ក្រឡេកមើល​ក្រុងសៀមរាប ក្រោយ​​​ភ្លៀង​មួយ​មេ​ធំ

ខេត្តសៀមរាប ​៖ ភ្លៀង​មួយ​មេ​ធំ​ ចាប់តាំងពី​ម៉ោង១២​ថ្ងៃត្រង់ រហូត​ដល់​ម៉ោង​ជិត​៥​ល្ងាចថ្ងៃទី២៩ មិថុនា ២០១៦ បណ្តាល​ឱ្យ​នៅ​តាម​ផ្លូវ​មួយ​ចំនួន​​ក្នុង​ក្រុង​សៀមរាប ​ដូច​ជា​​ម្តុំ​ផ្សារ​កណ្តាល,​​ ពេទ្យ​កុមារ​, ផ្សារ​ចាស់ និង​នៅ​តាម​ផ្លូវ​មួយ​ចំនួន​ ​ត្រូវ​បាន​ទឹក​ជន់​​លិច រហូត​​មាន​ម៉ូតូ​រលត់​​នាំ​គ្នា​អូស​ជា​បន្ត​បន្ទាប់ ព្រោះ​ផ្លូវ​មួយ​ចំនួន​ ពុំ​ទាន់​មាន​លូ ហើយ​ផ្លូវ​ដែល​មាន​​លូ បែ​រ​ជា​ហូរ​មិន​ទាន់​ទៅ​វិញ​ ។

ជុំវិញ​ករណី​​នេះ​ លោក​សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​​​តាម​ទូរស័ព្ទ​វេលាម៉ោង០៦ថ្ងៃដដែល​ថា ​ករណី​ស្ទះលូ​ នៅ​តាម​បណ្តាយ​​ផ្លូវ​មួយ​ចំនួន​​ក្នុង​ក្រុង​សៀមរាប ​បណ្តាល​​មក​ពី​ស្ទះ​សំរាម ​និង​មាន​​ដី​​ហូរ​​ចូល​ ។ ដល់​ពេល​មាន​ភ្លៀង​ម្តង​ៗ​ តែងតែ​ហូរ​មិន​ទាន់ ដូច្នេះ លោក​នឹង​សហការ​ជាមួយ​ខាង​សាធារណការផ្នែក​ខាង​លូ ដើម្បី​ធ្វើការ​កាយ​ចេញ​កុំឱ្យ​មាន​ភ្លៀង​ថ្ងៃ​ក្រោយ​ស្ទះ​ដូច​ថ្ងៃនេះ​ ។​

ចំណែក​នៅ​តាម​ផ្លូវវត្ត​ដំណាក់ ​ក្នុង​សង្កាត់​សាលា​កំរើក​វិញ គឺ​បណ្តាល​មក​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើ​ខ្ពស់​​ជាង​ផ្លូវ ដូច្នេះ លោក​ត្រូវ​តែ​ចុះ​សហការ​ជាមួយ​ខាង​មន្ទីរ​ធនធានទឹក និង​មន្ទីរ​សាធារណការ ដើម្បី​រៀបចំ​ថា តើ​ត្រូវ​វាយ​ចោល ឬ​ធ្វើ​យ៉ាងណា ដើម្បី​កុំឱ្យ​មាន​ភ្លៀង​​ម្តង​ៗ វា​ហូរ​មិន​ទាន់? ​

គួរ​បញ្ជាក់​​​ថា បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប បាន​ធ្វើការ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ថា ឱ្យ​តែ​មាន​ភ្លៀង​ម្តង​ៗ មិន​ថា ធំ ឬ​តូច​ទេ នៅ​តាម​ផ្លូវ​ជុំវិញ​ក្នុង​ក្រុង​សៀមរាប តែងតែមានទឹក​លិច​ជា​រៀង​រាល់ដង រហូត​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​​ធ្វើ​ដំណើរណាស់​ នៅ​ពេល​មាន​ភ្លៀង​ម្តង​ៗ ។ ​