ដដែល​ជា​ដដែល ! មិន​​គួរហូប​ត្រីក្រពត​ទេ​ ចុងក្រោយ​មិន​អាច​ត្រឡប់

ខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​ឈ្មោះ​ធ គឹ​ម​លី អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រលួស ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ បាន​កើត​អាកា​រៈ​ក្អួត​ចង្អោរ និង​អស់កម្លាំង​ជា​ខ្លាំង ដោយសារ​តែ​ហូប​ត្រី​ក្រពត​បណ្តាល​ឱ្យ​ពុល ហើយ​ត្រូវ​កូន​និង​អ្នក​ជិតខាង​ជួយ​នាំ​ទៅ​សង្គ្រោះ តែ​ជា​អកុសល​នៅ​មិន​អាច​សង្គ្រោះ​បាន ស្ត្រី​រូប​នោះ​បាន​ស្លាប់​គួរ​ឱ្យ​សង្វេគ ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៩ មិថុនា ២០១៦  ។ ចំណែក​លោក​ឡុ​ង សម័យ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​បាក់​ឱ្យ​ដឹង​ថា អ្នក​ភូមិ​ព្រែក​រលួស​នាំ​គ្នា​ចេញ​ទៅ​រក​ត្រី​នៅ​បឹង​ក្រោយ​ភូមិ ដោយ​បាន​ត្រី​ជា​ច្រើន​យក​ត្រឡប់​មក​ផ្ទះ​វិញ ។ ហើយ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​គឹ​ម​លី បាន​ទៅ​ចែក​ទិញ​ត្រី​ក្រពត​ពី​គេ តែ​មិនដឹង​ប៉ុន្មាន​ក្បាល​ទេ ដោយ​យក​មក​ប្រឡាក់​អាំង​ទទួលទាន​នៅ​ល្ងាច​ថ្ងៃ​ខាងលើ​តែ​ម្នាក់ឯង ។

លោក​បន្ត​ថា នៅ​ពេល​ដែល​ស្ត្រី​នោះ​កំពុង​តែ​ហូប​ជាមួយ​បាយ​នៅ​លើ​ផ្ទះ ស្រាប់តែ​កើត​អាកា​រៈ​ក្អួតចង្អោរ និង​ទន់​ដៃជើង កូន​ម្នាក់​ដែល​នៅ​ជាមួយ​បាន​ស្រែកហៅ​អ្នក​ជិតខាង​ឱ្យ​ជួយ តែ​មិន​អាច​ជួយ​បាន​នោះ​ទេ ។ សូ​ម្បី​តែ​យក​មក​សង្គ្រោះ​នៅ​មន្ទីរ ក៏​មិន​ទាន់​ទៀត គឺ​ស្លាប់​តែ​ម្តង ។ ក្នុង​ពេល​កើតហេតុ ប្តី​មិន​បាន​នៅផ្ទះ​ទេ ដោយ​ចេញ​ទៅ​ធ្វើការ​បាត់ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ចំពោះ​ត្រី​ក្រពត​ដែល​ពុល គឺ​មាន​សណ្ឋាន​ដូច​ជា
១-​​លើ​ខ្លួន​មាន​ស្នាម​អុច​ធំ​ៗ ២-​លើ​ខ្លួន​មាន​អុច​ពណ៌​បៃតង ៣-​មាន​ភ្នែក​ក្រហម និង​ប្រភេទ​កូសាំងស៊ីន ។ ដូច្នេះ នៅ​ពេល​បងប្អូន​ប្រជា​នេសាទ​បាន​នៅ​ទីណា​ក៏​ដោយ មិន​ត្រូវ​យក​មក​ទទួលទាន​នោះ​ទេ ព្រោះ​វា​គ្រោះថ្នាក់​ណាស់ គឺ​បណ្តាល​ឱ្យ​យើង​ស្លាប់​ដូច​ស្ត្រី​រង​គ្រោះ​ចឹ​ង ។