អំពើពុករលួយ​ក្នុង​ដេញថ្លៃ​ផ្លូវ​ក្រួស​ក្រហម​ស្ថាបនា​នៅ​ឃុំ​ស្រឡប់ ត្រូវបាន​លាតត្រដាង​

ភាពមិនប្រក្រតី​នៃ​ការដេញថ្លៃ​ស្ថាបនា​ផ្លូវ​ក្រួស​ក្រហម​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែលមាន​ប្រវែង​១៣២៧​ម៉ែត្រ​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ ដូច្នេះ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ​។ ពិធី​ដេញថ្លៃ​ដែលមាន​ភាពមិនប្រក្រតី​និង​ពោរពេញ​ទៅដោយ​អំពើពុករលួយ​នោះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​សាលាឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ នៅក្នុង​វីដេអូ​ឃ្លី​ប​មួយ​បាន​បង្ហាញថា មាន​បុរស​៤​ទៅ​៥​នាក់​បាន​រុញច្រាន​រារាំង​ស្ត្រី​ម្នាក់​មិន​ឲ្យ​បានដាក់​ឯកសារ​ដេញថ្លៃ ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា ការដេញថ្លៃ​នោះ​ពុំមាន​តម្លាភាព​និង​ជាការ​រៀបចំ​ទុក​របស់​គណៈកម្មការ​ដេញ​ថ្លៃ​។​

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ​នេះដែរ តំណាង​ក្រុមហ៊ុន​មួយចំនួន​បាន​រិះគន់​គណៈកម្មការ​រៀប​ចំ​ដេញថ្លៃ​ថា ធ្វើ​ការងារ​ពុំមាន​តម្លាភាព​ដោយសារ​អ្នក​ដាក់សំណើរ​ដេញថ្លៃ​នោះ គេ​អនុញ្ញាត​ឲ្យ​តែ​៣​នាក់​ចំណែក​អ្នក​ដទៃទៀត ត្រូវ​គណៈកម្មការ​ធ្វើកា​រ​រារាំង​និង​រុញច្រាន​មិន​ឲ្យ​យក​ឯកសារ​ទៅ​ដាក់​ចូលរួម​ដេញថ្លៃ​បានឡើយ​។ ជាងនេះទៅទៀត​គម្រោង​សាងសង់​ផ្លូវលំ​ខាងលើ ត្រូវបាន​មន្ត្រី​ជំនាញ​ប្រកាស​នៃ​ការដាក់សំណើរ​ដេញថ្លៃ និង​អ្នក​ដែល​មានបំណង​ដេញថ្លៃ​ក្នុង​រយៈពេល​តែ​២​នាទី​ប៉ុណ្ណោះ ត្រូវបាន​បិទ​បញ្ចប់​តែម្តង​។ បញ្ហា​នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន គួរពិនិត្យមើល​ជាបន្ទាន់ ព្រោះ​សកម្មភាព​ដេញថ្លៃ​នៅ​សាលាឃុំ​ស្រឡប់​នោះ មើលទៅ​មានការ​រៀបចំ​ជា​ប្រព័ន្ធ​មាន​ភាព​រញ៉េរញ៉ៃ​មិន​ស្របទៅតាម​នីតិវិធី​។

តំណាង​ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ ហើយ​មិនអាច​ដាក់​ឯកសារ​បាន​នាំគ្នា​រិះគន់ថា មាន​មនុស្ស​មួយក្រុម​ដែល​គេ​សង្ស័យថា អាងខ្នង​បង្អែក​ជា​មន្ត្រីជាន់ខ្ពស់ បាន​ទៅ​រារាំង​និង​រុញច្រាន​មិន​ឲ្យ​អ្នកផ្សេង​ក្រៅពី​មនុស្ស​៣​នាក់​ទៅ​ចូលរួម​ដេញថ្លៃ​បានឡើយ​។ ការដេញថ្លៃ​ផ្លូវ​២​ខ្សែ​ដែលមាន​ប្រវែង​១៣២៧​ម៉ែត្រ​មានតម្លៃ​ប៉ាន់ស្មាន​ដាក់​ដេញថ្លៃ​ចំនួន​៥០.០៤៣.៤៧៦​រៀល ហើយ​មាន​ក្រុមហ៊ុន​៣ គឺ​ក្រុមហ៊ុន សៅ លីន​ដា ដាក់​ដេញថ្លៃ ៤៩.០០៧.០០០​រៀល ក្រុមហ៊ុន ហ៊​ន់ សុភាព ដាក់​ដេញថ្លៃ ៤៩.០៩៩.០០០​រៀល និង​ក្រុមហ៊ុន​ដាក់​ដេញ​តម្លៃ​ទាប គឺ​ក្រុមហ៊ុន ហ៊​ន់ សោភ័ណ ដែល​ទទួលយកបាន​គឺ​តម្លៃ​៤៨.៩៦៦.៣០០​រៀល គឺ​តម្លៃ​ខុសគ្នា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា ករណី​ដេញថ្លៃ​ធ្វើ​ផ្លូវ​ក្រួស​ក្រហម​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ពោរពេញ​ទៅដោយ​ភាពមិនប្រក្រតី​និង​អំពើពុករលួយ​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹ​ជញ្ជូន មិនត្រូវ​មើលរំលង​នោះទេ​៕

27ba535e-81ec-42b3-a9cf-1516a79d9fd7លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន abc-1-26 abc-2-26 abc-3-21