លោះ​ព្រលឹង​​ប៉ុណ្ណា​! ដេក​​សុខៗ​ផ្ទះ​​បាក់​​​ស្រុត​​ចូល​​ទន្លេ​

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា ផ្ទះ​​មួយកន្លែងហើយ​ក៏ជាផ្ទះទី៤​ដែរ​ ដែលរងគ្រោះ​​​​ជួប​ហេតុការណ៍បាក់​ស្រុត​ចុះ​​ទៅ​​ច្រាំង​​​ទន្លេ ខណៈ​​​ម្ចាស់​ផ្ទះកំពុងសម្រាន្តលង់​​លក់​ ដោយផ្ទះ​​មាន​​​ទំហំ​​៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើពីឈើប្រក់​ស័ង្កសី តែ​មិន​បណ្តាល​ឱ្យមនុស្ស​រង​គ្រោះថ្នាក់​នោះទេ ។

ហេតុការណ៍រន្ធត់​នេះ កើតឡើង​កាលពីវេលាម៉ោង១២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៣០ មិថុនា ២០១៦ ស្ថិតនៅ​ខាងលិច​ស្ពាន​ជ្រោយ​ចង្វា ក្នុងភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វា ។ ម្ចាស់ផ្ទះ​ទី៤បាក់ស្រុត​នេះ មាន​ឈ្មោះ​ទេព វណ្ណា អាយុ​៥០​ឆ្នាំ ភេទស្រី ជាបុគ្គ​លិក​សម្អាត​ក្នុង​ទូរទស្សន៍ CTN ដោយមានម្តាយចាស់ និងកូនៗកំពុងសម្រាន្ត​នៅ​​ក្នុងផ្ទះខាងលើ​នោះ​ ។

បើតាម​ស្ត្រីចំណាស់​ជាម្តាយម្ចាស់ផ្ទះឱ្យ​ដឹងថា រូបគាត់​ហាក់​ដូចជាដឹងខ្លួន​មុន​ ដោយបាន​នាំចៅៗ​​ទៅ​ដេក​នៅ​ខាងមុខផ្ទះ ។ លុះ​នៅ​វេលា​កើត​ហេតុ ស្រាប់តែ​ផ្ទះ​​បាន​ស្រុត​បាក់​​មែន បង្កឱ្យមាន​ការភ្ញាក់​ផ្អើលទាំងយប់តែម្តង ។ 

គួរបញ្ជាក់ថា កន្លងមក​​ចាប់​តាំងពីថ្ងៃទី២៦ មិថុនា មាន​ផ្ទះ​បាក់ស្រុត​ចុះ​ជាបន្តបន្ទាប់​ ដែលគិតទាំងលើកនេះ​ គឺអស់​ចំនួន​៤ខ្នង​ហើយ ដែល​​​ក្នុង​តំបន់​នោះ​ នឹងត្រូវប្រឈម​បាក់ស្រុត​ចំនួន​២៧​ខ្នង ។ បើតាមប្រភព​ពី​​លោកស្រី ជា សំអ៊ុន ជាមេ​ភូមិឱ្យ​​ដឹងថា ការ​បាក់​​ស្រុត​ផ្ទះ​នេះ គឺ​មាន​មូ​លហេតុរបស់វា សង្ស័យ​ដោយ​សារ​​​​​ក្រុម​ហ៊ុន OCIC បាន​​បូម​ខ្សាច់ ទើបធ្វើឱ្យ​ជ្រាបចូល​ក្នុង​តំបន់​នោះ ទើប​​ធ្វើឱ្យ​​កើត​រឿង​​រ៉ាវបែបនេះ ។​