បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​តំបន់​៣​ក្នុង​ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​រាលដាល​

​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ចំនួន​៤​នៃ​ខេត្តកំពង់ធំ គឺ​ស្រុក​កំពង់ស្វាយ ស្រុក​សន្ទុក ស្រុក​ស្ទោង និង​ស្រុក​បារាយណ៍ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​តំបន់​៣​យក​ធ្វើជា​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ កំពុង​កើត​ឡើងជា​បន្តបន្ទាប់​។ ក្នុងនោះ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ជលផល អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​តំបន់​៣​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កំពង់ស្វាយ ស្រុក​ស្ទោង ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹងថា​ព្រៃ​លិច​ទឹកជា​ច្រើន​រយ​ហិកតា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​និង​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​សកម្មភាព​លក់ដូរ​ព្រៃ​លិច​ទឹក​ក្រោយពេល​ឈូសឆាយ​រួច ក៏​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ ក្នុងខណៈដែល​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ជលផល គិតតែ​រឿង​ផលប្រយោជន៍ ហើយ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឲ្យ​បាន​ទាន់ពេលវេលា​។ ជាងនេះទៅទៀត​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​បានធ្វើ​របាយការណ៍​ភូតភរ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ថា​ដីព្រៃ​លិច​ទឹក​ដែល​ឈ្មួញ​ទន្ទ្រាន​កាន់កាប់​នោះ គឺជា​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ទៅវិញ​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ព្រៃ​លិច​ទឹក​តំបន់​៣​ក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ត្រូវ​មន្ត្រី​មានអំណាច និង​អ្នកមាន​លុយ​មួយចំនួន ឈូសឆាយ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​អស់​ប្រមាណ​ជិត​១០០០​ហិកតា​រួចទៅហើយ​។ ចំណែក​ដីព្រៃ​លិច​ទឹក​តំបន់​៣​ចំណុច​បឹង​អង្ក្រង ខាងត្បូង​បឹងកក់​ធំ និង​ខាងលិច​បឹង​រៀល ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ក៏ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច និង​ឈ្មួញ​ទន្ទ្រាន​កាន់កាប់​អស់​ជាច្រើន​រយ​ហិកតា​ដែរ​។ ដោយឡែក​ដីព្រៃ​លិច​ទឹក​តំបន់​៣​ក្នុងស្រុក​បារាយណ៍ ស្រុក​សន្ទុក និង​ស្រុក​ស្ទោង ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​កាន់តែខ្លាំង​ឡើងៗ​ដោយសារ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​ព្រៃ​លិច​ទឹក​តំបន់​៣​នៅ​ខេត្តកំពង់ធំ ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​តទៅទៀត​៕

13578466_1568115660150677_747995285_nលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ  jun2717