វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា បើកចំហ​ជួយ​លើ​បញ្ហា​បច្ចេកទេស​ដល់​អ្នក​ដាំ ចំពោះ​កៅស៊ូ​ដែល​មាន​ជំងឺ​!

វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា បើកចំហ​ជួយ​លើ​បញ្ហា​បច្ចេកទេស​ដល់​អ្នក​ដាំ ចំពោះ​កៅស៊ូ​ដែល​មាន​ជំងឺ​!



រតនគីរី ៖ ក្រុម​មន្ត្រី​ជំនាញ​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន អ្នក​ដាំ​កៅស៊ូ​ទាំងអស់ ចំពោះ​បញ្ហា​កៅស៊ូ​កើតមាន​ជំងឺ​ផ្សេងៗ​នោះ ត្រូវ​សហការ​បន្ទាន់​ជាមួយ​វិទ្យាស្ថាន ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា ដើម្បី​ផ្តល់​ជា​បច្ចេកទេស​ក្នុង​ការ​ថែ​រទាំ ការពារ​ឲ្យ​ទាន់​ពេលវេលា​បញ្ចៀស​នូវ​ការខាតបង់​ធ្ងន់ធ្ងរ។

នេះ​ជា​ការ​លើកឡើង​របស់ នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា​លោក​ម៉ក់ សុភា​វាស្នា បាន​ថ្លែង​នៅ​ក្នុង​ការ ចុះ​ត្រួតពិនិត្យ និង​ព្យាបាល​កៅស៊ូ នៅ​ក្រុមហ៊ុន Socfin ក្នុង​ខេត្ត​រតនគីរី ម្សិល​មិញ​នេះ​។ លោកនាយក​បាន​បញ្ជាក់​ថា កៅស៊ូ​គឺជា​ដំណាំ​ឧស្សាហកម្ម​ដែល​ទាមទារ​ការ​ថែរក្សារ មាន​បទ​ពិសោធន៍ និង​មាន​ជំនាញ​បច្ចេកទេស​ច្បាស់លាស់​ ទើប​កៅស៊ូ​មានការ​រីកលូត​លាស់​ល្អ និង​ទទួល​បាន​ទិន្នផល​ខ្ពស់។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​រូបលោក​និង​ក្រុម​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​កៅស៊ូ​របស់​ក្រុមហ៊ុន Socfin នៅ​តាម​ឡូ​នីមួយៗ​ដែល​កៅស៊ូ​កំពុង​មាន​បញ្ហា​នោះ គឺ​សង្កេត​ឃើញ​ថា កៅស៊ូ​កំពុង​មាន​ជំងឺ ពិតប្រាកដ​មែន​ដូច្នេះ​គឺ​ទាមទារ​ដល់​ការ​ថែរក្សា​យកចិត្តទុកដាក់​ខ្ពស់ នៅ​លើ​វិធីសាស្ត្រ​ព្យាបាល​ផ្សេងៗ បន្ថែម​ទៀត ជាពិសេស​អ្នកបច្ចេកទេស​របស់​ក្រុមហ៊ុន ត្រូវ​សហការ​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ របស់​វិទ្យា ស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា​ថែមទៀត ដើម្បី​ជំរុញ​ការពារ​ឲ្យ​ទាន់​ពេលវេលា។

ទាក់ទិន​នឹង​ការ​កើត​ជំងឺ​នៅ​ដើម​កៅស៊ូ​នេះ លោក ម៉ក់ សុភា​វាស្នា​ក៏​បាន​ធ្វើការ​សំណូមពរ​ដល់​អ្នក​ដាំ​កៅស៊ូ ទាំងអស់​នៅ​ទូទាំង​ប្រទេស ប្រសិនជា​ចម្ការកៅស៊ូ​របស់​អស់លោក​អ្នកមាន​កើត​ជំងឺ​ផ្សេងៗ ដែល​ទាក់ ទិន​ទៅ​នឹង​បច្ចេកទេស​ក្នុង​ការ​ថែរក្សា​នោះ សូម​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ ក្នុង​ការ​ផ្តល់​លទ្ធ ភាព​ចុះ​ជួយ​ជាបន្ទាន់ ចំពោះ​បញ្ហា​ជំងឺ​ដែល​កំពុង​កើតឡើង៕
វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា បើកចំហ​ជួយ​លើ​បញ្ហា​បច្ចេកទេស​ដល់​អ្នក​ដាំ ចំពោះ​កៅស៊ូ​ដែល​មាន​ជំងឺ​!