សមយុទ្ធ​ត្រីភាគី​រវាង​ទីក្រុង​សេអ៊ូល​ តូក្យូ​និង​វ៉ាស៊ីនតោន

ក្រុងសេអ៊ូល តូក្យូ និង វ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ២៨មិថុនា បានធ្វើសមយុទ្ធត្រីភាគីរួមគ្នាមួយពុំធ្លាប់ដែលមានឡើយកាលពីពេលមុនមក។ សមយុទ្ធត្រីភាគីនេះ មានគោលដៅ ដើម្បីប្រឆាំងទល់នឹងការគំរាមកំហែងវាយប្រហារមីស៊ីលពីសំណាក់កូរ៉េខាងជើង។ សមយុទ្ធត្រីភាគីនៅកណ្តាលសមុទ្ររដ្ឋហាវ៉ែ ត្រូវបានកូរ៉េខាងជើងអះអាងថា ជាការញុះញង់ចង់បង្កហេតុយោធា។

សមយុទ្ធត្រីភាគីរវាងសេអ៊ូលតូក្យូនិងវ៉ាស៊ីនតោន ម្សិលមិញនេះ ត្រូវបានប្រព្រឹត្តទៅនៅមិនដល់មួយសប្តាហ៍ផងបន្ទាប់ពីព្យុងយ៉ាង បានបាញ់សាកល្បងគ្រាប់មីស៊ីលមួយដែលអាចបាញ់បានរយៈចម្ងាយមធ្យមនិងដែលកូរ៉េខាងជើងអះអាងថា”ជាមីស៊ីលអាចធ្វើការវាយប្រហារបានទៅដល់មួលដ្ឋានយោធានានារបស់អាមេរិកនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វីក។

សមយុទ្ធនេះ មានជាអាទិ៍ “ការហាត់សមមួយដូចជា ៖ ការតាមស្ទាក់កំទេចគ្រាប់មីស៊ីលអន្តរទ្វីប ដើម្បីជាការធ្វើតេស្ត៍សាកល្បងលើប្រព័ន្ធប្រឆាំងមីស៊ីល Aegis ដែលអាមេរិកនិងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួនត្រូវប្រើប្រាស់។

ចំណែកបញ្ជាការដ្ឋាននៃកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីកវិញ បានថ្លែងបញ្ជាក់ប្រាប់ថា៖ “គ្មានគ្រាប់មីស៊ីលណាមួយត្រូវបានគេបាញ់នោះទេ ក៏ប៉ុន្តែ អ្នកចូលរួមទំាងអស់នៅក្នុងសមយុទ្ធត្រីភាគីនេះ អាចពង្រឹងបានអន្តរប្រតិបត្តិការរបស់ពួកគេ រាល់បណ្តាញទំនាក់ទំនងក៏ព្រមទាំងការប្រមូលទិន្នន័យរបស់ពួកគេផងដែរ”។

ម្យ៉ាងទៀត សារៈសំខាន់នៃការធ្វើសមយុទ្ធនេះ គឺ ដើម្បី អបអរសាទរផងដែរចំពោះការចូលរូបរួមគ្នាពីសំណាក់ជប៉ុននិងកូរ៉េខាងត្បូង ប្រទេសពីរជិតខាងគ្នា ដែលជម្លោះការទូតរវាងគ្នា ជាយូរឆ្នាំនោះ បានធ្វើឲ្យមានផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនដែលមានចេតនាចង់បង្ហាញរណសិរ្សរួបរួមគ្នាមួយដើម្បីប្រឈមតទល់ជាមួយក្រុងព្យុងយ៉ាង។

លោកឧត្តមនាវីទោ Nora Tyson, មេបញ្ជាការអាមេរិកនៃកងនាវាទី៣ វិញបានពន្យល់ប្រាប់ថា “សមយុទ្ធទាំងនេះ កាន់តែពង្រឹងខ្លាំងថែមទៀតលើទំនាក់ទំនងរវាងប្រទេសទាំង៣ដែលបានចូលរួមគ្នាក្នុងសមយុទ្ធត្រីភាគី។

ចំណែក ក្រសួងការបរទេសរបស់កូរ៉េខាងជើងវិញ បានចាត់ទុកទង្វើសមយុទ្ធរវាងជប៉ុន កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកម្សិលមិញនេះ ថាជាការញុះញង់ចង់បង្កហេតុជាថ្មីទៀតពីសំណាក់អាមេរិកដោយបានអះអាងទៀតថា “ព្យុងយ៉ាងមិនញញើតនិងក៏មិនរួញរាដែរនៅក្នុងការវាយប្រហារមីស៊ីលដើម្បីបង្កាខ្លួនទុកជាមុននៅក្នុងករណីមានការគំរាមកំហែងមកលើកូរ៉េខាងជើង។

គួររំលឹកថា ក្នុងពេលបច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល កំពុងតែពិភាក្សាគ្នាអំពីលទ្ធភាពនៅក្នុងការដាក់ពង្រាយប្រព័ន្ធខែលកំទេចម៊ីសីលរបស់អាមេរិកមួយឈ្មោះ”THAAD »នៅកូរ៉េខាងត្បូង ជាហេតុបណ្តាលឲ្យចិនមានការព្រួយបារម្ភក្នុងចិត្តមិនតិចឡើយ ៕

ប្រភពៈ RFI