ប៉ង​រំលោភ​អ្នកគ្រូ​ពេទ្យ​នៅ​លើ​ផ្ទះ​ទាំង​ព្រឹក

ប៉ង​រំលោភ​អ្នកគ្រូ​ពេទ្យ​នៅ​លើ​ផ្ទះ​ទាំង​ព្រឹក



ខេត្តព្រះវិហារ ៖ បុរស​គម្រក់​ម្នាក់ រស់នៅ​ឃុំ​ត្បែង​២ ស្រុក​គូលែន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ជន​នេះ ជាប់ចោទ​ពី​បទ​ប៉ង​ចាប់រំលោភ​សេពសន្ថវៈ​លើ​អ្នកគ្រូ​ពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព​ឃុំ​ទាំង​ព្រឹក​ព្រលឹម​កាលពី​ថ្ងៃ​ទី​២៨ មិថុនា តែ​ទោះជា​បែប​ណា ការ​ប៉ុនប៉ង​ដ៏​លាមក​នេះ មិន​បាន​សម្រេច​នោះ​ទេ​ដោយ​ត្រូវ​អ្នកគ្រូ​ពេទ្យ​រូប​នោះ​ធាក់​ទម្លាក់​ពីលើ​ផ្ទះ ។

តាម​មន្ត្រី​សមត្ថកិច្ច​ដែល​ស្រង់​សម្តី​ស្ត្រី​រង​គ្រោះ​អាយុ​២៨​ឆ្នាំ បាន​ប្រាប់​ថា មាន​អ្នក​រស់នៅ​ផ្ទះ​ក្បែរ​គ្នា​បាន​ប៉ង​ចាប់​គាត់​រំលោភ ខណៈ​ពេល​ដែល​សាច់ញាតិ​មិន​នៅផ្ទះ ។ ទទួល​បាន​ដំណឹង​នេះ​ភ្លាម សមត្ថកិច្ច​ក៏​បាន​រួសរាន់​ចាត់វិធានការ​ជា​បន្ទាន់​ដែរ ។

ប្រភព​បាន​បន្ត​ថា ជនជាប់ចោទ​ឈ្មោះ​ហូ សា​រ៉េ​ត អាយុ​៣៣​ឆ្នាំ បាន​លួច​ឡើង​មក​លើ​ផ្ទះ​អ្នកគ្រូ​ពេទ្យ ហើយ​ប៉ង​ចាប់រំលោភ​សេពសន្ថវៈ ដោយ​បាន​យក​កាំបិត​ចុង​ស្រួច​មក​គំរាម​ចាក់​សម្លាប់​រូប​នាង​ដោយ​ព្រមាន​កុំ​ឲ្យ​ស្រែក ។ តែ​ពេល​នោះ​អ្នកគ្រូ​ពេទ្យ​មិន​ស្លុត​អារម្មណ៍​ទេ ក៏​បាន​លោត​ធាក់​ទៅ​លើ​ជន​ល្មោភកាម​នោះ​មួយ​ជើង​ចំ​ដើមទ្រូង រួច​ប្រវាយប្រតប់​គ្នា​យក​ម៉ា​ឈ្នះ​រៀងខ្លួន ។ ខណៈ​ស្ថានភាព​មិន​អំណោយផល ម្យ៉ា​ង​ខ្លាច​ផ្អើល​ដល់​អ្នកស្រុក​ផង ជន​គម្រក់​នោះ ក៏​បាន​លោត​ចុះពីលើផ្ទះ​របស់​អ្នកគ្រូ​ពេទ្យ​ទាំង​ភ្នែក​នៅ​កញ្ចឹងក ហើយរ​ត់ទៅ​ផ្ទះ​របស់​ខ្លួន​ដែល​នៅ​ក្បែរ​នោះ​សម្ងំ​ឈឹង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម អ្នកគ្រូ​ពេទ្យ​បាន​មក​កាន់​ប៉ុ​ស្តិ៍​នគរបាល​ឃុំ​ត្បែង​២ ដាក់​ពាក្យបណ្តឹង ហើយ​សមត្ថកិច្ច​ក៏​បាន​ចាត់វិធានការ​ភ្លាម​ៗ ចាប់​ជនជាប់ចោទ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន ។

តាម​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​ឈ្មោះ​ហូ សា​រ៉េ​ត បានប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រើ​កាំបិត​គំរាម​ស្ត្រី​រង​គ្រោះ​ប្រាកដ​មែន ។ ការ​យក​កាំបិត​មក​ភ្ជង់​គំរាម​នេះ គឺ​ខ្លួន​មាន​បំណង​ចាប់រំលោភ តែ​មិន​បាន​សម្រេច​ដោយសារ​តែ​អ្នកគ្រូ​ពេទ្យ​នោះ​មិន ចាញ់​សម្លុត ហើយ​ស្ទុះ​មក​តតាំង​ជាមួយ​ខ្លួន ។ បុរស​អគតិ​នោះ​ត្រូវ​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​បញ្ជូន​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា សម្រាប់​អ្នកគ្រូ​ពេទ្យ​ដែល​ស្ទើរតែ​ក្លាយជា​ចំណី​តណ្ហា​របស់​ជន​គម្រក់​រូប​នេះ គឺ​ទើបតែ​រៀប​ការ​បាន​៣​ខែ​ប៉ុណ្ណោះ ចំណែក​ជនជាប់ចោទ​ជា​បុរស​នៅ​លីវ​មិន​ទាន់​មាន​ប្រពន្ធ​កូន​នោះ​ទេ ៕