល​គ្នា និង​ការ​ទទួលកំហុស​ពី​លោក​រតនៈ វិបុល នោះ អ្នក​នាង ម៉ៅ សុ​ចាន់​ធី បាន​បិទ​បញ្ចប់រឿង​ក្តី ។

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី និយាយ​ថា នាង​មិន​ចង់បាន​អ្វី​ច្រើន​ពី​លោក​រតនៈ វិបុល ទេ ទាំង​ប្រាក់​ដែល​បាន​ទាមទារ ព្រោះ​នាង​យល់​ពី​ស្ថានភាព​របស់​លោក​វិបុល ប៉ុន្តែ​អ្វី​ដែល​នាង​ចង់បាន​នោះ គឺ​ការ​សុំ​ទោស​នាង​ជា​សាធារណៈ ទទួលស្គាល់​កំហុស​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត នោះ​នាង​សប្បាយចិត្ត​ណាស់​ទៅ​ហើយ​។ ការ​ធ្វើ​បែប​នេះ​គឺជា​មេរៀន​មួយ​សម្រាប់​អ្នកសិល្បៈ​ជំនាន់​ក្រោយ កុំ​ឲ្យ​ធ្វើ​មិន​គប្បី​ដល់​អ្នកសិល្បៈ​រៀមច្បង​ក្នុង​នាម​ជា​អ្នក​រួម​ផ្លូវ​សិល្បៈ​ជាមួយ​គ្នា ។

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី នឹង​វិល​មក​លេង​ស្រុក​ក្នុងអំឡុងពេល​ណាមួយ​ទៀត ព្រោះ​ចិត្ត​នៅ​តែ​នឹករលឹក​ស្រុក​កំណើត ៕