បុរសវ័យចំណាស់ម្នាក់ ផឹកទឹកនោមខ្លួនឯង អស់រយៈពេល២៣ឆ្នាំ ថាជួយព្យាលជំងឺច្រើនមុខ

ចិន៖ តើទឹកនោមពិតជាផ្តល់ឲ្យយើង នូវសុខភាពល្អ អាចព្យាបាលជំងឺបានមែនទេ? ជាធម្មតា មនុស្សទូទៅ ចូលចិត្តពិសាទឹកក្រូចស្រស់ ឬក៏ទឹកធម្មតា នៅពេលដែលពួកគេ ចង់ថែរក្សាស្បែក និងសុខភាព ប៉ុន្តែពិតជារឿងដ៏គួរឲ្យចម្លែកមួយ ព្រោះថានៅប្រទេសចិនឯណោះវិញ បុរសវ័យចំណាស់ម្នាក់ ជឿជាក់ថាផឹកទឹកនោម ផ្តល់នូវប្រយោជន៍យ៉ាងច្រើន ទៅដល់សុខភាពទៅវិញ។

បើតាមប្រភពបានឲ្យដឹងថា បុរសវ័យចំណាស់ជនជាតិចិនម្នាក់ រស់នៅក្នុងទីក្រុង Chengdu ខេត្ត Sichuan ដែលជាប្រធាននាយកគ្រប់គ្រងនៃសមាគមន៍ព្យាបាលជំងឺដោយទឹកនោម ឬហៅថា “China Urine Therapy Association” បានប្រាប់មកកាន់សារព័ត៌មានឲ្យដឹងថា រូបគាត់បានផឹកទឹកនោមខ្លួនឯង អស់រយៈពេលជាង ២៣ឆ្នាំទៅហើយ តាំងពីគាត់មានអាយុ ៤៨ឆ្នាំមកម៉្លេះ។

លោកបន្តថា ទឹកនោមអាចជួយព្យាបាលជំងឺបានជាច្រើនមុខដូចជា បញ្ហាឈឺឆ្អឹងខ្នង ជំងឺហើមសួត និងអាចព្យាបាលជំងឺស្រវាំងភ្នែកបានយ៉ាងល្អផងដែរ។

បុរសចំណាស់រូបនេះ បានសារភាពប្រាប់ថា គាត់ពិតជាឈ្លក់វង្វេង នឹងការផឹកទឹកនោមខ្លួនឯង រហូតធ្វើឲ្យកូនស្រីរបស់គាត់ ចង់ផ្តាច់ទំនាក់ទំនងជាមួយនឹងគាត់ថែមទៀតផង។ បុរសវ័យចំណាស់រូបនេះ បានឲ្យដឹងបន្តទៀតថា៖ ជាទម្លាប់របស់គាត់ ជារៀងរាល់ថ្ងៃ គាត់តែងក្រោកពីគេងនៅចន្លោះម៉ោងប្រមាណជា ៥ទៅ៦ព្រឹក។ ហើយគាត់បានយកទឹកនោម ដែលបានដាក់ត្រាំជាមួយនឹងផ្លែស្លាមួយគីឡូ ក្នុងក្រឡព័រសឺឡែន ទុកចោលមួយយប់នោះមកពិសា។

«ខ្ញុំផឹកទឹកនោមរបស់ខ្ញុំ ក្នុងចំណុះដបកន្លះលីត្រ ទៅមួយលីត្រ ដោយផឹកវា ពី៥ទៅ៦ដងក្នុងមួយថ្ងៃ ហើយទឹកនោមរបស់ខ្ញុំមានរសជាតិជូរតិចៗ។

