បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ចាប់​ដៃគូ​ជំរុញ​ពាណិជ្ជកម្ម

ខេត្តសៀមរាប ៖ សភាពាណិជ្ជកម្ម​ខេត្តសៀមរាប និង​ឧត្តរមានជ័យ បាន​ជួប​ពិភាក្សា និង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ក្នុង​ការ​ចាប់​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សភាពាណិជ្ជ​កម្ម​​ខេត្ត​សុរិន្ទ បូ​រី​រ៉ាំ និង​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ។

លោក គឹ​ម ឆៃ​ហៀ​ង ដែល​ដឹកនាំ​កិច្ច​ពិភាក្សា​នោះ​បាន​បញ្ជាក់​ជូន​ដល់​ភាគី​ថៃ អំពី​បញ្ហា​ការ​បង់​ពន្ធគយ​នៅ​តាម​ច្រក​ទ្វារ ដែល​បច្ចុប្បន្ន គយ​កម្ពុជា​បាន​និង​កំពុង​រៀបចំ​កំណត់​ឲ្យ​កាន់តែ​ច្បាស់​លើ​ការ​បង់ពន្ធ​នាំ​ចូល និង​ការ​នាំ​ចេញ​ទៅ​តាម​ប្រភេទ​នៃ​ទំនិញ ។ លោក​បាន​គូសបញ្ជាក់​ថា ៖ « គ្រប់មុខ​ទំនិញ​ទាំងអស់​ដែល​ភាគី​ថៃ​នាំ​ចូល​មក​កម្ពុជា ត្រូវ​តែ​មានគុណ​ភាព​ខ្ពស់ និង​ការ​កំណត់​បរិច្ឆេទ​មុខទំនិញ​ក្នុង​ការ​ផលិត​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​គ្មាន​ការ​កែ​បន្លំ ដែល​នាំ​ឲ្យ​ខាតបង់​ដល់​ក្រុមហ៊ុន និង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព » ។

លោក​បាន​បន្ដ​ថា ជា​រៀង​រាល់​ឆ្នាំ សភាពាណិជ្ជកម្ម​កម្ពុជា​-​ថៃ តែងតែ​ធ្វើ​ពិធី​ចុះហត្ថលេខា ក្នុង​ការ​ចាប់​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​នឹង​គ្នា រវាង​ធុរកិច្ច​ប្រទេស​ទាំង​ពីរ ទៅ​លើ​មុខទំនិញ​នីមួយ​ៗ​ដែល​ភាគី​ទាំង​ពីរ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា ។ ជាមួយ​គ្នា​នោះ លោក​ក៏​បាន​សំណូមពរ​ដល់​ពាណិជ្ជករ​ទាំង​កម្ពុជា និង​ថៃ ត្រូវ​ផ្តោត​យ៉ាង​សំខាន់​អំពី​គុណភាព អនាម័យ​លើ​ទំនិញ​ជា​គ្រឿង​ឧបភោគបរិភោគ ដែល​ជា​បញ្ហា​ចោទ​យ៉ាង​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ ដូច្នេះ ក្រៅពី​គ្រឿងសំណង់ និង​សម្ភារ​ផ្សេង​ៗ គឺ​ចាំបាច់​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​កាំកុងត្រូល​នៅ​តាម​ច្រកព្រំដែន មុន​នឹង​ធ្វើការ​នាំ​ចូល​មក​ក្នុង​កម្ពុជា ។

ទន្ទឹម​នឹង​នោះ​ដែរ សភាពាណិជ្ជកម្ម​ខេត្តសៀមរាប និង​ឧត្តរមានជ័យ ក៏​បាន​បញ្ជាក់​ដល់​សភាពាណិជ្ជកម្ម​ថៃ នៃ​ខេត្ត​ទាំង​បី អំពី​ការ​ជ្រើសរើស​ពូជ​ក្នុង​ការ​ដាំ​ដុះ​ដំឡូង​មី ហើយ​ភាគី​កម្ពុជា​ក៏​បាន​កំណត់​រួចរាល់​ផង​ដែរ តែបើ​ការ ជ្រើសរើស​ពូជ​តម្រូវ​ឲ្យ​តែ​ក្រុមហ៊ុន​របស់​ប្រទេស​ថៃ​នោះ យើង​មិន​អាច​កែប្រែ​ជាមួយ​ប្រជា​កសិករ​បាន​ឡើយ ។ ដូច្នេះ សភាពាណិជ្ជកម្ម គឺជា​អ្នករក​ទីផ្សារ​ដើម្បី​នាំ​ចេញ​នូវ​រាល់​កសិផល ដែល​ប្រជា​កសិករ​កម្ពុជា​ផលិត​បាន ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ ម្ចាស់​ក្រុមហ៊ុន ពាណិជ្ជករ​ថៃ ក៏​បាន​លើក​ឡើង​ពី​ការ​ប្រមូល​ទិញ​នូវ​ផល​អនុ​ផល​កសិកម្ម​ពី​កម្ពុជា និង​ការ​នាំ​ចេញ​-​នាំ​ចូល​ទំនិញ​របស់​ថៃ​មក​កម្ពុជា ដែល​តែង​ជួប​នូវ​បញ្ហា​មួយ​ចំនួន​តាម​ច្រក​ទ្វារ​ព្រំដែន​ទាំង​ថៃ និង​កម្ពុជា​ផង​ដែរ ។ ទន្ទឹម​នឹង​នោះ ភាគី​ថៃ ក៏​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ និង​ការ​ប្រមូល​ផល ពិសេស លើ​ផល​ដំឡូង ព្រមទាំង​បាន​បញ្ជាក់​ពី​បញ្ហា​ការ​បង់​ពន្ធគយ ដែល​តម្រូវ​ឲ្យ​ធ្វើ​តារាង​កំណត់​តម្លៃ​នៃ​ការ​បង់​ឲ្យ​បាន​ច្បាស់លាស់ ទៅ​លើ​រាល់​មុខទំនិញ​នាំ​ចូល និង​នាំ​ចេញ​ផ្សេង​ៗ ៕