លឿន​ពេក​ហើយ ! CBR បុក​គោ​ប្រកាច់​ងាប់​ភ្លាម​ៗ

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ធំ​យ៉ាង​លឿន ស្រាប់តែ​មាន​គោ​ដើរ​ឆ្លងកាត់​ថ្នល់ជាតិ​ក៏​បុក​បណ្ដាល​ឲ្យ​គោ​១​ក្បាល​ប្រកាច់​ងាប់​ភ្លាម​ៗ ចំណែក​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​សន្លប់​ស្តូកស្តឹង​ក្បែរ​ម៉ូតូ​ដែរ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ។

ទាក់ទិន​ករណី​ជិះ​ម៉ូតូ​បុក​សត្វ​គោ​នេះ លោក​អនុសេនីយ៍ឯក ភិ​រម្យ នាយ​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បា​វិត បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ សុភ​គ្រ័ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​២ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក CBR ម្នាក់ឯង​មក​ពី​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​១​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​គោលបំណង​មក​លេង​ផ្ទះ​បងប្អូន​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​ក៏​ប៉ុន្តែ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​មាន​សត្វ​គោ​២-៣​ក្បាល​ដើរ​ឆ្លងថ្នល់​ជាតិ​លេខ​១​ពី​ត្បូង​មក​ជើង​កាត់​ទទឹង​ផ្លូវ ម្យ៉ាង​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​កំពុង​មាន​ល្បឿន​លឿន​ផង​នោះ​ចាប់​ហ្វាំ​ង​មិន​ទាន់​ក៏​បុក​គោ​ឈ្មោល​១​ក្បាល​ពេញទំហឹង បណ្តាល​ឲ្យ​គោ​១​ក្បាល​នោះ​ប្រកាច់​ងាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង រីឯ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់​រង​របួស​ក្បាល​ធ្ងន់ធ្ងរ សន្លប់​នៅ​ក្បែ​ម៉ូតូ ។

ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ក្រុម​គ្រូពេទ្យ​ក៏​បញ្ជូន​ជន​រង​គ្រោះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ​បន្ត រីឯ​ម៉ូតូ និង សត្វ​គោ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ដើម្បី​រក​ម្ចាស់​គោ​ឲ្យ​មក​ទទួលខុសត្រូវ ដោយ​ម្ចាស់​គោ​ធ្វេសប្រហែស​ព្រ​លែងគោ​ចោល​គ្មាន​ការ​ទទួលខុសត្រូវ ៕