ទន្ទឹមនឹងនោះផងដែរ នៅពេលដែលមានគេសួរគាត់ថា មូលហេតុអី្វបានជាគាត់ផឹកទឹកនោមដូច្នេះ គាត់បានពន្យល់ប្រាប់ទៅគេវិញថា កាលណោះនៅក្នុងឆ្នាំ១៩៩៣ មានយុទ្ធនាការឃោសនាមួយ ទាក់ទងទៅនឹងការព្យាបាលជំងឺដោយទឹកនោម។ ក្រោយមករូបគាត់ក៏បានទិញសៀវភៅ ដែលទាក់ទងទៅនឹងប្រធានបទមួយនោះ ក្នុងតម្លៃ ១ដុល្លារជាង ហើយក្រោយមកគាត់បានអានវាដើម្បីធ្វើការស្វែងយល់។ ក្រោយពីអានចប់៣ដង យ៉ាងយកចិត្តទុកដាក់រួចមក រូបគាត់ក៏បានសាកល្បងធ្វើតាមវិធីសាស្រ្តណែនាំនោះ ដោយផឹកទឹកនោមរបស់ខ្លួនឯង។

គាត់បានអះអាងថា ក្រោយពីបានផឹកអស់រយៈពេល ៣ខែមក ធ្វើឲ្យភ្នែករបស់គាត់ភ្លឺ ហើយគាត់ក៏លែងត្រូវការពាក់វ៉ែនតាដូចមុនដែរ។ បុរសចំណាស់នេះអះអាងម្តងហើយម្តងទៀតថា ទឹកនោមពិតជាធ្វើឲ្យគាត់មានសុខភាពល្អមែន។

ទោះបីជាយ៉ាងណា បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Wang Xiaodong នៅមន្ទីរពេទ្យ Chengdu First People បានឲ្យដឹងថា ការផឹកទឹកនោមដើម្បីកែរោគនេះ មិនមែនជារឿងល្អសម្រាប់អ្នកជំងឺឡើយ ព្រោះទឹកនោមមានផ្ទុកទៅដោយ កាកសំណល់ដែលត្រូវបញ្ចេញចោលរបស់មនុស្ស ដែលវាមិនមែនជាប្រយោជន៍ដល់សុខភាពទាំងស្រុងនោះទេ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ប្រាប់ថា ក៏មានគុណសម្បត្តិ នៃការទទួលទានផឹកទឹកនោមនេះផងដែរ ដែលបានចែងទុកក្នុងសៀវភៅបុរាណចិន ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែង ឬត្រឹមត្រូវណាមួយបញ្ជាក់ថា គុណសម្បត្តិទាំងអស់នោះគឺ ពិតជាមានប្រសិទ្ធិភាព ឬត្រឹមត្រូវនោះទេ។

ស្របពេលដែលអ្នកជំនាញម្នាក់ទៀត មកពីខាងមន្ទីរពេទ្យមួយនៅភាគខាងលិចប្រទេសចិន បានបន្ថែមថា នៅក្នុងទឹកនោមក៏មានផ្ទុក នូវសារធាតុគីមីម្យ៉ាងហៅថា Urokinase ដែលល្អសម្រាប់សុខភាពផងដែរ ប៉ុន្តែវាមិនងាយស្រួលក្នុងការទាញយក សារធាតុគីមីនោះពីទឹកនោមឡើយ ៕

តើសម្រាប់ប្រិយវិញយល់យ៉ាងណាដែរ?

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសវ័យចំណាស់ម្នាក់ ផឹកទឹកនោមខ្លួនឯង អស់រយៈពេល២៣ឆ្នាំ ថាជួយព្យាលជំងឺច្រើនមុខ

បុរសវ័យចំណាស់ម្នាក់ ផឹកទឹកនោមខ្លួនឯង អស់រយៈពេល២៣ឆ្នាំ ថាជួយព្យាលជំងឺច្រើនមុខ

បុរសវ័យចំណាស់ម្នាក់ ផឹកទឹកនោមខ្លួនឯង អស់រយៈពេល២៣ឆ្នាំ ថាជួយព្យាលជំងឺច្រើនមុខ