2​នាក់​ជនជាតិ​ឡាវ​និង​ខ្មែរ​នាំ​គ្រឿងញៀន​រាប់​គីឡូ​ពី​ស្ទឹង​ត្រែង

2​នាក់​ជនជាតិ​ឡាវ​និង​ខ្មែរ​នាំ​គ្រឿងញៀន​រាប់​គីឡូ​ពី​ស្ទឹង​ត្រែង



រាជធានី​ភ្នំពេញ ៖ ជនជាតិ​ឡាវ​ម្នាក់​និង​ជនជាតិ​ខ្មែរ​ម្នាក់ បាន​ត្រូវ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន​ពេល​ពួក​គេ​ព្យាយាម​លួច​នាំ​គ្រឿងញៀន​ជា​ច្រើន​គីឡូក្រាម​តាម​រថយន្តឈ្នួល​ពី​ខេត្តស្ទឹងត្រែង​ចូល​មក​រាជធានី​ភ្នំពេញ ។ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ជាក់ស្តែង​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា នៅ​ផ្លូវ​លេខ​៤៧​ក្បែរ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ដែរ នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ថា​មាន​រថយន្តឈ្នួល​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2Z 7039 ដឹក​អ្នកដំណើរ​ពី​ស្ទឹង​ត្រែង​មក​ភ្នំពេញ បាន​ដឹក​មេខ្លោង​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់​ផង ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ ពេល​រថយន្តឈ្នួល​មួយ​គ្រឿង​នោះ​មក​ដល់​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​តាម​ផ្លូវ​លេខ​៤៧ កម្លាំង​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដែល​ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន និង​ខ្លះ​ទៀត​ស្លៀកពាក់​ស៊ី​វិល​ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី​គ្រប់​ដៃ បាន​បង្ក្រាប​ជាក់​ស្តែ​នៅ​ទីនោះ​តែ​ម្តង ដោយ​ឃាត់ខ្លួន​អ្នកបើកបរ​ចាប់​វ៉ៃ​ខ្នោះ​ឲ្យ​ដេក​ក្រាប​នៅ​ក្បែរ​រថយន្ត​របស់​ខ្លួន ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ចំណែក​ជនជាតិ​ឡាវ​ម្នាក់​ដែល​ជា​មុខសញ្ញា​គ្រឿងញៀន​បាន​ព្យាយាម​រត់​ចេញពី​ក្នុង​រថយន្តឈ្នួល​១​គ្រឿង​នោះ ចូល​បរិវេណ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ​តាម​ប្រមាញ់​ចាប់​បាន​ភ្លាម​ៗ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​០៤​កញ្ចប់​ធំ​ៗ គឺ​មាន​ច្រើន​គីឡូក្រាម​រួម​ទាំង​ម៉ា​ទឹកកក​ប្រហែលជា​ជិត​២​គីឡូ​ថែម​ទៀត ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ ដែរ ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង​ជនជាតិ​ឡាវ និង​ខ្មែរ​ជា​អ្នកបើកបរ​រថ​ឈ្នួល​រូប​នេះ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដើម្បី​ស្រាវជ្រាវ​រក​មេខ្លោង​ធំ​ដែល​ពួក​គេ​នាំ​មក​ដោះ​ដូរ​នេះ​៕