ពាន់ ភួងបុប្ផា បញ្ជាក់​ពីរឿង អម្ពរ ទេវី មក​ថត​ភាពយន្ត​នៅ​កម្ពុជា

តារា​សម្ដែង​ជើង​ចាស់ អម្ពរ ទេវី ត្រៀម​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ថត​ភាពយន្ត​ខ្នាត​ធំ​មាន​ចំណង​ជើង​ថា”ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី” របស់​ផលិតកម្ម Town។ នេះ​បើ​តាម​អ្នក​ស្រី ពាន់ ភួងបុប្ផា អ្នក​ដឹក​នាំ​រឿង​ខាង​លើ។

 

ពាន់ ភួងបុប្ផា បញ្ជាក់​ពីរឿង អម្ពរ ទេវី មក​ថត​ភាពយន្ត​នៅ​កម្ពុជា

 

អ្នក​ស្រី​បន្ត​ថា អម្ពរ ទេវី នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​ខាង​មុខ និង​ចូលរួម​ថត​ភាពយន្ត​របស់​អ្នក​ស្រី​រយៈ​ពេល​២​សប្ដាហ៍​ក្នុង​នាម​ជា​តួ​ម្ដាយ​មាន​ឋានៈ​ជំទាវ។ អ្នក​ស្រី ពាន់ ភួងបុប្ផា និយាយ​ថា៖ “ខ្ញុំ​ក៏​ត្រូវ​ការ​កេរ្តិ៍​ឈ្មោះ​ដែរ​មិន​អញ្ចឹង ពេល​ដែល​ដាក់​គាត់​មក​ជា​តួ​ជំទាវ គឺ​គេ​ទទួល​យក​តែ​ម្ដង។ ពេល​ខ្ញុំ​នៅ​សហរដ្ឋអាមេរិក ក៏​ទាក់ទង​ទៅ​គាត់ ទី​បំផុត​គាត់​ក៏​ព្រម​មក​សម្ដែង”។

 

អ្នក​ដឹក​នាំ​រឿង​ជើងចាស់​ដដែល​បន្ថែម​ថា មាន​ហេតុផល​ពីរ​យ៉ាង​នាំ​ឱ្យ អម្ពរ ទេវី មក​ចូលរួម​សម្ដែង​នៅ​ប្រទេស​កម្ពុជា​ម្ដង​ទៀត​នេះ។ ពោល​គឺ​ដោយ​សារ​អ្នក​ទាំង​ពីរ​ធ្លាប់​ជំពាក់​សំដី​គ្នា និង​ដោយ​សារ​តែ​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​ជឿជាក់​លើ​សមត្ថភាព​ដឹក​នាំ​រឿង​របស់​អ្នក​ស្រី​ផង​ដែរ។

 

អ្នក​ស្រី ពាន់ ភួងបុប្ផា បាន​ឱ្យ​ដឹង​ទៀត​ថា អម្ពរ ទេវី មាន​ពេល​សម្ដែង​តែ​១​រឿង​ប៉ុណ្ណោះ ហើយ​ត្រូវ​ឡើង​យន្តហោះ​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​ភ្លាម។ ព្រោះ​អ្នក​នាង​ក៏​កំពុង​បំពេញ​ការងារ​ក្នុង​ក្រុមហ៊ុន​ធំ​មួយ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ទៀត​ផង៕

 

អត្ថបទ៖ សំ ជំនាញ