មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឈ្មោះ ជ្រុ​ន សៅ ល្បី​ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​ដើម្បី​ផលប្រយោជន៍​

​រឿងអាស្រូវ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ទាំងនោះ ដើម្បី​ជាការ​ព្រមាន​នៅឡើយ​ទេ​។ ជាក់ស្ដែង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​ឈ្មោះ ជ្រុ​ន សៅ ជា​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ រិះគន់ថា​មានការ​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​ឈ្មោះ ប៊ុណ្ណា រស់នៅក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្ដែង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឈ្មោះ ជ្រុ​ន សៅ បាន​ដោះលែង​ឈ្មួញ​ឈើ​ឈ្មោះ ប៊ុណ្ណា បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​និង​ចាប់ខ្លួន​ឈ្មួញ​ឈើ​រូបនេះ​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​ឃាត់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​១​គ្រឿង​នៅ​ចំណុច​ស្ពាន​តេ សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ដោយ​ឃាត់ខ្លួន​ឈ្មួញ​ឈើ​ជនជាតិ​យួន​ឈ្មោះ ប៊ុណ្ណា ដែលជា​អ្នករកស៊ី​ឈើ​ល្បីឈ្មោះ​ក្នុង​ខេត្តស្ទឹងត្រែង​។ បន្ទាប់ពី​បង្ក្រាប​រួច​សមត្ថកិច្ច​ចម្រុះ​បានប្រគល់​ទាំង​ឈើ​និង​ឈ្មួញ​ទៅ​ឲ្យ​លោក ជ្រុ​ន សៅ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ និង​ឈ្មោះ អ៊ីវ ហាក់ ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កន្ទួត ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​ឈ្មោះ ជ្រុ​ន សៅ បាន​ដោះលែង​ឈ្មួញ​ឈើ​ឈ្មោះ ប៊ុណ្ណា ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​ប្រាប់​អ្នកសារព័ត៌មាន​ថា ឈ្មួញ​ឈើ​រូបនោះ​រត់គេចខ្លួន​បាត់​។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ក្រចេះ បាន​រិះគន់​ខ្លាំងៗ​ថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឈ្មោះ ជ្រុ​ន សៅ តែងតែ​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈ្មោះ ប៊ុណ្ណា ជនជាតិ​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​នៅពេល​សមត្ថកិច្ច​ចម្រុះ​ចាប់ខ្លួន​និង​ឃាត់​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​យួន​នោះ ក៏ត្រូវ​ឈ្មោះ ជ្រុ​ន សៅ ដោះលែង​វិញ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ដែល​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ទៅលើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឈ្មោះ ជ្រុ​ន សៅ និង​ឈ្មោះ អ៊ីវ ហាក់ ជាបន្ទាន់​ព្រោះ​ពួកគេ​បាន​ឃុបឃិត​គ្នា​ដោះលែង​ឈ្មួញ​ឈ្មោះ ប៊ុណ្ណា ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បើ​មិន​ដូច្នេះ​ទេ​ឈ្មោះ ជ្រុ​ន សៅ និង​ឈ្មោះ អ៊ីវ ហាក់ បន្ត​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ​តទៅទៀត​ជាមិនខាន​៕

36 26 index9 112