ពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​បាត់ដំបង ពិនិត្យមើល​ករណី​ឈ្មួញ​កាយ​អូរ​ដំបង​យក​អាចម៍ដី​លក់​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​កាយ​ស្ដារ​អូរ​យក​អាចម៍ដី​លក់​ក្បែរ​ដើមឈើ​ធំៗ​ធ្វើ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​ខ្លាចក្រែង​ពេល​មាន​ខ្យល់ និង​ទឹកជំនន់​ធ្វើ​ឲ្យ​រលំ​ដើមឈើ​បង្ក​គ្រោះថ្នាក់​ដល់​ពួកគាត់​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​បាត់ដំបង ចាត់វិធានការ​ត្រួតពិនិត្យ​ជាបន្ទាន់​ព្រោះ​ពួកគាត់​មិន​ជំទាស់​ទៅនឹង​ការស្ដារ​អូរ​នោះទេ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​គឺ​ផលប៉ះពាល់​នាពេលខាងមុខ​។ ចំណែក​មន្ទីរ​ពាក់ព័ន្ធ​ក៏​គួរពិនិត្យមើល​ពី​លក្ខណៈ​បច្ចេកទេស​ក្នុង​ការកាយ​អូរ​យក​អាចម៍ដី​លក់​ផងដែរ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជាយថាហេតុ​។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ បាន​ឲ្យ​ដឹងថា​អូរ​ដំបង គឺជា​អូរ​ធម្មជាតិ​តាំងពី​សម័យបុរាណ ហើយ​ជា​អូរ​សម្រាប់​នាំ​ទឹក​ពី​ស្ទឹង​សង្កែ ទៅ​ចែកចាយ​តាម​បណ្ដា​ស្រុក​នានា ឥឡូវនេះ​ឈ្មួញ​កំពុង​កាយ​ស្ដារ​អូរ​យក​អាចម៍ដី​លក់​ដែលមាន​ជម្រៅ​ជ្រៅ​នៅក្បែរ​ដើមឈើ​ធំៗ​។ ហេតុនេះហើយ​ទើប​ពួកគាត់​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​ដើមឈើ​ត្រូវ​រលំ​ពេល​មាន​ខ្យល់​បក់បោក​ខ្លាំង ឬ​ទឹកជំនន់​ដូច្នេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ពិនិត្យមើល​បញ្ហា​នេះ​ឲ្យ​បានច្បាស់លាស់​។ សំណូមពរ​របស់​ប្រជាពលរដ្ឋ គឺ​ចង់​ឲ្យ​មន្ទីរជំនាញ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការកាយ​យក​អាចម៍ដី​លក់​នៅក្បែរ​ដើមឈើ​ធំៗ ព្រោះ​បញ្ហា​នេះ​អាច​បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​នៅពេល​អនាគត​ចៀស​មិន​ផុត​ឡើយ​។

មេឃុំ​អូរ​ដំបង​១ លោក អ៊ុត ពឿ​ត ក៏ដូចជា​អភិបាលស្រុក​សង្កែ លោក គឹម វណ្ណៈ បាន​អះអាងថា​មន្ត្រី​អាជ្ញាធរ​បាន​ទៅ​ពិនិត្យមើល​ស្ថានភាព​ក្នុង​ការកាយ​អូរ​ដំបង​នោះ​រួចហើយ ក្នុងខណៈដែល​ឈ្មួញ​កំពុង​កាយ​យក​អាចម៍ដី​លក់​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​ពួកគាត់​មិន​ជំទាស់​នឹង​ការស្ដារ​អូរ​ដំបង​នោះទេ ព្រោះ​បច្ចុប្បន្ន​អូរ​មាន​សភាព​រាក់​នាំ​ឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុងការ​ធ្វើស្រែ និង​ស្រោចស្រព​ដំណាំ​ផ្សេងៗ​នៅ​រដូវប្រាំង​។ អ្វីដែល​ពួកគាត់​សំណូមពរ​នោះ គឺ​ចង់​ឲ្យលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ពិនិត្យមើល​ផលប៉ះពាល់​ដែល​អាច​កើតឡើង​នៅពេល​ខាងមុខ ជាពិសេស​ការបង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅពេល​ដើមឈើ​ធំៗ​ដួលរលំ​៕

that-0178លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងIMG_2270