មិន​ចាប់​ មកពី​មើលមិន​ឃើញ?

ខេត្តប៉ៃលិន ៖ ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចុះ​ឆ្មក់​ចូល​បង្ក្រាប​​ចាប់​ក្រុម​ស្ត្រី​ញៀន​​​ល្បែងស៊ីសង​ជា​ច្រើន​នាក់ យក​ទៅ​អប់រំ និង​ផាកពិន័យ​ឱ្យ​​រាងចាល ​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ស្រប​ពេល​ដែល​មាន​​​ក្រុម​បុរស​-ស្ត្រី​ញៀ​ន​​​​ល្បែ​ង​ស៊ីសង​ជា​ច្រើន​នាក់​​ទៀត ទាំង​ប្រជាពលរដ្ឋ​សាមញ្ញ និង​មន្ត្រីរាជការ ក៏​លេង​ដែរ ស្ថិត​នៅ​ចំណុច​ខាង​ក្រោយ​​សួន​មនោ​រម្យ ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន អត់​ទាន់​ឃើញ​​មាន​នគរបាល​ណា​ម្នាក់ ចុះ​ទៅ​បង្ក្រាប​​ឡើយ ដោយ​បាន​​បើកដៃ​ឱ្យ​លេង​យ៉ាង​គគ្រឹក​គគ្រេង​ ។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ​មិថុនា ​​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​របស់​ម្ចាស់​ឈ្មោះ​ឆៃ សា​រិ​ន ភេទ​ស្រី ស្ថិត​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក​វ​សេនីយ៍​ត្រី មាស
សុ​ផុ​ន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ។

ប្រភព​​​ឱ្យ​ដឹង​ថា ដោយសារ​តែ​ឃើញ​មាន​ក្រុម​ស្រី​ៗនាំ​គ្នា​លេងល្បែង​ស៊ីសង​យ៉ាង​គ​គ្រឹកគគ្រេង នៅ​ក្នុងផ្ទះ​របស់​ស្ត្រី​ខាងលើ ទើប​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឆ្មក់​ចុះ​ធ្វើការ​បង្ក្រាប​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​អស់នោះ​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​តែ​ម្តង ។

ប្រភព​បន្ត​ទៀតថា ក្រោយ​ពី​សាកសួរ​រួច​មក ក៏​បាន​ធ្វើការ​ថតរូប ពន្យល់​អប់រំ​ណែនាំ និង​ដំ​​ឡើ​ងមុខសញ្ញា ធ្វើ​កិច្ចសន្យា​រាងចាល ដោយ​តម្រូវ​ឱ្យ​​មាន​អ្នក​ធានា ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ។ ប្រភព​ដដែល​បន្ត​​​ថា ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​លេងល្បែង​នេះ គេឃើញ​មាន​អ្នកខ្លះ​រត់​ចោល​កូន អ្នកខ្លះ​ទៀត ​រត់​ចូល​ក្នុង​ព្រៃ និង​ផ្លោះ​របង​ផ្ទះ​អ្នក​ភូមិ បង្ក​ការ​ភ្ញាក់ផ្អើល​ផង​ដែរ ។

តាម​ការ​កត់​សម្គាល់​ កន្លែង​ខ្លះ​ចាប់ កន្លែង​ខ្លះ​មិន​ចាប់ សង្ស័យ​មើល​មិន​ឃើញ​ ។​