ជំនន់​ទឹកភ្លៀង​កំពុង​ជន់​លិច​ផ្លូវ ដំណាំ និង​ផ្ទះ

ជំនន់​ទឹកភ្លៀង​កំពុង​ជន់​លិច​ផ្លូវ ដំណាំ និង​ផ្ទះ



ខេត្តមណ្ឌលគិរី ៖ សេចក្ដីរាយការណ៍​ពី​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា ផ្លូវលំ​រួម​នឹង​ផ្ទះ​មួយ​ចំនួន ព្រមទាំង​ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​ចំនួន​ពីរ ត្រូវ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមិថុនា ។

លោក យូ ចាន់​ទី ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នេះ គឺ​បណ្ដាល​មក​ពី​ទឹក​ជន់​ចេញពី​ទឹក​បឹង​និង​អូរ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ មាន​ឃុំ​ចំនួន​២ ក្នុងស្រុក​កោះ​ញែក បាន​រង​គ្រោះ​ដោយ​ទឹកជំនន់ គឺ​ឃុំ​រញ៉ និង​ឃុំ​ណ​ង​ឃី​លិ​ក ក្នុង​នោះ​ឃុំ​រញ៉ មាន​ភូមិ​ចំនួន​០២ ដែល​លិចលង់​ខ្លាំង ចំណែក​ឃុំ​ណ​ង​ឃី​លិ​ក រង​ផល​ប៉​ពាល់​តិចតួច​ទេ ។

លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ផ្លូវ​ចំនួន​៣​ខ្សែ ត្រូវ​ទឹក​ហូរ​កាត់​ធ្វើ​ឲ្យ​ខូចខាត ក្នុង​នោះ​គឺ​ផ្លូវ​ក្នុងភូមិ​រញ៉​លើ លិច​ប្រវែង​៤០០​ម៉ែត្រ តែ​អាច​ធ្វើ​ដំណើរ​បាន ។ ដោយឡែក​ផ្លូវ​ទៅ​ឃុំ​ណ​ង​ឃី​លិ​ក ត្រូវ​ទឹក​ហូរ​ខ្លាំង​បណ្ដាល​ឲ្យ​ដាច់​ស្ពាន​មួយ​កន្លែង មិន​អាច​ធ្វើ​ដំណើរ​បាន​ទេ ។

លោក​បញ្ជាក់​ថា ផ្ទះ​ប្រជាពលរដ្ឋ និង​ដំណាំ​របស់​ពលរដ្ឋ​មួយ​ចំនួន​ក៏​ត្រូវ​លិចលង់​ដែរ ក្នុង​នោះ​មានផ្ទះ​១​គ្រួសារ​លិច​ខ្លាំង ពោល​គឺ​លិច​ដល់​ដំបូល​តែ​ម្ដង ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អ​ជ្ញា​ធរ គឺ​មាន​ដំណាំ​ប្រមាណ​៦០% ក្នុង​ឃុំ​រញ៉ ត្រូវ​លិចលង់ ។

លោក យូ ចាន់​ទី បន្ថែម​ថា ប្រឈម​នឹង​បញ្ហា​នេះ កងកម្លាំង​យោធា នគរបាល និង​ក្រុម​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចុះ​ជួយ​ជញ្ជូន​សម្ភារ និង​គោក្របី​របស់​ពលរដ្ឋ​មក​រក​ទីទួល​សុវត្ថិភាព​។

សេចក្ដីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ទឹកជំនន់​បាន​បំផ្លាញ​ផ្លូវលំ​អស់​ចំនួន​៣​ខ្សែ គឺ​ទី​១-​ផ្លូវ​ទៅ​កាន់​កោះ​រំ​យើ​ល ស្ថិត​ក្នុងភូមិ​កោះ​រំ​យើ​ល ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ទី​២-​ផ្លូវ​នៅ​ភូមិរ​យ៉​លើ និង​ទី​៣-​ផ្លូវ​នៅ​ភូមិរ​យ៉​ក្រោម  ។

  • ទឹកស្ទឹង​សែន ខេត្តព្រះវិហារ​បន្ត​ឡើង ខណៈ​ដែល​ភ្លៀង​កំពុង​ធ្លាក់​បន្តបន្ទាប់

តាម​ការ​អង្កេត​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​នេះ​កម្ពស់​ទឹកស្ទឹង​សែន ក្នុង​ខេត្តព្រះវិហារ បាន​ហក់​ឡើងជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​ក្នុងភូមិ​សាស្ត្រ​ខេត្ត ជា​តំបន់​ខ្ពង់រាប មានការ​ធ្លាក់​ភ្លៀង​ជា​ប្រចាំ បណ្ដាល​ឱ្យ​ទឹកភ្លៀង​ហូរ​ចាក់​ចូល​ស្ទឹង​សែន ។ ទោះជា​បែប​ណា ស្ថានភាព​នេះ មិន​មានការ​គម្រាមកំហែង​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​សែន​នោះ នៅឡើយ​ទេ ។

លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក នឹង​ឧតុនិយម​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា  បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ទឹកស្ទឹង​សែន​ក្នុង​ខេត្តព្រះវិហារ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​រយៈពេល​១​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា បាន​ធ្វើ​ឲ្យ​កម្ពស់​ទឹក​កើនឡើង​រហូត​ដល់​៣​ម៉ែត្រ តែ​មិន​ទាន់​មានការ​គម្រាមកំហែង​ដល់​ប្រជាជន​រស់នៅ​តាម​មាត់​ស្ទឹង​នោះ​ទេ ។

លោក​បន្ត​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់ ទឹកស្ទឹង​នឹង​បន្ត​ឡើង​ទៀត ចាប់ពី​ថ្ងៃនេះ​ទៅ ព្រោះ​ខេត្តព្រះវិហារ​បាន​ទទួល​ទឹកភ្លៀង​គ្រប់​បណ្តា​៨ ស្រុក ជា​ពិសេស នៅ​តាម​តំបន់​ក្បែរ​ភ្នំ មាន​ភ្លៀង​ធ្លាក់​ច្រើន​ហូរ​ចូល​ក្នុង​ស្ទឹង ជា​ពេលវេលា​ដ៏​សំខាន់ សម្រាប់​ប្រជា​កសិករ​អាច​ធ្វើការ​ដាំ​ដុះ​ដំណាំ​កសិករ​ងាយស្រួល ដោយ​មិន​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ទឹក​ទៀត​ទេ ។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ស្ថានភាព​អាកាសធាតុ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ មាន​សភាព​ខ្មៅ​អួរ​អាប់​រកកល​ចង់​ភ្លៀង នៅ​តាម​តំបន់​ខ្លះ មាន​ភ្លៀងរលឹម​ជាប់ នឹង​តំបន់​ខ្លះ​ទៀត កំពុង​ធ្លាក់​ភ្លៀង ៕