កម្ពុជា​ចំណេញ​​អ្វី​ខ្លះ​ពី​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ MCT?

គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) នឹងបង្កើនល្បឿនអ៊ីនធឺណិតនៅកម្ពុជា ព្រមទាំងពង្រីកការតភ្ជាប់បណ្តាញរវាងកម្ពុជា និងពិភពលោក។ នេះបើយោងតាមលោក Mohamad Izani Bin Karim បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Telekom Malaysia ។

នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗជាមួយសារព័ត៌មានពាណិជ្ជកម្ម Telecom Asia លោក Izani Bin Karim នាយកគ្រប់គ្រងទូទៅផ្នែក Carrier Network Development for Global & Wholesale របស់ក្រុមហ៊ុន Telekom Malaysia បានលើកឡើងអំពីសារៈសំខាន់នៃខ្សែកាប្លិ៍ក្រោមបាតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងជាពិសេសកម្ពុជាដែលរហូតមកទល់ពេលនេះហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅមានកម្រិតទាបនៅឡើយ។

កម្ពុជា​ចំណេញ​​អ្វី​ខ្លះ​ពី​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ MCT?

លោក Izani Bin Karim បន្តថា៖ “កម្ពុជាកំពុងពឹងផ្អែកយ៉ាងខ្លាំងលើបណ្តាញលើដីគោក ដោយសារកម្ពុជាត្រូវឆ្លងកាត់វៀតណាម ឬថៃ ដើម្បីតភ្ជាប់ជាមួយពិភពលោក ព្រមទាំងការទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប។ ដូច្នេះ កម្ពុជានៅមានភាពយឺតយ៉ាវ បើធៀបនឹងប្រទេសផ្សេងៗក្នុងតំបន់នេះ។

ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT មិនត្រឹមតែភ្ជាប់បណ្តាញចូលមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបណ្តាញសាកល្បងមួយដែលតភ្ជាប់ទៅកាន់ឡាវ និង មីយ៉ាន់ម៉ា ដែលបណ្តាញនេះតភ្ជាប់ជាមួយថៃ និងវៀតណាម”។

ក្រុមហ៊ុន Telcotech ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា Ezecom គឺជាសមាជិកដ៏សំខាន់មួយរបស់សម្ព័ន្ធក្រុមហ៊ុនដែលនៅពីក្រោយគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT រួមជាមួយនឹងក្រុមហ៊ុន Telekom Malaysia និងក្រុមហ៊ុន Symphony Communications របស់ថៃ។

លោក Yves Schaeffer អគ្គនាយកក្រុមហ៊ុន Ezecom ថ្លែងថា៖ “ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសនៅទូទាំងតំបន់ ដោយកម្ពុជានឹងមានភាពងាយស្រួលជាងមុនក្នុងការតភ្ជាប់បណ្ដាញជាមួយប្រទេសជិតខាង និងពង្រីកការតភ្ជាប់បណ្តាញទៅកាន់ពិភពលោក។ ខណៈដែលសហគមន៍អាស៊ានកាន់តែរីកធំឡើង ប្រព័ន្ធខ្សែកាប្លិ៍នេះនឹងបើកឱកាសកាន់តែប្រសើរថែមទៀតសម្រាប់ទំនាក់ទំនង ការផ្លាស់ប្តូរវប្បធម៌ ដៃគូអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ”។

ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើង ដើម្បីបម្រើតម្រូវការរបស់បណ្តាសហគ្រាសអាជីវកម្មទាំងឡាយ ព្រមទាំងអ្នកប្រើប្រាស់នៅតាមគេហដ្ឋានដែលកំពុងមានតម្រូវការកើនឡើងយ៉ាងឆាប់រហ័សក្នុងទីផ្សារកម្ពុជា។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០០៧ Ezecom បានក្លាយខ្លួនជាអ្នកនាំមុខគេមួយក្នុងការផ្គត់ផ្គង់សេវាកម្មផ្នែកទំនាក់ទំនងថ្មីៗយ៉ាងសម្បូរបែប។ Ezecom ផ្តល់នូវសេវាខ្សែកាប្លិ៍អុបទិក ទំនាក់ទំនងជាសំឡេងតាមអ៊ីនធឺណិត (VoIP) ការតភ្ជាប់ក្នុងស្រុក (VPN) និងដំណោះស្រាយតាមអ៊ីនធឺណិត និងទូរគមនាគមន៍ដទៃទៀត។ Ezecom បានទិញយកក្រុមហ៊ុនខ្សែកាប្លិ៍អុបទិក Telcotech ដែលនឹងនាំមកនូវសេវាអ៊ីនធឺណិតមានល្បឿនលឿន និងទុកចិត្តបំផុតមកកាន់កម្ពុជានៅឆ្នាំក្រោយនេះ តាមរយៈការបង្កើតខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)៕

ប្រភព៖ sabay

  • កម្ពុជា​ចំណេញ​​អ្វី​ខ្លះ​ពី​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ MCT?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: