ឈើ​ដឹក​ទាំង​ឡាន​អត់​ចាប់​ទេ មក​ចាប់​ឈើ​ត្រាំ​ទុក​សង់ផ្ទះ

ឈើ​ដឹក​ទាំង​ឡាន​អត់​ចាប់​ទេ មក​ចាប់​ឈើ​ត្រាំ​ទុក​សង់ផ្ទះ



ខេត្ដកំពង់ស្ពឺ ៖ ឈើ​គ្រឿងផ្ទះ​ជា​ច្រើន​ម៉ែត្រគូប​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ពិនិត្យ​ដោយសារ​តែ​មាន​សេចក្ដីរាយការណ៍​មក​ថា មាន​បង្កប់​ឈើ​ប្រណីត​ពីក្រោម​ត្រាំ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ។ ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​នេះ ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ​យល់ព្រម​ឱ្យធ្វើ​ការ​ពិនិត្យ ដោយ​លើក​ឡើង​ថា ឈើ​ទាំងនេះ​គាត់​ទិញ​ទុក​ធ្វើ​ផ្ទះ​ជា​ឈើក្រហម​ធម្មតា សន្សំ​ទិញ​ទុក​យូរហើយ​មិន​មាន​បង្កប់​ឈើ​ប្រណីត​អ្វី​ទេ ។

មន្ដ្រី​នគរបាល​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា ប្រតិបត្ដិការ​នេះ ធ្វើ​ឡើង​តាម​បញ្ជា​របស់​ថ្នាក់លើ ព្រោះតែ​មាន​សេចក្ដីរាយការណ៍​ថា ឈើ​ខុសច្បាប់​ទាំងនេះ​មាន​បង្កប់​ឈើ​ប្រណីត​ទៀត​ផង ។ ប្រភព​បន្ដ​ថា ពេល​នេះ​ជំនាញ​ព្រមទាំង​កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​ស្រង់​ឈើ​ចេញពី​ក្នុង​ទឹកស្រះ ដើម្បី​ពិនិត្យ​ថា​តើ​ជា​ឈើ​ស្របច្បាប់ ឬ​ជា​ឈើ​ខុសច្បាប់​ដូច​សេចក្ដីរាយការណ៍ ។ ប្រតិបត្ដិការ​នេះ​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​២៧ មិថុនា រហូត​មក​ដល់​ថ្ងៃ​ទី​២៨ មិថុនា នៅ​មិន​ទាន់​បញ្ជ​ប់​នៅឡើយ​ទេ ហើយ​ឈើ​ដែល​ស្រង់​ចេញ​ជំហាន​ដំបូង​បាន​ចំនួន​តិចតួច រង់ចាំ​ធ្វើការ​បន្ដ​ទៀត​គឺ​ត្រូវ​ស្រង់​ចេញពី​ក្នុង​ស្រះ​ទឹក​ឱ្យ​អស់​ទើប​អាច​វាស់វែង​ពី​ចំនួន​ពិតប្រាកដ​បាន ។

ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ ពៅ ម៉ា​ឡា ភេទ​ស្រី អាយុ​២៧​ឆ្នាំ បាន​លើក​ឡើង​ថា ឈើ​ទាំងអស់​គឺ​គាត់​ទិញ​មក​ត្រាំ​ទឹក​កុំឱ្យ​មេ​ស៊ី គឺ​ទុក​ធ្វើ​ផ្ទះ​នៅ​ឆ្នាំ​ក្រោយ ។ ស្ដ្រី​ដដែល​បន្ដ​ថា នៅ​ក្នុង​ស្រះ​ទឹក​គឺ​ពុំ​មាន​ឈើ​ប្រណីត​ដូច​ជា​ការ​លើក​ឡើង​នេះ​ទេ មាន​មនុស្ស​ខិលខូច​ចង់​ធ្វើបាប​គាត់​ព្រោះតែ​គេ​មក​គោះ​លុយ​គាត់​មិន​បាន ។ ឈើ​ត្រាំ​ទឹក​សម្បុរ​ទៅ​ជា​ខ្មៅ​អស់ហើយ គេ​បែរជា​រាយការណ៍​ថា ឈើ​ទើប​យក​មក​ទម្លាក់ ធ្វើ​នេះ​ដូច​ជា​ហួសហេតុ​ពេក​ហើយ ។ ប្រជាពលរដ្ឋ​ទិញ​មក​ទុក​ធ្វើ​ផ្ទះ បែរជា​ចោទ​ថា ខុសច្បាប់ រីឯ​ឈើ​ដែល​ឈ្មួញ​ដឹក​ទាំង​ឡាន​ៗ គេ​មិន​ដែល​ឃើញ​អស់លោក ឬ​ក៏​អ្នក​ដែល​តាំង​ខ្លួនឯង​ថា​ជា​អ្នកមាន​ឥទ្ធិពល​នោះ​ចេញ​មុខ​បង្ក្រាប​ឡើយ ឃើញ​តែ​ដង្ហែ​គ្នា​ស៊ីចុក​គ្រប់ពេលវេលា ។ មិនមែន​ដឹក​ទាំង​ឡាន​មិន​ចាប់​ទេ គឺ​គេ​ចាប់ គេ​ឆែក​យក​តែ​លុយ​ប៉ុណ្ណោះ កុំ​ថា​គេ​មិនដឹង​ម្សៀត ។

បញ្ហា​នេះ ថ្នាក់លើ​ក៏​គួរ​ពិនិត្យ​សកម្មភាព​នេះ​ដែរ កុំ​បណ្ដែតបណ្ដោយ​ឱ្យ​មនុស្ស​មួ​ួ​យ​ក្រុម​នេះ​ដើរ​ធ្វើ​សកម្មភាព​បែប​នេះ​ទៀត ប្រជាពលរដ្ឋ​ហាក់ដូចជា​អស់សង្ឃឹម​យ៉ាង​ខ្លាំង ។

ចំណែក​បុរស​ម្នាក់​ដែល​ជា​សាច់ញាតិ​ម្ចាស់ផ្ទះ​បាន​លើក​ឡើង​ថា មុន​ពេល​កើត​បញ្ហា​នេះ​ឡើង ឃើញ​មនុស្ស​មួយ​ក្រុម​ជិះ​រថយន្ដ​២​ទៅ​៣​គ្រឿង​ឆ្វែល​ចុះឡើង កាលពី​យប់​ថ្ងៃ​ទី​២៦ មិថុនា នៅ​មុខ​ផ្ទះ​របស់​សាច់ញាតិ​គាត់ ។ ក្រោយមក​ស្រាប់តែ​ក្រុម​មនុស្ស​ទាំងនោះ​បាន​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​ក្បែរ​កន្លែង​ស្រះ​ទឹក​ដែល​ត្រាំ​ឈើ​ទាំង​យប់ ហើយ​អះអាង​ថា ខ្លួន​បម្រើ​ការងារ​នៅ​ទូរទស្សន៍ និង​កាសែត ដោយ​មិន​មាន​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ឡើយ ។ បុរស​ដដែល​បន្ដ​ថា ការ​ធ្វើ​នេះ​ហាក់ដូចជា​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ បើ​ទោះបីជា​ពួក​គាត់​ជា​អ្នកកាសែត ឬ​អ្នក​ថត​ទូរទស្សន៍​ក្តី​ក៏​មិន​ត្រូវធ្វើ​បែប​នេះ​ដែរ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ដែរ លោក ម៉ា​ញ់ ដា​រ៉េ​ត បុគ្គលិក​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៨ បាន​ប្រាប់​ភ្នាក់ងារ​យើង​ថា ដោយ​ទទួល​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ឈ្មួញ​ដឹកឈើ​ធ្វើ​គ្រឿងផ្ទះ​ជា​ច្រើន​មក​ទម្លាក់​ចូល​ក្នុង​ទឹកស្រះ ក្រោយ​ស្ថានីយ​ជួសជុល​រថយន្ដ​មួ​យ​កន្លែង​ក្នុងភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់​ខេត្ដកំពង់ស្ពឺ ពេល​នោះ​ក្រុមការងារ​របស់​លោក​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា ព្រមទាំង​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ ។ ចំពោះ​អ្វី​ដែល​ជា​ការ​លើក​ឡើង​ថា ក្រុមការងារ​របស់​លោក​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​គេ​ទាំង​យប់​អធ្រាត្រ​នោះ​ជា​រឿង​មិន​ពិត​ឡើយ គឺ​ក្រុម​របស់​លោក​នៅ​ឈរ​លើ​ថ្នល់ជាតិ​ឯណោះ​ទេ ។

ពាក់ព័ន្ធ​នឹង​ប្រតិបត្ដិការ​នេះ​ដែរ លោក ជា សា​រ៉​ន នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ បានឱ្យ​ដឹង​ថា ការងារ​នេះ​មានការ​ចាត់តាំង​បញ្ជា​ផ្ទាល់​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ផង​ដែរ ។ ពេល​នេះ​កម្លាំង​របស់​លោក​ទើបតែ​ស្រង់​ឈើ​ចេញពី​ក្នុង​ស្រះ​ទឹកបាន​ចំនួន​តិចតួច​នៅឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា​នេះ យើង​កំពុង​បន្ដ​នីតិវិធី​ទៀត ។ ចំពោះ​ឈើ​ដែល​ស្រង់​ចេញ​មក​គឺ​បាន​ដឹក​តាម​រថយន្ដ​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ និង​បញ្ជា​របស់​ថ្នាក់លើ ព្រោះ​តាម​សេចក្ដីរាយការណ៍​ថា ឈើ​ទាំងអស់​ដែល​ត្រាំ​ក្នុង​ទឹកស្រះ​មាន​ចំនួន​ជាង​១០០​ម៉ែត្រគូប តែ​ម្ខា​ស់​ផ្ទះ​ថា មាន​ត្រឹមតែ​ជាង​១០​ម៉ែត្រគូប​ប៉ុណ្ណោះ ។ អ្នកស្រុក​ចោទ​ថា ពួក​មន្ដ្រី​អាង​មាន​អំណាច​ចេះ​តែ​ចោទ​គេ​តែ​ផ្ដេសផ្ដាស់ ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា​នេះ សមត្ថកិច្ច​បាន​ធ្វើការ​បូមទឹក​ស្រះ​នោះ​ចេញ​ដើម្បី​រក​មើល​ថា​តើ​ឈើ​ដែល​ត្រាំ​ក្នុង​ទឹកស្រះ​នោះ​មាន​ចំនួន​ច្រើន​ដូច​សេចក្ដីរាយការណ៍​ដែរ ឬ​យ៉ាងណា ។ ការ​បូមទឹក​នេះ​ទៀត លោក​បាន​ទទួល​ការ​ឧបត្ថម្ភ ពី​លោក​ធំ​មួយ​រូប​ដែល​ជា​អ្នកប្រឆាំង​នឹង​បទល្មើស​ព្រៃឈើ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ម៉ា​ញ់ ដា​រ៉េ​ត ភ្នាក់ងារ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៨ ។

សូម​រំលឹក​ថា មួយ​រយៈ​នេះ គេ​សង្កេត​ឃើញ​ថា មាន​មនុស្ស​មួយ​ក្រុម​ជិះ​រថយន្ដ​ទំនើប​ៗ​ចុះ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្ដិ៍ កុងត្រូលជជុះ​ដុះ​ម​មិះ​ចាំ​ទទួលយក​លាភសក្ការៈ​ពី​ប្រជាពលរដ្ឋ​ដែល​ដឹក​អនុ​ផល​ព្រៃឈើ ហើយ​បើ​គ្មាន​ការ​បង់លុយ​ទេ ច្បាស់​ជា​ក្រុម​មនុស្ស​ទាំងនោះ​រាយការណ៍​បន្ត​ទៅ​ជំនាញ ឱ្យ​ចាប់​ឃាត់​កសាង​សំណុំរឿង​ជាក់​ជា​មិន​ខាន ។ ក្រុម​មនុស្ស​ដែល​ដើរ​ធ្វើ​សកម្មភាព​បែប​នេះ បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់ គឺ​សុទ្ធតែ​ជា​ភ្ញាក់​ងារ​កាសែត និង​ទូរទស្សន៍​ដែល​គេ​មិន​ធ្លាប់​ស្គាល់ ដើរ​ធ្វើ​សកម្មភាព​ថោកទាប ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ថា ការ​រាយការណ៍​ណាមួយ​ឱ្យ​មានការ​ចាប់​បង្ក្រាប ក៏​គួរ​អស់លោក​មើល​ផង ថា​តើ​ជា​ប្រជាពលរដ្ឋ ឬ​ក៏​ជា​ឈ្មួញ​រក​ស៊ី​ឈើ ។ កុំ​ធ្វើ​តាម​បែប​គេ​ឱ្យ​លុយ​នាំ​គ្នា​ស្ងាត់ឈឹង ដល់​ពេល​គេ​មិន​ឱ្យ​លុយ​ក៏​រាយការណ៍​ទៅ​ថ្នាក់លើ​ថា ឈើ​ខុសច្បាប់​ឱ្យ​នាំ​កម្លាំង​មក​បង្ក្រាប​ជា​បន្ទាន់ ប្រៀប​ដូច​ជាម​ន្ដ្រី​ត្រចៀកស ។ ធ្វើ​បែប​នេះ​វា​អយុត្ដិធម៌​ពេក​ហើយ​សម្រាប់​ប្រជាជន​តូចតាច ។

ចំពោះ​សកម្មភាព​របស់​ក្រុម​មនុស្ស​ដែល​ដើរ​ធ្វើ​សកម្មភាព​នៅ​តំបន់​ស្រុក​ឱ​រ៉ា​ល់​ទាំងនេះ ខាង​សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ក្រសួងមហាផ្ទៃ​អស់ហើយ​ដែរ តែ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​ថ្នាក់លើ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់ ។

គួរ​កត់​សម្គាល់ថា ឈើ​នៅ​ភ្នំ​ឱ​រ៉ា​ល់​អស់រលីង​ហើយ ។ ពួក​គេ​នាំ​គ្នា​ចាប់​យក​តែ​លុយ​... ចាប់​នោះ​ចាប់ ចាប់​ទាល់តែ​អស់​ឈើ​ក្នុង​ព្រៃ ។ ពេល​នេះ​លើកគ្នា​មក​ចាប់​ឈើ​ក្នុង​ទឹក​វិញ​ម្ដង ដែល​ជា​ឈើ​សម្រាប់​សង់ផ្ទះ ។ មន្ដ្រី​បែប​នេះ គេ​ចោទ​ថា សង្ស័យ​មន្ដ្រី​កុងត្រូល​ដុះ​ម​មិះ​... ហេ ! ហេ !

  • ព័ត៌មាន​បន្ថែម​ចុង​ក្រោយ

ការ​ចុះ​រុករក​ឈើ​គ្រឿងផ្ទះ​ត្រាំ​ក្នុង​ទឹកស្រះ របស់​ដែល​ហៅ​ថា សមត្ថកិច្ច​ចម្រុះ​នោះ ពេល​នេះ​បាន​បញ្ចប់​ហើយ​គឺ​មាន​ត្រឹមតែ​១០​ម៉ែត្រគូប​ប៉ុណ្ណោះ ដូច​ម្ចាស់​ឈើ​ប្រាប់​មែន គឺ​ប្រាប់​ត្រង់​មិនមែន​១០០​ម៉ែត្រគូប​ដូច​សេចក្តីរាយការណ៍​ពី​ក្រុម​ជន​អគតិ​ឡើយ ។

បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ កាលពី​រសៀល​ថ្ងៃ​ទី​២៩ មិថុនា ២០១៦ ករណី​ចាប់​បង្ក្រាប​ឈើ​គ្រឿងផ្ទះ​ដែល​ត្រាំ​ក្នុង​ទឹកស្រះ ស្ថិត​នៅ​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ពេល​នេះ​បាន​បញ្ចប់​ហើយ គឺ​ឈើ​ទាំងអស់​មាន​ចំនួន​១០​ម៉ែត្រគូប នេះ​បើ​តាម​ការ​វាស់វែង​ជាក់ស្តែង​ក្រោយ​ស្រង់​ចេញពី​ក្នុង​ទឹក​។ ពេល​នេះ​ឈើ​ទាំងអស់​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ។
មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​មួយ​នេះ ។

មានការ​លើក​ឡើង​ថា ហេតុ​អ្វី​បានជា​មក​បង្ក្រាប​ឈើ​របស់​ប្រជាពលរដ្ឋ ដែល​ប្រមូល​ទិញ​ទុក​ធ្វើ​ផ្ទះ​ទៅ​វិញ ចុះ​ឈើ​ដែល​ក្រុម​ឈ្មួញ​ដឹក​ទាំង​ឡាន​ៗ​ឡើង​រូង​ផ្លូវ​ទៅ​ហើយ ម៉េច​មិន​បង្ក្រាប​ផង ? ចំណាត់ការ​នេះ​បាន​ធ្វើ​ឱ្យ​ម្ចាស់​ឈើ​ដែល​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ មានមុខ​របរ​ធ្វើស្រែ មានការ​ឈឺចាប់​ជា​ខ្លាំង​ពេញ​មួយ​ភូមិ ។

គួរ​បញ្ជាក់​ថា មុន​ពេល​មាន​ចំណាត់ការ​គឺ​មាន​មនុស្ស​ក្បាល​ល្បាយអាចម៍ខ្លា​មួយ​ក្រុម​ដែល​អះអាង​ថា ជា​អ្នកកាសែត​បាន​ទៅ​ថត​ឈើ​ដែល​ពលរដ្ឋ​ទិញ​ទុក​ធ្វើ​ផ្ទះ ហើយ​រាយការណ៍​ទៅ​ថ្នាក់លើ​ថា មាន​ចំនួន​១០០​ម៉ែត្រគូប ទើប​បានជា​មាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើការ​បង្ក្រាប​បែប​នេះ​ពិតជា​ត្រចៀកស​មែន ៕