បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ និង​ដាក់​លូ​ផ្លូវ​៧៧BT​ប្រវែង​ជិត​៣​គីឡូម៉ែត្រ​ តាម​ការ​ស្នើសុំ​យ៉ាង​ទទូច​ពី​ប្រជាពលរដ្ឋ​

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ និង​ដាក់​លូ​ផ្លូវ​៧៧BT​ប្រវែង​ជិត​៣​គីឡូម៉ែត្រ​ តាម​ការ​ស្នើសុំ​យ៉ាង​ទទូច​ពី​ប្រជាពលរដ្ឋ​

ភ្នំពេញ ៖ កំណាត់​ផ្លូវ​៧៧BT​មាន​ប្រវែង​ជិត​៣​គីឡូម៉ែត្រ ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មាន​ជ័យ ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​បើក​ការដ្ឋាន​ស្ថាបនា ​នៅ​ព្រឹក​ថ្ងៃទី​៣០ មិថុនា រួម​និង​ការ​ដាក់​លូ​តាម​បណ្ដោយ​ផ្លូវ​នេះ​ផង​ដែរ ដែល​ការស្ថាបនា​ផ្លូវ ​និង​ការ​ដាក់​លូ​ស្រប​ពេល​ជាមួយ​គ្នា​នេះ ធ្វើឡើង​ទៅតាម​ការ​ស្នើសុំ​យ៉ាង​ទទូច​ពី​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ។

ពិធី​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​លូ​ខាង​លើនេះ​ ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រី​ក្រោម​ឱវាទ​និង​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ផង​ដែរ​។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​៧៧BT​ដែល​នឹង​ត្រូវ​ស្ថាបនា​ឡើង​នេះ ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ប្រវែង​២៧៥០​ម៉ែត្រ​កម្រាស់​២​តឹក​និង​មាន​ទទឹង​៧​ម៉ែត្រ ដោយ​ចាប់ពី​ផ្លូវ​២៧១​ដល់​ផ្លូវ​៣៧១ ស្ថិត​ក្នុង​ខណ្ឌ មានជ័យ។ ជាមួយនឹង​ការស្ថាបនា​ផ្លូវ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ដាក់លូ​ទំហំ​១​ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវ​នេះ​ផង​ដែរ​។​

លោក​សាំ ពិសិដ្ឋ​បាន​បន្ត​ទៀត​ថា កំណាត់​ផ្លូវ​៧៧BT​ជា​ផ្លូវ​មាន​សារៈសំខាន់​ក្នុង​ការ​ដោះស្រាយ​ចរាចរ​ពី​ផ្លូវ​២៧១​ភ្ជាប់​ទៅ​ផ្លូវ​លេខ​៣៧១ ដោយ​ឆ្លងកាត់​តាម​ខ្លោងទ្វារ​វត្ត​ពោធិញាណ បម្រើឲ្យ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងទំពុន ភូមិ​ចំរើន​ផល និង​ភូមិ​ត្នោតជ្រុំ រួម​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ​នេះ។

លោក​សាំ ពិសិដ្ឋ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​បើក​ការដ្ឋាន​ស្ថាបនា​កំណាត់​ផ្លូវ​៧៧BT​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើឡើង​ទៅតាម​ការ​ស្នើសុំរ​បស់​ប្រជាពលរដ្ឋ​មក​សាលាសង្កាត់​និង​សាលា​ខណ្ឌ​មានជ័យ តាម​បណ្ដាញ​ព័ត៌មាន​និង​ប្រព័ន្ធ​សង្គម​ហ្វេ​ស​បុក។

លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​នោះ​បាន​មានប្រសាសន៍​លើក​ឡើងថា យើង​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​រកលុយ មក​ធ្វើការ​ស្ថាបនា​ផ្លូវ លូ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​ទេ​ការស្ថាបនា​អ្វីមួយ​ត្រូវការ​ជ្រើសរើស មិន​អាចធ្វើ​ទាំងអស់​ព្រម​គ្នា​នោះទេ ដូច្នេះ​សុំ​ប្រជាពលរដ្ឋ​មេត្តា​យោគយល់។

ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ នៃ​ការ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ លូ ខាង​លើ​នេះ​លោកប៉ា សុជាតិ​វង្ស​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ដែល​ទទួល​ម៉ៅការ​ស្ថាបនា​ត្រូវ​ពង្រឹង​លើ​គុណភាព ជាង​នេះ​ទៅទៀត​ចំពោះ​ការស្ថាបនា​លូ​វិញ ត្រូវ​ធ្វើជា​កង់ៗ មានន័យថា ​ត្រូវ​ស្ថាបនា​ម្តង​១០០​ម៉ែត្រ ក្រោយ​ស្ថាបនា​រួច​ត្រូវ​បន្ត​១០០​ម៉ែត្រ មិន​អាច​ចេះតែ​ជីក​ទុកចោល​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ​នេះ​នោះ​ទេ។

លោកប៉ា សុជាតិ​វង្ស​ក៏បាន​បន្ត​ថា កំណាត់​ផ្លូវ​៧៧BT​ត្រូវ​តែ​មាន​ចិញ្ចើម ដូច្នេះ​ទេ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម មិន​ត្រូវ​រំលោភ​យក​ចិញ្ចើម​ផ្លូវ​នោះ​ទេ ដោយ​លោក​បញ្ជាក់​ផង​ដែរ​ថា បើ​ប្រជាពលរដ្ឋ​ចូលរួម​និង​ទុក​ចិញ្ចើម​ផ្លូវ​ទៅតាម​គម្រោង​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​ជា​ភ្លើង​បំភ្លឺ
សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​តែ​ម្តង​៕