ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​។ ក៏ប៉ុន្តែ​យូរៗ​ម្តង​ទំនងជា​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ ហើយ​បង្ហាញ​ពី​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ​។ ក្នុងនោះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

កាលពី​វេលា​ម៉ោង​៨​និង​១៨​នាទី​យប់ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ រថយន្ត​កាម​រិ​បា​ឡែ​ន​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-1365 ដែល​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាច្រើន​ដុំ​ចេញពី​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ទៅ​ខេត្តរតនគិរី ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧៨១​ធ្វើការ​បង្ក្រាបបាន​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​នោះ​ធ្វើ​នៅ​ចំណុច​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ហើយ​សមត្ថកិច្ច​បានរ​ក​ឃើញ​ស្លាក​លេខ​១​ទៀត​នៅក្នុង​រថយន្ត​ដដែល​នោះ គឺ​ស្លាក​លេខ​ភ្នំពេញ​2Z-6061​។ នៅពេល​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​៧៨១​បង្ក្រាប​រថយន្ត​កាមរី​បា​ឡែ​ន​ដឹកឈើ​ធ្នង់​នោះ អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​ប្រកបដោយ​សុវត្ថិភាព​។

ទោះជា​យ៉ាងណា​ប្រភពពី​សមត្ថកិច្ច​អាវុធហត្ថ​ស្នាក់ការ​៧៨១​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ដឹកឈើ​ខាងលើ​ឈ្មោះ ស្រី​ណែ​ត ដែលជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ស្រុក​កូន​មុំ និង​ស្រុក​ផ្សេងៗ​ចូល​ក្រុង​បាន​លុង ហើយ​បន្ត​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​បង្ក្រាប​ទេ គឺ​មានតែ​កម្លាំង​អាវុធហត្ថ​បង្ក្រាប​នៅ​ចំណុច​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ កាលពី​យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​លើ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត នៅតែ​អាច​បន្ត​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

WAT-3006 WAT-3006a WAT-3006b